ដោយៈគង់ សូរិយា
សៀមរាបៈ គំរោងបុរី Angkor Land Marបានទទួលស.ជ.ណ និងអនុក្រិតពីរដ្ឋាភិបាល ដើម្បីកាត់ឆ្វៀលគំរបព្រៃឈើ ដើម្បីទុកឱកាសឲ្យក្រុមហ៊ុននេះ អាចចាប់ផ្តើមកសាងគំរោងរបស់ខ្លួនហើយ។
លោកសាស្រ្តាចារ្យទួស សាភឿន ភាគហ៊ុនិកនៃបុរី Angkor Land Mark ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបបានមានប្រសាសន៍ឲ្យដឹង តាមប្រព័ន្ឋតេឡេក្រាមនាព្រឹកកាលពីចុងសប្តាហ៍មុនថា បន្ទាប់ពីទទួលបានអនុក្រិត និងស ជ ណនេះ អាចឲ្យក្រុមហ៊ុនរៀបចំផែនការអភិវឌ្ឍន៍ស្តារហេដ្ឋារចនាសម្ព័ន្ឋ និងគំរោងប្លង់មេគំរោងទេសចរណ៍ តាមប្លង់គោលរបស់ក្រុមហ៊ុន។ លោកបន្តថា តាមផែនការគំរោងនេះ មានផ្ទៃដីសរុប៥០០ហិកតា ប៉ុន្តែរហូតមកទល់ពេលនេះ ក្រុមហ៊ុនបានរៀបចំំបានជាង២០០ហិកតារួចហើយ។
គំរោងនេះក្រុមហ៊ុនថៃទាំងបីនោះរួមមាន ក្រុមហ៊ុន Sin Corp ក្រុមហ៊ុន Chang Siem Corporation និងក្រុមហ៊ុន TPI ដែលជាក្រុមហ៊ុនផលិតស៊ីម៉ត៍ខនគ្រីតធំជាងគេនៅប្រទេសថៃសហការវិនិយោគ។
លោកសាស្រ្តាចារ្យ ទួស សាភឿនបានបន្តថា គំរោងនេះ គំរោងវិនិយោគនេះស្ថិតនៅលើផ្ទៃដីជាង ៥០០ហិកតា ក្នុងនោះគំរោងទី១ មានផ្ទៃដី២២៣ហិកតា និងគំរោងទី២ មានផ្ទៃដីទំហំ ៣០០ហិកតា។
លោកបន្តថា គំរោងនេះមានភាពចម្រុះ ដោយមានលំនៅដ្ឋានបែបលំហែរកាយ ភោជនីយដ្ឋាន ផ្សារបណ្តែតទឹកដែលនឹងសាងសង់លើផ្ទៃដី ៥០ហិកតា ហើយវានឹងជាផ្សារបណ្តែតទឹកធំជាងគេនៅកម្ពុជា និងសួនសប្បនិម្មិតស្ថិតនៅលើផ្ទៃដី២០ហិកតា ដែលសួននេះនឹងមានសត្វចម្រុះ ដែលផុតពូជពីពិភពលោកនេះ។
លោកសាស្រ្តាចារ្យបានបន្តថា “ក្រុមហ៊ុនរបស់យើងនឹងចុះ MOU ជាមួយក្រុមហ៊ុនទាំងនោះនៅថ្ងៃទី២០កម្ភៈនេះ ដើម្បីចាប់ផ្តើមអភិវឌ្ឍន៍គំរោងនេះ ដែលវាជាគំរោងទី១ នៅក្នុងខេត្តសៀមរាប”។
លោកបន្តថា “មកពីណាមិនសំខាន់ទេ សំខាន់គឺទាញយកអ្នកវិនិយោគមកវិនិយោគនៅស្រុកយើង ដើម្បីផ្តល់ការងារដល់ប្រជាជន និងលើកស្ទួយសេដ្ឋកិច្ចប្រទេសជាតិយើង”៕លោកបន្តថា “គំរោងនេះទទួលបានការអនុម័ត ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចហើយ និងកំពុងទទួលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន ស្រុកបន្ទាយស្រី និងស្ថាប័នពាក់ព័ន្ឋជាច្រើនទៀត”។
លោកសាស្រ្តចារ្យទួស សាភឿនបានបន្តថា រហូតមកទល់ពេលនេះ ការស្នើសុំសាងសង់ផ្សារបណ្តែតទឹកក្នុងគំរោងនេះ ពីក្រសួងទេសចរណ៍ មិនទាន់បានចាប់ផ្តើមនៅឡើយទេ ព្រោះអ្វីៗស្ថិតក្នុងដំណើរការរៀបចំផែនការ និងបន្តតាមនិតិវិធីរបស់ក្រុមហ៊ុន។
លោកបន្តថា “នៅពេលសាងសង់រួច បុរី Angkor Landmark នឹងក្លាយជាគំរោងអភិវឌ្ឍន៍គំរូមួយនៅខេត្តសៀមរាប ដែលនឹងលើកស្ទយដល់សេដ្ឋកិច្ចសង្គម ពិសេសវិស័យទេសចរណ៍ក្នុងខេត្តសៀមរា”៕