ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៏កម្ពុជា លោកឧកញ៉ាម៉ន សុខាបានមានប្រសាសន៍ថា អ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យ ដើរតួយ៉ាងសំខាន់ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងលើកមុខមាត់ និងតម្លៃអចលនទ្រព្យក្នុងតំបន់។
លោកបានបន្តថា ភាពរីកចម្រើន នៃវិស័យអចលនទ្រព្យ គឺជាមុខមាត់ប្រទេសដែលបង្ហាញឲ្យឃើញពីកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍលើគ្រប់វិស័យ។ អ្នកអភិវឌ្ឍគម្រោង អចលនទ្រព្យ ដើរតួយ៉ាងសំខាន់ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំណង់ បង្កើនធនធានមនុស្ស ព្រមទាំងលើកមុខមាត់ និងតម្លៃអចលនទ្រព្យក្នុងតំបន់។
លោកបន្តថា “យើងសង្កេតឃើញថា មានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន ដែលកើនឡើង ពោលគឺមានអ្នកអភិវឌ្ឍល្អគិតពីផលប្រយោជន៍រួម និងអ្នកអភិវឌ្ឍ មិនល្អគិតតែពីផលប្រយោជន៍ខ្លួនឯង”។
លោកឧកញ៉ាបានបន្តថា អ្នកអភិវឌ្ឍ គម្រោងអចលនទ្រព្យល្អបានជួយលើផ្នែកជាច្រើនដូចជា ផ្តល់អចលនទ្រព្យល្អសម្រាប់ប្រជាពលរដ្ឋ។ បង្កើតចរន្តសេដ្ឋកិច្ច លំហូរសាច់ប្រាក់ ។ផ្តល់ចំណូលចូលរដ្ឋ តាមរយៈការបង់ពន្ធ។ ផ្តល់ឱកាសវិនិយោគ សម្រាប់ប្រជាពលរដ្ឋ លើកស្ទួយមុខមាត់ក្នុងតំបន់ដែលគាត់អភិវឌ្ឍ។ ធ្វើឲ្យដីធ្លីឡើងតម្លៃខ្ពស់ ចំណេញដល់ពលរដ្ឋក្នុងតំបន់ បង្កើតឱកាសការងារច្រើនផ្នែក ផ្តល់ប្លង់កម្មសិទ្ធិត្រឹមត្រូវជូនអតិថិជន។
អ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យ មិនល្អនាំឲ្យមានផលប៉ះពាល់ដូចជា ប៉ះពាល់ ហិរញ្ញវត្ថុរបស់អតិថិជន (ខាតបង់លុយកាក់ ) ប៉ះពាល់កេរ្តិ៍ឈ្មោះ វិស័យអចលនទ្រព្យ បង្កើតភាពស្មុគស្មាញដល់អាជ្ញាធរ ខាតពេលវេលាអ្នកវិនិយោគ (អតិថិជន ) ខាតអត្ថប្រយោជន៍សង្គមជាតិ បំផ្លាញទំនុកចិត្ត ភាពជឿជាក់ លើវិស័យនេះ និងបង្អាក់ដំណើរអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕