អ្នកជំនាញអចលនទ្រព្យៈផ្លូវជាតិលេខ៥ចាប់ពីភ្នំពេញ ដល់តំបន់ឧត្តុងទាក់ទាញការអភិវឌ្ឍន៍គំរោងលំនៅដ្ឋាន

0

ដោយៈសុជាតា

ភ្នំពេញៈ តំបន់ស្ថិតនៅស្របតាមផ្លូវជាតិលេខ៥ ចាប់ពីរាជធានីភ្នំពេញ ដល់ទីប្រជុំជនស្រុកឧត្តុង កំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកវិនិយោគផ្នែកលំនៅដ្ឋាន ខណៈដីនៅតាមបណ្តោយផ្លូវនេះកំពុងឡើងថ្លៃផងដែរ។

គម្រោងធ្វើឱ្យប្រសើរឡើងនៃកំណាត់ផ្លូវជាតិលេខ៥  ប្រវែងសរុប៣៦៦ គីឡូម៉ែត្រ ដែលជាការពង្រីកកំណាត់ផ្លូវ មានស្រាប់ចាប់ពី២គន្លង ទៅ៤គន្លង ជាប្រភេទផ្លូវបេតុងកៅស៊ូ AC  ក្រោមកម្ចីឥណទានរដ្ឋាភិបាលជប៉ុនប្រមាណ៥០០ លានដុល្លារបានធ្វើអោយ សំណង់លំនៅឋានលក្ខណៈបុរី និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ត្រូវគេរំពឹងថា នឹងលេចឡើងជាបន្តបន្ទាប់នៅតាមបណ្តោយផ្លូវជាតិលេខ៥។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានប្រាប់Property Asia Area  នាថ្ងៃទី8 ខែ កញ្ញានេះថា បើគិតពីតំបន់គីឡូម៉ែត្រលេខ ៤ ទៅដល់ លេខ៥ ខណ្ឌប្ញស្សីកែវ បានអភិវឌ្ឍអោយបុរី អាគារពាណិជ្ជ ជាច្រើនដែលធ្វើអោយតម្លៃដីបន្តកើនឡើងគួរអោយកតសំគាល់។

បើគិតពីតម្លៃដីធ្លីចាប់ពីគីឡូម៉ែត្រលេខ៦ គឺតម្លៃដី៨០០ដុល្លារ ទៅ១២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅខាងស្តាំដៃខាងមាត់ទន្លេ និងខាងឆ្វេងដៃគឺតម្លៃដីធ្លីមានចន្លោះពី  ៦០០ ដុល្លារ ទៅ១២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំពោះតម្លៃដីធ្លីចាប់ពីគីឡូម៉ែត្រលេខ៧ ទៅដល់ គីឡូម៉ែត្រ៩ គឺតម្លៃចន្លោះពី៧៥០ដុល្លារ ទៅ១២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ទីតាំងខាងស្តាំដៃមាត់ទន្លេ ។ ចំនែកទីតាំងខាងធ្វេងដៃគឺមានចន្លោះពី ៤៥០ដុល្លារទៅ១០០០ ដុល្លារក្នុងម៉ែត្រការ៉េ។

ចំពោះទីតាំងតំបន់ឧត្តុង្គវិញ គឹដីធ្លីភាគច្រើនជាដីពុះឡូលក់ ដែលមានតម្លៃចន្លោះពី១ ម៉ឺនដុល្លារ ទៅ៣ម៉ឺនដុល្លារក្នុងមួយឡូត៏។

ជាមួយគ្នានេះ លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកលនិយាយថា ការអភិវឌ្ឍអចលនទ្រព្យផ្លូវជាតិលេខ៥ មិនទាន់ឃើញមានគម្រោងអភិវឌ្ឍន៍ធំៗ ឬលំនៅឋានលក្ខណៈជាបុរីច្រើនទេ។   តម្លៃអចលនទ្រព្យនឹងកើនក្នុងរង្វង់ពី១០ទៅ ៣០ ភាគរយជាប្រចាំឆ្នាំ  ដោយសារ ការកើនឡើងនៃគម្រោងអភិវឌ្ឍន៍ និងគម្រោងវិនិយោគចម្រុះដូចជា រោងចក្រ និងឃ្លាំងជាដើម។

អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋានកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា លោកនឹងធ្វើការអភិវឌ្ឍន៍បុរីធំមួយនៅលើផ្លូវជាតិលេខ៥ តំបន់ក្បែរផ្សារព្រែកព្នៅ ដែលទីតាំងនេះមានដីទំហំជាង១០០​ហិកតា។

លោកបន្តថា “គំរោងនេះនឹងអភិវឌ្ឍន៍ជាលំនៅដ្ឋានបែបពាណិជ្ជកម្ម ផ្សារ រមណី​យដ្ឋាន និងសេវាកម្មជាច្រើនទៀត ប៉ុន្តែការមកដល់នៃជំងឺកូវីដ បានធ្វើឲ្យយើងពិចារណា និងមិនទាន់កំណត់ពេលចាប់ផ្តើមគំរោងនេះនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here