មជ្ឈមណ្ឌលពាណិជ្ជកម្ម Prince Haun Yu តម្លៃ៣០០លានដុល្លារចាប់ដៃគូសហការលក់ជាមួយក្រុមហ៊ុន PropNex Cambodia

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនPrince Haun Yu ដែលកំពុងវិនិយោគសាងសង់គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅកណ្តាលរាជធានីភ្នំពេញ បានចុះហត្ថលេខាក្នុងភាពជាដៃគូយុទ្ឋសាស្រ្តជាមួយក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិPropNex Cambodia ដើម្បីចាប់ផ្តើមលក់គម្រោងរបស់ខ្លួន។

នាយកទីផ្សារនៃក្រុមហ៊ុនPrince Haun Yu លោក Liu Guodongបានមានប្រសា សន៍ឱ្យដឹង បន្ទាប់ពីធីចុះហត្ថលេខាក្នុងភាព ជាដៃគូយុទ្ឋសាស្រ្តជាមួយក្រុមហ៊ុនPropNex Cambodiaកាលពីថ្ងៃទី២៤ សីហាកន្លងមកថា PropNex ជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏ធំនៅសឹង្ហបុរី និងបានចុះក្នុងបញ្ជីរផ្សារហ៊ុន ហើយបានឈានជើងចូលទីផ្សារកម្ពុជា ដែលបាននិងកំពុងបណ្តុះបណ្តាល ភ្នាក់ងារអចលនទ្រព្យជាច្រើន ដែលធ្វើឲ្យក្រុមហ៊ុននេះកាន់តែពង្រីកបានទំនុកចិត្តលើទីផ្សារ។

លោកបន្តថា “ការចាប់ដៃគូសហការនេះ ដោយសារលោកមានទំនុកចិត្តលើក្រុមហ៊ុននេះ ដែលជាក្រុមហ៊ុនមានវិជ្ជាជីវៈ និងមានបុគ្គលិកដែលមានជំនាញ និងការបណ្តុះបណ្តាលជាលក្ខណៈអាជីព”។

លោកLiu Guodongបានមានប្រសាសន៍ឱ្យដឹងផងដែរថា នៅក្នុងដំណាក់កូវីដ១៩ មានវិស័យជាច្រើន បានរងផលប៉ះពាល់ ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យ វាអាចជាឱកា សមួយ សម្រាប់អ្នកវិនិយោគយកផលចំណេញ”។ លោកបន្តថា “អំឡុងពេលនេះអ្នកទិញមានសិទ្ធិអាទិភាព ក្នុងការចរចាជាមួយអ្នកលក់ ក្នុងការទិញគម្រោងណាមួយ ដែលពួកគេពេញចិត្ត”។

លោកបន្តថា កត្តាដែលជំរុញឱ្យយើងបោះទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់នេះ ដោយសារតែកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយបើធៀបនឹងប្រទេសជិតខាង កម្ពុជាជាប្រទេសដែលទទួលបាន ផលចំណេញខ្ពស់ពីការវិនិយោគ បើធៀបជាមួយនឹងបណ្តាប្រទេសក្នុងតំបន់។

លោកAlan Neo នាយកប្រតិបត្តក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ថា ដោយសារជាទីតាំងពោរពេញដោយសក្តានុពល អាគារពាណិជ្ជកម្មភ្លោះPrince Huan Yu បាននិងកំពុងក្លាយជាទស្សទាន នៃការអភិវឌ្ឍថ្មីមួយនៅទីក្រុងភ្នំពេញ ដែលផ្តល់នូវជម្រើសដ៏ល្អ សំរាប់អ្នកចាប់ផ្តើមអាជីវកម្មថ្មីៗ និងការទិញសំរាប់វិនិយោគយកផលចំនេញ។

លោកបន្តថា Prince Haun Yu ជាគំរោងដែលមានការអភិវឌ្ឍន៍ចម្រុះ ពិសេសវាជាគំរោងSOHOលើកដំបូងនៅក្រុងភ្នំពេញ ដែលផ្តល់ឲ្យអ្នកវិនិយោគប្រើប្រាស់ជាការិយាល័យធ្វើការ និងរស់នៅផងដែរ ពិសេសគំរោងនេះមានជាន់ឡៅតឿ ដែលមានកំពស់៥,៤ម៉ែត្រ។ គំរោងនេះក៏មានផ្សារទំនើបកំពស់៥ជាន់ ទំហំ១៧,០០០ម៉ែត្រការ៉េ ដែលផ្តល់ឲ្យអ្នកវិនិយោគគំរោងនេះអាចបើកហាងកាហ្វេ សាឡន ហាងកាត់សក់ និងអាជីវកម្មជាច្រើនទៀតផងដែរ។

លោកAlan Neoបានបន្តថា Prince Huan Yuជាគំរោងអាគារភ្លោះ ដែលបាននិងកំពុងសាងសង់យ៉ាងសកម្ម ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខ ដែលរួមបញ្ចូលនូវការិយាល័យនិងខុនដូ(SOHO) ចំនួន៦០០យូនីត រួមបញ្ចួលនូវមជ្ឈមណ្ឌលកំសាន្តលំដាប់អន្តរជាតិ និងចំណតយានយន្តអាចផ្ទុកយានយន្តបាន៨៧៣ចំណត។

គំរោងនេះស្ថិតនៅលើផ្លូវសុធារស (ចន្លោះក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ឋសភា និងអធិការកិច្ច) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌបឹងកេងកង ជាតំបន់ដែលមានការរីកចម្រើនលឿន និងល្បីល្បាញជាងគេក្នុងចំណោមជនបរទេស ដែលមកធ្វើការនៅរាជធានីភ្នំពេញ។

លោកAlan Neoបានបន្តថា “យើងមានជំនឿចិត្តថា ការលក់របស់យើងនឹងទទួលបានជោគជ័យ ដោយសារវាជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនដ៏ធំ ពួកគេបន្តសាងសង់ ទោះមានបញ្ហាវិបត្តិកូវីដ”។ លោកបន្តថា “ជាមួយនឹងទស្សនទាននៃការអភិវឌ្ឍសំរាប់អ្នកចាប់ផ្តើមអាជីវកម្មថ្មី ធ្វើជាការិយាល័យនិងរស់នៅ ការបង់ប្រាក់ងាយស្រួលគ្មានការប្រាក់រយៈពេល៤ឆ្នាំ និងជាតំបន់ពោរពេញដោយភាពរសរវើក សម្រាប់ជីវិតប្រចាំថ្ងៃPrince Haun Yu កំពុងក្លាយជាLand Markថ្មីមួយសំរាប់រាជធានីភ្នំពេញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here