ដោយ សុជាតា
ភ្នំពេញៈ ស្ថានភាពនៃការទិញលក់ដីធ្លី នៅតែបន្តក្នុងរូបភាពតូចៗ ខណៈនិន្នាការវិនិយោគ បានចាប់ផ្តើមមានភាពសកម្មនៅតំបន់ជាយក្រុង និងខេត្តដែលមានសក្តានុពលមួយចំនូន។
លោកស្រី អាន សុធីតា អ្នកជំនាញខាងអចលនទ្រព្យ បានប្រាប់ Property Area Asia នៅថ្ងៃទី ៨ ខែកញ្ញាកន្លងមកថា ចំពោះការប្រែប្រួលដីធ្លី នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ គឺមានផលប៉ះពាលខ្លាំងដោយវិបត្តិ Covid 19 ដោយដីធ្លីនៅកណ្តាលក្រុងគឺមើលទៅមានសភាពទ្រឹង មិនមានតំរូវការដីធ្លី។
ប៉ុន្តែដោយឡែកដីធ្លី នៅជាយក្រុងមានកំណើនធម្មតា តួយ៉ាងតំបន់ក្រវាត់ក្រុងទីបី និងទីបួន មានកំណើនទាបជាងមុនវិបត្តិ Covid 19 ដោយកំនើននេះស្ថិតនៅក្នុងរង្វង់៥ភាគរយប៉ុណ្ណោះ។
លោកស្រីបន្តថា “នាពេលបច្ចុប្បន្ននេះដីធំៗ ដែលមានទំហំចាប់ពីតម្លៃ៥លានដុល្លារឡើងទៅ គឺប្រឈមមុខនឹងលំបាកលក់ ដោយមិនមានអ្នកវិនិយោគបរទេសនោះទេ ហើយអ្នកវិនិយោគ ក្នុងស្រុកគាត់ទិញដីខ្នាតតូចនៅជាយក្រុង”។
លោកស្រីបន្ថែមថា ចំពោះបរិបទរបស់អ្នកលក់ អ្នកទិញវិញ គឺគេសង្កេតឃើញថា មានអ្នកវិនិយោគដីធ្លីនៅតែមាន ប៉ុន្តែអ្នកលក់នៅតែចង់លក់ដីធ្លីក្នុងតម្លៃខ្ពស់ មិនក្រោមទីផ្សារ។ បើគិតជារួម ចរន្តទិញលក់ដីនៅពេលបច្ចុប្បន្ន គឺមានឆ្លាក់ចុះដោយសារតែវិបត្តិ Covid 19។
ជាមួយគ្នានេះលោកឧកញ៉ាឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាសមាគមអ្នកជំនាញអចលនទ្រព្យបានពន្យល់ថា នាពេលបច្ចុប្បន្ន បញ្ហាប្រឈមមុខដីឡូត៍ មានអ្នកជោគជ័យ និងមានអ្នកបរាជ័យ ដោយមូលហេតុនៃភាពមិនច្បាស់លាស់នៃបណ្ណកម្មសិទ្ធី និងអ្នកលក់អត់បានបង់ប្រាក់អោយម្ចាស់ដី អោយគ្រប់គ្រាន់ដោយសារតែវិបត្តិ Covid 19 ។
លោកពន្យល់ថា “អ្នកអភិវឌ្ឍឈ្មួញកណ្តាល ដែលយកដីឡូម្ចាស់ដើមទៅពុះដីឡូលក់បានជួបប្រទះ នឹងពន្យាពេលបង់ប្រាក់ ដោយសារវិបត្តិសកល ហើយមានបញ្ហាវេលុយទៅម្ចាស់ដី ដោយធ្វើអោយគម្រោងអភិវឌ្ឍទិញលក់ដីធ្លីជួបប្រទះបញ្ហា”៕