ដោយៈវឌ្ឍនៈ
ភ្នំពេញៈ កាលពីប៉ុន្មានឆ្នាំមុន បើនិយាយពីទីដីឡូត៏គឺមានការរីកចម្រើន និងសន្ទុះខ្លាំង ដោយប្រជាពលរដ្ឋជាច្រើនបាននាំគ្នាទិញដីឡូត៏ ដើម្បីសាងសង់ផ្ទះស្នាក់នៅផ្ទាល់ខ្លួន។
ប៉ុន្តែចូលមកដល់បច្ចុប្បន្ននេះ ដោយសារតែអ្នកអភិវឌ្ឍដីឡូត៏មួយចំនួន បានធ្វើ ឱ្យខូចទីផ្សារធ្វើអតិថិជន ក៏បង្វែទៅរកទិញផ្ទះសម្រាប់ស្នាក់នៅវិញ ហើយធនាគារជាច្រើន ក៏បានគាំទ្រដល់ម្ចាស់គម្រោងអភិវឌ្ឍន៍លំនៅឋាន សម្រាប់អតិថិជនបង់រំលស់ផងដែរ។
-->

លោកឧកញ៉ានួន រឹទ្ធីអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានផ្ដល់បទសម្ភាសន៍ជាមួយ Property Area ឱ្យដឹងថា កាលពីមុនកូវីដ១៩ គឺប្រហាក់ប្រហែលពីរបីឆ្នាំមុនជាសម័យកាលដីឡូត៏ពុះកញ្ច្រោលខ្លាំង ហើយម្នាក់ៗក៏សម្រុកទិញដីឡូត៏ ពីអ្នកអភិវឌ្ឍន៍ ប៉ុន្តែមកដល់បរិបទនេះគឺផ្ដោតទៅផ្ទះសំបែង។
លោកថា “ការអភិវឌ្ឍផ្ទះសំបែង ក៏ទទួលបានការគាំទ្រពីធនាគារជាច្រើន ហើយធនាគារខ្លះ បានផ្ដល់ហិរញ្ញប្បទានដល់អតិថិជនទិញផ្ទះ ដល់ទៅ៨០ភាគរយ ឬដល់៩០ភាគរយ អាស្រ័យលើលទ្ធភាពអតិថិជនទិញផ្ទះនិងបង់ប្រចាំខែ”។
លោកឧកញ៉ាបន្តថា ការទិញផ្ទះ គឺអ្នកទិញផ្ទះបានទាំងដីបានទាំងផ្ទះ ជាពិសេសនោះគឺគ្រប់គ្រាន់ទៅតាមផ្លូវច្បាប់ផងដែរ ពីព្រោះបើគ្មានច្បាប់អនុញ្ញាត ក្នុងការសាងសង់ទេ អ្នកសាងសង់ប្រាកដជាមិនអាចសាងសង់បានឡើយ ហើយសាងសង់បានហើយ មុននឹងធនាគារផ្ដល់កម្ចីគឺត្រូវតែមានប្លង់រឹង បើពុំមានប្លង់រឹងកាត់ឈ្មោះ ទៅអតិថិជនបានទេគឺមិនអាចផ្ដល់កម្ចីបានទេ។
លោកបន្តថា ដូច្នេះការទិញផ្ទះ គឺមានភាពប្រសើរ និងការការពារ ជៀសវាងនូវការទិញដីឡូត៏ ដូចយើងឃើញស្រាប់ហើយ បញ្ហាទៅលើដីឡូត៏មួយរយៈនេះកំពុងប្រឈមនឹងបញ្ហា បើបងប្អូនមិនដឹងប្រភពច្បាស់លាស់ ពីអ្នកអភិវឌ្ឍន៍ដីឡូត៏គឺអាចនឹងមានបញ្ហា តែសម្រាប់អ្នកអភិវឌ្ឍន៍លំនៅឋាន គឺត្រូវធ្វើឡើងតាមច្បាប់ត្រឹមត្រូវ៕