ដោយដែន ចែងចាំង
ភ្នំពេញ៖ ក្រុមហ៊ុនចូលរួមជាង៣៥០ មកពី៣០ប្រទេសបានប្រកាសចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព៌ណលើវិស័យម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចនៅកម្ពុជានាចុងខែកញ្ញាខាងមុខនេះ។
សហព័ន្ឋទេសចរកម្ពុជា លោកលូ ម៉េងបានមានប្រសាសន៍ឲ្យដឹង ក្នុងសន្និសីទព័ត៌មាននៃកម្មវិធី Camfood Camhotel ស្តីពីព្រឹត្តិការណ៍វិស័យម្ហូបអាហារ ផលិតផលភេសជ្ជៈ និងផលិតផលផ្គត់ផ្គង់វិស័យបដិសណ្ឋាកិច្ច នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះថា ពិព៌ណផ្នែកធ្វើម្ហូបអាហារ បដិសណ្ឋាកិច្ច ប្រចាំឆ្នាំ២០១៨ ដែលរៀបចំដោយសហព័ន្ឋទេសចរកម្ពុជា គឺព្រឹត្តិការណ៍ប្រកួតប្រជែង ដែលមានការចូលរួមពីសំណាក់ចុងភៅជំនាញជាច្រើនរូប និងបុគ្គលិកជំនាញផ្នែកបដិសណ្ឋាកិច្ច ក្នុងការប្រកួតប្រជែងដណ្តើមយកពាន់រង្វាន់ និងកេរ្ត៍ឈ្មោះប្រចាំប្រទេស។
-->
លោកបន្តថា នៅក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានការរៀបចំពិព័រណ៍កាហ្វេម៉ាស៊ីន និងសម្ភារៈផ្គត់ផ្គង់គ្រាប់កាហ្វេ លំដាប់ថ្នាក់លេខមួយនៅកម្ពុជា ដើម្បីបំពេញតម្រូវការទីផ្សារកាហ្វេ ខណៈដែលវិស័យនេះកំពុងមានការរីកចម្រើន និងកំពុងពេញនិយមនៅកម្ពុជានាពេលបច្ចុប្បន្ន។
លោក Andrew Siow នាយកក្រុមហ៊ុន AMB Events Group បានឲ្យដឹងថា ព្រឹត្តិការណ៍ពិព៌ណលើវិស័យម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋាកិច្ច គឺគ្រោងរៀបចំឡើងនៅមជ្ឈមណ្ឌលពិរព័ណ៍ និងសន្និបាទកោះពេជ្រ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់២១ខែខែកញ្ញា ឆ្នាំ២០១៨។ លោកបន្តថា ការរៀបចំពិព៌ណនេះឆ្លុះបញ្ចាំងពីការរីកចម្រើនវិស័យម្ហូបអាហារ ភេសជ្ជៈ និងផ្នែកបដិសណ្ឋារកិច្ចនៅកម្ពុជា ហេតុនេះព្រឹត្តិការណ៍នេះនឹងផ្តល់ឲ្យអ្នកវិនិយោគជាតិ អន្តរជាតិអាចចាប់យកកាលានុវត្តន៍ភាពស្វែងរកឳកាសផ្លាស់ប្តូរបទពិសោធន៍ និងសហការគ្នា និងស្វែងរកឳកាសវិនិយោគរួមគ្នាលើវិស័យដែលកំពុងមានការរីកចម្រើននេះ។
លោកបន្តថា “ការរីកចម្រើនវិស័យនេះ បានផ្តល់ឳកាសថ្មីៗដល់អ្នកវិនិយោគជាតិ និងអន្តរជាតិអាចស្វែងរកឪកាសវិនិយោគនៅទីនេះ ស្របពេលកម្ពុជាជាប្រទេសមួយដែលកំពុងរីកចម្រើនយ៉ាងលឿនលើផ្នែកបដិសណ្ឋារកិច្ច និងកំនើនសេដ្ឋកិច្ចរ៉ឹងមាំ”៕