ដោយ សុខុម
ក្រុងរីយ៉ាដ: វិស័យឧស្សាហកម្មនៃប្រទេសអារ៉ាប៊ីសាអូឌីត ទាក់ទាញការវិនិយោគគិតជាទឹកប្រាក់បានរហូតដល់ទៅ១៨.៧ពាន់លានដុល្លារអាមេរិក ចាប់ពីដើមឆ្នាំ២០២១ រហូតដល់ដំណាច់ខែកក្កដា។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃទី២៥ សីហា។
លោក Bandar Alkhorayef រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងធនធានរ៉ែ បានលើកឡើងតាមបណ្ដាញទំនាក់ទំនងសង្គម Twitter ថា “កំណើននៃការវិនិយោគនេះសរបង្ហាញពីការគាំទ្រចំពោះថ្នាក់ដឹកនាំដ៏ឆ្លៀសវៃ និងការវិវឌ្ឍផ្នែកឧស្សាហកម្មនៅក្នុងព្រះរាជាណាចក្រមួយនេះ។ វាជាយុគសម័យមាសសម្រាប់ឧស្សាហកម្ម និងជាសូចនាករដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីភាពទាក់ទាញនៃវិស័យនេះ និងសមត្ថភាពរបស់វានៅក្នុងការទាក់ទាញទុនវិនិយោគ”។
សេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយចេញដោយក្រសួងឧស្សាហកម្ម និងធនធានរ៉ែ អះអាងថា ខ្លួនបានអនុម័តគម្រោងសាងសង់រោងចក្រថ្មីៗចំនួន៤៨គម្រោងក្នុងខែកក្កដា ជាមួយនឹងទុនវិនិយោគសរុប១៣,៣៣ពាន់លានដុល្លារអាមេរិក ចំណែកឯគម្រោងឧស្សាហកម្មថ្មីៗដែលបានដំណើរការឈានដល់ចំនួន៧៨គម្រោង។
ចំនួនពលរដ្ឋអារ៉ាប៊ីសាអូឌីត ដែលធ្វើការក្នុងវិស័យឧស្សាហកម្មក្នុងព្រះរាជាណាចក្រមួយនេះបានកើនឡើងចំនួន១.១០១នាក់ ចំណែកឯជនបរទេសដែលធ្វើការក្នុងវិស័យនេះកើនឡើង១.៨៣០នាក់នៅខែកក្កដា ឆ្នាំ២០២១។
ទិន្នន័យផ្លូវការបង្ហាញថា ចំនួនសរុបនៃគម្រោងឧស្សាហកម្មក្នុងប្រទេសនេះមានចំនួន១០.១៦៦គម្រោងនៅពេលនេះជាមួយនឹងការវិនិយោគរហូតដល់ទៅជាង៣៤៦ពាន់លានដុល្លារអាមេរិក៕