ដោយគង់ សូរិយា
ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ១០០០លានដុល្លារ បានប្រកាសលក់គំរោងរបស់ខ្លួននៅក្រុងភ្នំពេញ ដើម្បីប្រែក្លាយទឹកដីជ្រោយចង្វារ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម លំដាប់ពិភពលោក។
គំរោងនេះ ត្រូវបានសហការវិនិយោគដោយកំពង់ផែស្វយ័ត្នភ្នំពេញ និងក្រុមហ៊ុនយុនណាន សេងម៉ៅ អ៊ិនវេសមិន ដើម្បីបង្កើតគំរោងដែលមានឈ្មោះថាថ្រាយអ៊ឹម (TCC TRIUMPH Commercial Center)។
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លោកហ៊ឺ បាវីបានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីប្រកាសលក់គំរោងខាងលើកាលពីថ្ងៃម្សិលម៉ិញនេះថា គម្រោងពាណិជ្ជកម្មថ្រាយអ៊ឹម ធ្វើឡើងសមស្របទៅតាមនឹងគោលនយោបាយ ផ្លូវមួយខ្សែក្រវ៉ាតមួយ ដែលរដ្ឋាភិបាលប្រទេសចិនបានលើកឡើង ដែលជាស្ពានតភ្ជាប់មិត្តភាពរវាងប្រទេសចិននិងប្រទេសកម្ពុជា។
លោកបន្តថា “ក្រោយពេលគម្រោងនេះសាងសង់រួចរាល់ វានឹងក្លាយទៅជាមជ្ឈមណ្ឌលបោះដុំទំនិញអន្តរជាតិដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ និងកម្សាន្តជាតិ អន្តរជាតិ”។លោកបន្តថា “ទីនេះក៏នឹងក្លាយទៅជាទីក្រុងទេសចណ៍វប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា”។
គម្រោងសាងសង់នៅទីតាំង នៅផ្ទះលេខ៣៦ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមរបាយការណ៍របស់ក្រុមហ៊ុនបានឲ្យដឹងថា រហូតមកទល់ពេលនេះ មានក្រុមហ៊ុនជាង១ម៉ឺន និងទំនិញជាង១០ម៉ឺនមុខប្រមូលផ្តុំនៅទីនេះ ហើយនៅទីនេះក៏នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលផ្សារភ្ជាប់ទៅនិងពិភពលោក។
លោកហ៊ឺ បាវីបានបន្តថា តំណាក់កាលដំបូងនៃគម្រោងនេះ នឹងបញ្ចប់នៅចុងឆ្នាំ២០១៩គម្រោងនេះ នឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២០ ដោយចំណាយដើមទុនអស់ចំនួន១ពាន់លានដុល្លាអាមេរិក លើផ្ទែដីទំហំជិត១០ហិកតា។ បច្ចុប្បន្នមានក្រុមហ៊ុនម៉ាកល្បីៗជាង៤០០បានសហការជាមួយ ហើយកម្ពុជា នឹងប្រឹងប្រែងអស់ពីកម្លាំងកាយ ដើម្បីធ្វើអោយគម្រោងនេះ ក្លាយជាទីតាំងពាណិជ្ជកម្មចំរុះធំជាងគេនៅភ្នំពេញ៕
យោងតាមឯកសារដែល Propertyarea.asia ទទួលបានពីក្រុមហ៊ុននេះបានឲ្យដឹងថា TCC TRIUMPH Commercial Center នឹងជាកន្លែងនៃវិថីថ្មើជើងពាណិជ្ជកម្ម អន្តរជាតិ ដែលមានរហូតដល់១០រចនាបថ ហើយមជ្ឈមណ្ឌលនេះនឹងធ្វើឲ្យទំនិញនៅលើពិភពលោក្សារភ្ជាប់នឹងប្រទេសកម្ពុជាទាំងមូល ឆ្លងតាមរយៈទីក្រុងភ្នំពេញ អាចឲ្យទំនិ ញនៅលើពិភពលោកដឹកជញ្ជូនទូទាំងប្រទេសកម្ពុជា។
តាមឯកសាររបស់ក្រុមហ៊ុនដដែលបានឲ្យដឹងថា អ្វីជាគុណសម្បត្តិពិសេសនៃគំរោងនេះមានចំនួន៥ ដូចជា ទី១ កន្លែងនេះមានប្រជា ជនទៅមកច្រើន ទី២ ទីនេះមានដើមទុនរ៉ឹងមាំ ទី៣ ទីនេះមានស្ថេរភាពអាជីវកម្មល្អបំផុត ទី៤ ទីនេះមានសេវាកម្មល្អបំផុត និងទី៥ ទីនេះមានសន្តិសុខល្អបំផុត៕