ដោយគង់ សូរិយា
ភ្នំពេញ៖ បន្ទាប់ពីការសាងសង់យ៉ាងសកម្ម បច្ចុប្បន្នគារសាងសង់អាគារ Gold Tower42 ដែលចំណាយប្រាក់២៤០លានដុល្លារ នឹងបញ្ចប់គ្រោងអាគាររបស់ខ្លួនហើយ។
ការសាងសង់អាគារនេះ កាលពីដើមឡើយសម្រេចបាន៣១ជាន់រួចហើយ មុនពេលអាគារនេះបានផ្អាករយៈពេលស្ទើរមួយទសវត្សរ៍ ប៉ុន្តែបន្ទាប់ពីប្រកាសនិងចាប់ផ្តើមសាងសង់ឡើងវិញ ក្រុមហ៊ុនសាងសង់បានសម្រេចបានសមិទ្ឋិផលរបស់ខ្លួន ដោយសាងសង់បាន៧ជាន់បន្ថែម ដែលធ្វើឲ្យកំពស់អាគារនេះឡើងដល់៣៨ជាន់ ដូច្នេះនៅសល់៤ជាន់ទៀតប៉ុណ្ណោះ ការសាងសង់គ្រោងអាគារនេះនឹងបញ្ចប់តាមផែនការ។
ក្រុមហ៊ុនវិនិយោគ YUNWOO Cambodia សហការជាមួយក្រុមហ៊ុន Hongtao Decoration Co.,Ltd និង H T W M Engineering Cambodia Co., Ltd ដែលអគ្គនាយកក្រុមហ៊ុនHongtal Decoration Co, Ltdប្រកាសថា គ្រោងអាគារនេះនឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយអាគារនេះនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០១៩ខាងមុខ។
លោក Liu Nianxin អគ្គនាយកក្រុមហ៊ុន Hongtao Decoration Co., Ltd និងHTWM Engineering Cambodia Co,Ltd បានលើកឡើងក្នុងពិធីប្រកាសបើកការដ្ឋានសាងសង់អាគារGold Tower42Lឡើងវិញកាលពីពេលថ្មីៗនេះថា ការសម្រេចចិត្តដាក់ទុនវិនិយោគបន្ត លើគម្រោងអគារ៤២ជាន់ គឺមានចំនុចសំខាន់៤ ដូចជា ទី១ ក្រុមហ៊ុនHongtao មានបទពិសោធន៍ក្នុងរយៈពេលជាង៣០ឆ្នាំ ទៅលើគម្រោងសាងសង់អគារខ្ពស់ៗ ដែលល្បីៗបំផុតក្នុងប្រទេសចិន។ ទី២ គោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដែលជាគោលការណ៍របស់ប្រទេសចិន ដែលលោកជឿជាក់ថា គោលការណ៍ខាងលើនេះ នឹងធ្វើឲ្យអគារ៤២ជាន់សម្រេចបានជោគជ័យ។
ទី៣ ទីតាំងអគារ៤២ជាន់នេះជាទីតាំងមានហាងឆេងល្អ ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ និងស្ថិតនៅទីប្រជុំរវាងមហាវិថីធំៗចំនួនពីរ គឺមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះសីហនុ និងជាតំបន់ពាណិជ្ជកម្មកណ្តាលរាជធានីភ្នំពេញ។ និងទី៤.សំណង់អគារ៤២ជាន់នេះរឹងមាំ និងមានគុណភាពខ្ពស់ស្របតាមស្តង់ដាអន្តរជាតិ។
លោក Liu Nianxin បានបន្តថា “ខ្ញុំសោកស្តាយមែនទែន នៅពេលឃើញអគារមួយនេះត្រូវបានគេបោះបង់ចោល ដូចនេះទើបក្រុមហ៊ុនរបស់លោកត្រឡប់មកសហការគ្នា ដើម្បីសាងសង់អគារនេះឡើងវិញ ជាពិសសរំពឹងខ្ពស់ថា ក្រុមហ៊ុនទាំងពីរនឹងអាចរកបា្រក់កំរៃយ៉ាងច្រើនពីអគារមួយនេះ”។
លោកKim Tae Yeon អគ្គនាយកក្រុមហ៊ុនYUNWOO CAMBODIA Co.,LTD បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនបានបន្ថែមទុន១៤០លានដុល្លារលើគម្រោងGolden Tower មួយនេះ បន្ទាប់ពីបានបោះទុនចំនួន១០០លានដុល្លាររួចមកហើយ។លោកបន្តថា បន្ទាប់ពីអគារ Gold Tower 42 នេះសម្រេចការសាងសង់ជាស្ថាពរ វានឹងក្លាយជាសមិទ្ធផលអគារពាណិជ្ជកម្មថ្មីមួយទៀត ស្ថិតនៅកណ្តាល រាជធានីភ្នំពេញ ដែលនេះជាការឆ្លុះបញ្ចាំងពីការអភិវឌ្ឍរីកចម្រើន ព្រមទាំងបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចកម្ពុជាតទៅអនាគត៕