ដោយៈ សុជាតា
ភ្នំពេញៈ ក្នុងបរិបទកូវិដ១៩ ដែលធ្វើអោយវិស័យជាច្រើនបានប៉ះពាល់ដល់កំនើនសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែវិស័យអចលនទ្រព្យ ជាពិសេសការពុះដីឡូលក់ ក៏បន្តទិញលក់កើនឡើង បើទោះបីជាតម្លៃទ្រឹង និងគម្រោងអភិវឌ្ឍន៍ថ្មីជាច្រើនទៀត មិនទាន់ដំណើរការបន្ថែមទៀត។
លោកឧកញ៉ា ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូកម្ពុជាបានប្រសាសន៍ឲ្យដឹងក្នុងកិច្ចសម្ភាសន៍ពិសេស កាលពីថ្ងៃម្សិលម៉ិញនេះថា និន្នាការអភិវឌ្ឍអចលនទ្រព្យ ក្នុងបរិបទកូវីដ១៩ ជាពិសេសការពុះដីឡូត៏ នៅតែកើនមានសម្រាប់អ្នកមានចំណូលមធ្យម និងចំណូលទាប បានធ្វើអោយវិស័យដីធ្លី បន្តរីកចំរើនពីខេត្តមួយទៅខេត្តមួយ។លោកបន្តថា សម្រាប់ឆ្នាំ២០២១ នេះការទិញលក់អចលនទ្រព្យ បានបន្តកើនឡើងខ្លាំងនៅខេត្តកំពត ជាពិសេសទីក្រុងបូកគោ និងខេត្តកំពង់ឆ្នាំង តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីឧត្តុង្គ រហូតដល់ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង។
-->

លោកបន្ថែមទៀត “ការវិនិយោគដីធ្លី ទាមទារពេលវេលាពី៣ទៅ៥ឆ្នាំ ដើម្បីទាញយកផលចំណេញ ហើយអតិថិជនត្រូវសិក្សាពីចំណូលរបស់ខ្លូន ព្រមទាំងព័ត៌មានជាក់លាក់ទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងបណ្តាញព៌តមាននានា ដើម្បីអាចរកផលចំណេញបាន”។
លោកឧកញ៉ាម៉ន សុខាបានលើកឡើងថា ដើម្បីបញ្ចៀសហានិភ័យ អតិថិជនដែលចង់វិនិយោគដីធ្លី ត្រូវទាមទារយកប្លង់រឹង ដែលជាកម្មសិទ្ធិស្របច្បាប់ និងសិក្សាពីផែនការមេ សម្រាប់ការអភិវឌ្ឍសំបូរបែនាពេលអនាគត របស់ម្ចាស់ដីឡូត៏ ដែលចុះបញ្ជីត្រឹមត្រូវនៅក្រសួងស្ថាប័នពាក់ព័ន្ធ។ ជាងនេះទៀត អតិថិជនក៏ត្រូវការអ្នកប្រឹក្សាយោបល់ខាងដីធ្លី និងអ្នកច្បាប់ផងដែរ។
លោកក៏ឆ្លើយតបនឹងបញ្ហាលើកឡើង ពីអ្នកជំនាញចំពោះការធ្លាក់ចុះការទិញលក់ វិស័យដីឡូត៏ និងដីធ្លី ដោយសារអ្នកទិញដី មិនមានការសាងសង់គេហដ្ឋាន និងអភិវឌ្ឍជាដើម ដោយបញ្ជាក់ថា វិស័យដីធ្លីនេះនឹងបន្តកើនឡើង ដោយត្រូវការពេលវេលាបន្ថែមទៀត ជាពិសេសអ្នកទិញត្រូវការពេល៣ឆ្នាំបន្ថែមទៀត ដើម្បីសាងសង់ផ្ទះ ប៉ុន្តែចំពោះអ្នកទិញដីឡូឆ្ងាយៗពីក្រុង គេត្រូវការពេលវេលាយូរបន្ថែមទៀត៕