ដោយៈតារា
ភ្នំពេញៈ លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិល បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ទាំងវិស័យសំណង់ និងដីធ្លី គឺសុទ្ធតែមានសក្ដានុពលវិនិយោគដូចគ្នា។
លោកបន្តថា គេសង្កេតឃើញថា វិនិយោគដែលមិនសូវមានធនធាន រឺទុនច្រើននោះ ពួកគេចាប់យកការវិនិយោគទៅលើដីធ្លី និងពុះជាឡូត៍លក់ជូនទៅប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងមធ្យមសម្រាប់សង់ផ្ទះនៅពេលអនាគត ហើយសម្រាប់អ្នកដែលមានធនធាននិងទុនច្រើន គេក៏បោះទុនវិនិយោគ ទៅលើសំណង់អគារនានា ដែលគេបានឃើញថា នៅភ្នំពេញមានសំណង់អគារខ្ពស់ៗច្រើន កំពុងរីកដុះដាលដូចផ្សិត។
លោកឧកញ៉ាបន្តថា ក្រោយពេលវិស័យដីធ្លីបានហក់ឡើងខ្លាំង នៅរយៈពេលក្រោយនេះ យើងក៏បានសង្កេតឃើញថា មិនមែនមានតែអ្នកដែលមានចំណេះដឹង និងបទពិសោធន៍ក្នុងវិស័យនេះ ដាក់ទុនវិនិយោគនោះទេ តែគេក៏បានឃើញថាមានអ្នកវិនិយោគក្នុងវិស័យផ្សេង ក៏បានងាកមករកវិស័យដីធ្លីនេះដែរ។ ជាក់ស្ដែង ដូចជាអ្នកសិល្បៈជាច្រើន បានងាកទៅរកការវិនិយោគក្នុងវិស័យដីធ្លី ដោយពុះជាដីឡូត៍សម្រាប់លក់ ដែលវាជាព្រួយបារម្ភមួយនៅពេលអនាគត។
លោកឧកញ៉ាចេង ខេង មានប្រសាសន៍បន្ថែមទៀតថា តែយ៉ាងណាក៏ដោយ ក៏យើងបានឃើញថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទប់ស្កាត់នូវសកម្មភាពមួយចំនួន ពីការពុះដីឡូត៍ ដូចជារៀបចំជាប្លង់មេមួយ និងតម្រូវអោយមានការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវផងដែរ។
លោកឧកញ៉ាបន្តទៀតថា នៅប្រទេសមួយអាចរីកចម្រើនទៅបានលើវិស័យណាមួយ គឺត្រូវការមានធនធានមនុស្ស ក្នុងវិស័យនោះបានច្បាស់លាស់ ជាក់ស្ដែងវិស័យដីធ្លី និងអចលនទ្រព្យទាំងមូលនេះជាដើម បើចង់អោយរីកចម្រើនទៅបាន គឺត្រូវការអ្នកវិនិយោគ ដែលមានចំណេះដឹងជំនាញ និងបទពិសោធន៍ទើបមិនធ្វើអោយវិស័យនោះ មានហានិភ័យ តែបើសិនជាអ្នកវិនិយោគទាំងនោះ មិនមានបទពិសោធន៍ មិនមានជំនាញនិងចំណេះដឹង គឺអាចនឹងប្រឈមហានិភ័យខ្លាំងណាស់។
លោកឧកញ៉ាចេង ខេងបានបន្តថា បើសិនជាធនធានមនុស្ស ដែលមានជំណេះដឹង ដោយបានឆ្លងកាត់ សាលាបណ្ដុះបណ្ដាលត្រឹមត្រូវហើយ តែពួកគាត់មិនយកចំណេះដឹងនោះ ទៅ អនុវត្តជាក់ស្ដែង ក៏មិនអាចធ្វើអោយវិស័យនេះ មានាកររីកចម្រើនបានដែរ ដូច្នេះអ្នកដែលមានចំណេះដឹងផ្នែកណាមួយ គួរតែយកចំណេះដឹងនោះ ទៅអនុវត្តក្នុងការងារជាក់ស្ដែង ដើម្បីអោយក្លាយជាជំនាញ ដើម្បីរកលុយសម្រាប់គ្រួសារ និងសង្គមជាតិយើង៕