ដោយៈសុខុម
ស្ទឹងត្រែង: ក្រុមអ្នកស្រាវជ្រាវកម្ពុជា កំពុងប្រមូលសំណាកពីសត្វប្រចៀវនៅភាគខាងជើងប្រទេសកម្ពុជា ក្នុងគោលបំណងស្វែងរកប្រភពដើម នៃវីរុសកូវីដ-១៩ ដោយពួកគេ បានចុះទៅតំបន់មួយដែលវីរុសស្រដៀងកូវីដ-១៩ ត្រូវបានរកឃើញកាលពីមួយទសវត្សរ៍មុន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី២០ កញ្ញា នេះ។
សំណាកចំនួន២ដែលយកពីប្រចៀវសេះស (Horseshoe bat) ត្រូវបានប្រមូលក្នុងឆ្នាំ២០១០ នៅខេត្តស្ទឹងត្រែងជិតព្រំដែនប្រទេសឡាវ ហើយត្រូវបានរក្សាទុកក្នុងទូក្លាស្សេនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងរាជធានីភ្នំពេញ។
ការធ្វើតេស្តិ៍លើសំណាកទាំងនោះ កាលពីឆ្នាំមុនបានបង្ហាញថា វាជាពូជសត្វប្រចៀវមានទំនាក់ទំនងស្និទ្ធនឹងវីរុសកូវីដ-១៩ ដែលបានផ្ដាច់ជីវិតមនុស្សអស់ជាង៤,៦លាននាក់នៅទូទាំងពិភពលោក។
ក្រុមស្រាវជ្រាវមកពីវិទ្យាស្ថានប៉ាស្ទ័រ ដែលមានគ្នា៨នាក់ បាននិងកំពុងប្រមូលសំណាកពីសត្វប្រចៀវ ដើម្បីសិក្សាពីអម្បូរ ភេទ អាយុរបស់ពួកវា និងព័ត៌មានលម្អិតផ្សេងៗទៀត។ ការសិក្សាស្រាវជ្រាវស្រដៀងគ្នានេះ ក៏កំពុងធ្វើឡើងនៅក្នុងប្រទេសហ្វីលីពីន ផងដែរ។
ស្ត្រីឈ្មោះ ហែម ថាវរី ដែលជាអ្នកសម្របសម្រួល កម្មវិធីចុះសិក្សាស្រាវជ្រាវផ្ទាល់ដែលទទួលបានជំនួយមូលនិធិពីបារាំង ខាងលើនេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា “យើងសង្ឃឹមថា លទ្ធផលទទួលបានពីការសិក្សានេះ អាចជួយឱ្យពិភពលោក ស្វែងយល់កាន់តែប្រសើរជាងមុនអំពីវីរុសកូវីដ-១៩”។
លោកវេជ្ជបណ្ឌិត ដួង វាសនា ប្រធានផ្នែកវិសាណូសាស្ត្រ (ការសិក្សាអំពីវីរុស) នៅវិទ្យាស្ថានប៉ាស្ទ័របានថ្លែងថា វិទ្យាស្ថានរបស់លោក បានចុះបេសកកម្មបែបនេះចំនួន៤លើករួចមកហើយ ក្នុងរយៈពេល២ឆ្នាំមកនេះ ដោយសង្ឃឹមថាទទួលបានតម្រុយអំពីប្រភពដើម និងការវិវឌ្ឍនៃវីរុសកូវីដ-១៩ ដែលបង្កដោយសត្វប្រចៀវ។
លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា “យើងចង់សិក្សាស្វែងយល់ថា តើវីរុសនេះនៅតែមាននៅទីនោះឬយ៉ាងណា និងដើម្បីដឹងថា តើវីរុសនេះមានការវិវឌ្ឍន៍យ៉ាងដូចម្តេច”។
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា វីរុសកាចសាហាវជាច្រើន ដែលមានប្រភពចេញពីសត្វប្រចៀវរួមមានដូចជាអេបូឡា (Ebola) និងវីរុសស្រដៀងកូវីដ-១៩ ផ្សេងៗទៀតដូចជាសា (SARS) និងមឺស (MERS) ជាដើម។
លោកវេជ្ជបណ្ឌិតដួង វាសនា បានមានប្រសាសន៍ថា “មនុស្សលោកគឺជាអ្នកទទួលខុសត្រូវ ចំពោះការសោកនាដកម្ម ដែលបង្កឡើងដោយវីរុសកូវីដ-១៩ ព្រោះមនុស្សបានទន្ទ្រានចូល និងបំផ្លិចបំផ្លាញដែនជម្រកធម្មជាតិនានា”៕