ក្រុមហ៊ុនកូរ៉េLG និង Hyundai ចាប់ផ្តើមសាងសង់រោងចក្រផលិតអាគុយ EV តម្លៃរាប់ពាន់លានដុល្លារនៅឥណ្ឌូនេស៊ីហើយ

0

ដោយៈសុខុម

ហ្សាការតា: ក្រុមហ៊ុនកូរ៉េខាងត្បូង LG Energy Solution និង Hyundai Motor Group បានចាប់ផ្ដើមដំណើរការសាងសង់ រោងចក្រផលិតអាគុយរថយន្តអគ្គិសនី (EV) តម្លៃ១,១ពាន់លានដុល្លារអាមេរិក នៅប្រទេសឥណ្ឌូនេស៊ី ហើយ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី១៥ កញ្ញា នេះ។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានថ្លែងតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃពុធ នេះថា រោងចក្រនេះ ជារោងចក្រផលិតអាគុយរថយន្តអគ្គិសនី ដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍ ហើយវាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងការប្រើប្រាស់ធនធានរ៉ែនីកែល (Nickel) របស់ខ្លួនដើម្បីអភិវឌ្ឍឧស្សាហកម្មរ៉ែ។

លោក ចូកូ វីដូដូ បានថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រនេះថា “ឥណ្ឌូនេស៊ី មានរ៉ែនីកែល (Nickel) បម្រុងច្រើនបំផុតក្នុងពិភពលោក ហើយជាមួយនឹងសក្តានុពលនេះ ខ្ញុំជឿជាក់ថា ក្នុងរយៈពេលពី៣ទៅ៤ឆ្នាំខាងមុខ ឥណ្ឌូនេស៊ី នឹងក្លាយជាអ្នកផលិតដ៏ធំនូវផលិតផល ដែលផ្អែកលើរ៉ែនីកែលដូចជាអាគុយជាដើម ប្រ​សិនបើមានការគ្រប់គ្រងបានល្អ”។

យោងតាមរដ្ឋមន្ត្រីវិនិយោគឥណ្ឌូនេស៊ី លោក Bahlil Lahadalia ឱ្យដឹងថា រោងចក្រផលិតអាគុយនៅខេត្តជ្វាខាងលិច (West Java) នេះគឺជាផ្នែកមួយនៃផែនការវិនិយោគ ក្នុងទំហំទឹកប្រាក់៩,៨ពាន់លានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុន LG Energy Solution។

លោក Jong-hyun Kim អគ្គនាយកក្រុមហ៊ុន LG Energy Solution ដែលជាបុត្រសម្ព័ន្ធកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន LG Chem Ltd បានលើកឡើងថា អាគុយនឹងត្រូវផលិតដោយប្រើបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន ហើយអាគុយទាំងនោះនឹងត្រូវដំឡើងក្នុងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុន Kia Motors Corp។

ក្រុមហ៊ុន Hyundai Motor Group និងក្រុមហ៊ុន LG Energy Solution បានចេញសេចក្តីថ្លែងការណ៍រួមថា ការសាងសង់រោងចក្រនេះ នឹងបញ្ចប់ជាស្ថាពរនៅឆមាសទី១ ដើមឆ្នាំ២០២៣ ហើយបានបញ្ជាក់ថា ការផលិតអាគុយទ្រង់ទ្រាយធំ នឹងចាប់ផ្ដើមនៅឆមាសទី១ ដើមឆ្នាំ២០២៤។

នៅពេលដំណើរការពេញលេញ តាមការរំពឹងទុករោងចក្រនេះ នឹងផលិតអាគុយបានកម្លាំង១០ជីហ្គាវ៉ាត់ម៉ោង (GWh) ដែលគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់រថយន្តអគ្គិសនីបានជាង១៥០.០០០គ្រឿង។

សេចក្តីថ្លែងការណ៍រួមដដែលបានបញ្ជាក់ថា រោងចក្រនេះនឹងត្រៀមខ្លួនបង្កើនសមត្ថភាពផលិតអាគុយ ឱ្យបានកម្លាំង៣០ជីហ្គាវ៉ាត់ម៉ោង (GWh) ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការនាពេលអនាគត។

ក្រុមហ៊ុន Hyundai Motor Group និងក្រុមហ៊ុន LG Energy Solution រំពឹងថានឹងអភិវឌ្ឍឧស្សាហកម្មផលិតអាគុយ នៅប្រទេសឥណ្ឌូនេស៊ី ឱ្យកាន់តែរីកចម្រើន ព្រមទាំងសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនី និងស្ថានីយសាកថាមពលអាគុយផងដែរ៕  Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here