ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ក្រុមហ៊ុនចិនលំដាប់យក្សនៅកម្ពុជា នៅតែបន្តសកម្មភាពសាងសង់គំរោងរបស់ខ្លួននៅកម្ពុជា ប្រកបដោយភាពជឿជាក់និងទំនុកចិត្តខ្ពស់ ស្របពេលទីផ្សារកម្ពុជានៅតែមានសក្តានុពលនាពេលអនាគត។
នាយកទីផ្សារនៃក្រុមហ៊ុន Prince Holding Group លោក Liu Guodongបានមានប្រសាសន៍ឱ្យដឹង ក្នុងកិច្ចសម្ភាសន៍កាលពីល្ងាចថ្ងៃទី២៤ សីហាកន្លងមកថា ដោយសារតែក្រុមហ៊ុនព្រីនស៍ហូលឌីង ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនព្រីសន៍គ្រុប ហើយក្រុមហ៊ុនព្រីសន៍គ្រុប ជាក្រុមហ៊ុនធំនិងមិនមានបញ្ហាផ្នែកហិរញ្ញវត្ថុណាមួយកើតឡើង ដូច្នេះហើយទើបក្រុមហ៊ុនព្រីនស៍ហូលឌីង នៅតែបន្តអភិវឌ្ឍន៍គម្រោងរបស់ខ្លួនជាបន្តបន្ទាប់។
លោកបន្តថា “នៅក្នុងដំណាក់កូវីដ១៩ មានវិស័យជាច្រើនបានរងផលប៉ះពាល់ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យ វាអាចជាឱកាសមួយសម្រាប់អ្នកទិញគម្រោង ដោយសារតែមានការបញ្ចុះតម្លៃ”។ លោកបន្តថា “អ្នកទិញមានសិទ្ធិអាទិភាព ក្នុងការចរចាជាមួយអ្នកលក់ ក្នុងការទិញគម្រោងណាមួយ ដែលខ្លួនចង់វិនិយោគ”។
លោកLiu Guodongបានបន្តថា កត្តាដែលជំរុញឱ្យយើងបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់នេះ ដោយសារតែកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយបើធៀបនឹងប្រទេសជិតខាង អាចនិយាយថាកម្ពុជារាងយឺតជាងគេបន្តិច ប៉ុន្តែនៅថ្ងៃខាងមុខកម្ពុជាអាចនឹងមានការអភិវឌ្ឍដូចប្រទេសជិតខាងដែរ”។
លោកបន្ថែមថា ពាក់ព័ន្ធជាមួយនឹងវិបត្តិកូវីដ១៩ គម្រោងអភិវឌ្ឍន៍របស់យើងនៅតែបន្ត និងទទួលបានការលក់ជាហូរហែរ ប៉ុន្តែយើងក៏ពិបាកនិយាយថាមិនមានការប៉ះពាល់ដល់ការលក់ដែរ នៅក្នុងដំណាក់កាលកូវីដ១៩ ប៉ុន្តែគម្រោងធំៗរបស់យើងនៅក្នុងប្រទេសកម្ពុជា បានធ្វើឱ្យអតិថិជនកាន់តែមានទំនុកចិត្ត និងជឿជាក់លើការអភិវឌ្ឍរបស់គម្រោងរបស់យើង។
ជាមួយគ្នានេះ លោកគាម សេងឡុងប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Dream Property ក៏បាននិយាយកន្លងមកថា ទោះបីស្ថិតនៅក្នុងដំណាក់កាល នៃការរីករាលដាលនៃកូវីដ១៩ក្នុងឆ្នាំ២០២១នេះ ដែលមានទ្រង់ទ្រាយធំជាងកាលពីឆ្នាំ២០២០ក្ដី ប៉ុន្តែវិនិយោគិនមួយចំនួនធំ នៅតែបន្តអភិវឌ្ឍន៍គម្រោងរបស់ខ្លួនដដែល ដោយមិនបានផ្អាកឬក៏បញ្ឈប់សកម្មភាពនោះទេ តែមានការថមថយបន្តិចដោយសារតែបុគ្គលិក កម្មករអាចមានពាក់ព័ន្ធនឹងកូវីដតម្រូវធ្វើចត្តាឡីស័ក។
លោកបន្តថា “ការផ្អាក ឬបញ្ឈប់សកម្មភាពនៅក្នុងដំណាក់កាលនេះ គឺបីដូចជាក្រុមហ៊ុននោះដួលរលំអញ្ចឹងដែរដូច្នេះ។ អ្នកវិនិយោគនឹងនៅតែបន្តអភិវឌ្ឍន៍ គម្រោងជាបន្តបន្ទាប់ ទោះបីពេលនេះ មិនមានតម្រូវការច្រើនក្តី តែអ្នកវិនិយោគបានបន្តសាងសង់សម្រាប់ផ្គត់ផ្គង់នៅពេលអនាគត ក្រោយចប់វិបត្តិកូវីដ១៩”៕