ដោយៈសុខុម
វ៉ាស៊ីនតោន: តម្លៃផ្ទះប្រចាំឆ្នាំនៅសហរដ្ឋអាមេរិក បានហក់ឡើងខ្ពស់កប់ពពកមិនធ្លាប់មានរហូតដល់១៨%ក្នុងខែកក្កដា បើប្រៀបធៀបនឹងឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CoreLogic Inc ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី៧ កញ្ញា។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets ឱ្យដឹងថា នេះជាការហក់ឡើងថ្លៃប្រចាំឆ្នាំខ្ពស់បំផុត ក្នុងរយៈពេល៤៥ឆ្នាំមកនេះ ហើយបើផ្អែកលើមូល ដ្ឋានប្រចាំខែ តម្លៃផ្ទះបានហក់ឡើង១,៨%ក្នុងខែកក្កដា បើធៀបនឹងខែមិថុនា។
លោក Frank Martell ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន CoreLogic ដែលជាក្រុមហ៊ុនផ្ដល់ព័ត៌មាន អចលនទ្រព្យទូទាំងពិភពលោកបានថ្លែងថា “តម្លៃលំនៅដ្ឋានបានបន្តកើនឡើងឥតឈប់ឈរ ដោយសារតម្រូវការកើនឡើងខ្ពស់ នៅពេលពលរដ្ឋដែលមានវ័យចន្លោះពី២៣ឆ្នាំ ដល់៣៨ឆ្នាំសម្រុកទិញផ្ទះ អ្នកជួលផ្ទះស្វះស្វែងគេចចេញពីថ្លៃឈ្នួលផ្ទះដែលហក់ឡើងខ្ពស់កប់ពពក ហើយអ្នកវិនិយោគដែលមានលុយច្រើនទិញផ្ទះទុកចំណេញ”។
លោកបានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ថា ការសម្រុកទិញរបស់អ្នកទិញផ្ទះ ស្របពេលអត្រាការប្រាក់ទាបខ្លាំងសម្រាប់កម្ចីទិញផ្ទះ បានធ្វើឱ្យខ្វះការផ្គត់ផ្គង់ផ្ទះក្នុងទីផ្សារលំនៅដ្ឋាន ដែលទំនងជាមិនអាចដោះស្រាយបានឡើយ នៅរយៈពេល៥ទៅ១០ឆ្នាំក្រោយ “បើគ្មានគ្រឿងលើកទឹកចិត្តបន្ថែមទៀត សម្រាប់ជួយជំរុញបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ឱ្យសាងសង់ផ្ទះបន្ថែមថ្មីៗទេនោះ”។
ក្រុមហ៊ុន CoreLogic បានព្យាករថា អត្រាតម្លៃហក់ឡើងនឹងថយចុះគួរឱ្យកត់សម្គាល់។ នៅត្រឹមខែកក្កដា ឆ្នាំ២០២២ តម្លៃផ្ទះប្រចាំឆ្នាំត្រូវបានព្យាករថា នឹងថយចុះមកនៅត្រឹម២,៧% ខណៈអ្នកទិញខ្លះនៅតែបន្តខ្វះលទ្ធភាពទិញ។
លោក Frank Nothaft ប្រធានសេដ្ឋវិទូប្រចាំក្រុមហ៊ុន CoreLogic បានគូសបញ្ជាក់ថា “ការឡើងថ្លៃនេះ គឺលើសពីកំណើនប្រាក់ចំណូលរបស់ពលរដ្ឋ ហើយបានធ្វើឱ្យលទ្ធភាពទិញផ្ទះកាន់តែធ្លាក់ចុះ។ នៅប៉ុន្មានខែខាងមុខនេះតម្រូវការនឹងធ្លាក់ចុះ ហើយវានាំឱ្យកំណើនតម្លៃធ្លាក់ចុះបន្តិចម្ដងៗ”៕