ដោយៈសជាតា
ភ្នំពេញ: ក្រុមហ៊ុន អ&អេហ្វ ខេមបូឌា ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយនៅប្រទេសកម្ពុជា និងប្រទេសចិន បានធ្វើការរៀបចំពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀមសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយធនាគារ ប្រ៊េដប៊ែង ខេមបូឌា។
លោក Zhang Pu ប្រធានហិរញ្ញវត្ថុនៃក្រុមហ៊ុន អ&អេហ្វ ខេមបូឌា បានថ្លែងក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃចុងសប្តាហ៍មុន ដោយលើកឡើងអំពីវឌ្ឍភាពរបស់គម្រោង R&F City ដែលទើបតែបញ្ចប់ការសាងសង់ជាស្ថាពរ ក្នុងខែមិថុនា និងគម្រោង R&F Miro ដែលគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៣ផងដែរ។ លោកក៏បានសម្ដែងការរីករាយ ដែលមានដៃគូសហការដូចជា ធនាគារ Bred Bank ជាដើមក្នុងការឆ្ពោះទៅមុខជាមួយគ្នា។
ចំណែកឯ លោក មិន សុផា នាយកប្រតិបត្តិរងធនាគារ Bred Bankបានបង្ហាញអំពីសេចក្ដីត្រេកអរ ដែលបានក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យល្បីមួយនេះ បានជ្រើសរើសជាដៃគូសហការជាមួយខាងធនាគារ ក្នុងការផ្ដល់ជូនលក្ខខណ្ឌងាយៗ ទៅដល់អតិថិជន ដែលនេះមើលឃើញថា គឺជាការរីកចម្រើនជាមួយគ្នាតទៅមុខយ៉ាងពិតប្រាកដ។
ជាមួយគ្នានេះ លោកស្រី មាស គន្ធា នាយិកាគ្រប់គ្រងបណ្ដាញសាខា ផ្នែកហិរញ្ញវត្ថុបុគ្គលនៃធនាគារប្រ៊េដប៊ែង ក៏បានលើកបង្ហាញអំពី លក្ខខណ្ឌនានាដែលអតិថិជនអាចទទួលបានកម្ចីឥណទាន សម្រាប់ទិញខុនដូ នៅគម្រោង R&F City និង R&F Miro៕