ដោយៈសុជាតា
ភ្នំពេញៈ ផ្លូវជាតិលេខ៥១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំនុចថ្នល់ទទឹងតភ្ជាប់ទៅផ្លូវជាតិលេខ៥ ត្រង់ចំនុចផ្សារឧដុង្គ ខេត្តកណ្តាលកំពុងទាក់ទាញការវិនិយោគលើរោងចក្រ ឧស្សាហកម្មនិងលំនៅដ្ឋានតម្លៃមធ្យមកាន់តែច្រើន។
ផ្លូវជាតិដ៏សំខាន់នេះ មានប្រវែង៣៧.៩៥គីឡូម៉ែត្រ និងចំងាយប្រមាណ១៨
គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។
ផ្លូវជាតិលេខ៥១កំពុងផ្លាស់ប្តូរមុខមាត់ថ្មី ក្នុងវិស័យអចលនទ្រព្យ ជាពិសេសគឺវិស័យដីធ្លី។ កំណើននៃវិស័យអចលនទ្រព្យនៅក្នុងតំបន់នេះ ដោយសារផ្លូវនេះនឹងក្លាយជាផ្នែកមួយ នៃផ្លូវក្រវ៉ាត់ក្រុងទីបួននៅថ្ងៃអនាគត និងជាផ្លូវយុទ្ធសាស្ត្រមួយសម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញឆ្ពោះ ទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។
លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានប្រាប់property Area Asiaនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ថា ការអភិវឌ្ឍផ្លូវលេខ៥១ គឺស្ថិតនៅក្នុងតំបន់ ដែលអំណោយផលខាងឧស្សាហកម្ម ផ្នែករោងចក្រ ឃ្លាំង រួមទាំងតំរូវការលំនៅ ដ្ឋានផ្សេងៗ ដែលប្រកបអាជីវកម្ម និងធ្វើការនៅតាមរោងចក្រនាពេលបច្ចុប្បន្ន និងនៅពេលអនាគត។
លោកបន្តថា “ពីដើមឡើយ ប្រវត្តិផ្លូវលេខ៥១ គឺមានការអភិវឌ្ឍពុះដីឡូក្បែរផ្លូវជាតិ៥១ ប៉ុន្តែនៅពេលគម្រោងអភិវឌ្ឍ និងការវិនិយោគកើនឡើង ធ្វើអោយតំបន់នេះជាបណ្តុំឧស្សាហកម្មវិញ។ ចំពោះតម្លៃដីចាប់ពី៥០ដុល្លារ រហូតដល់៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េអាស្រ័យទំហំដី និងទីតាំង”។
លោកបញ្ជាក់បន្ថែមទៀតថា ដរាបណាប្រទេសកម្ពុជា រក្សាបានស្ថេរភាពនយោបាយ និងស្ថេរភាពសេដ្ឋកិច្ច ហើយនៅពេលវិបត្តិកូវីត១៩បញ្ចប់ រដ្ឋាភិបាលបើកប្រទេសឡើងវិញ នោះស្ថានភាពផ្លូវលេខ៥១ នឹងក្លាយទៅទីតាំងដ៏ល្អបំផុត ក្នុងការទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ពីព្រោះថាប្រទេសកម្ពុជា ជាប្រទេសដែលបើកចំហជើងមេឃ សម្រាប់បណ្តាប្រទេសជុំវិញពិភពលោក។
យើងសង្កេតឃើញមើលឃើញថា ផ្លូវលេខ៥១ ជាតំបន់អំណោយផលខាងឧស្សាហកម្ម ដែលមានផ្លូវស្អាត ធំទូលាយ ដែលបង្កងាយស្រួលដឹកជញ្ជូនទៅកាន់ផ្លូវជាតិលេខ ៤ ទីក្រុងកំពង់សោម និង ផ្លូវជាតិលេខ៣ផងដែរ។ ផ្លូវនេះ គឹគម្រោងសាងស់ងលំនៅដ្ឋានបានដែរ ពីព្រោះកាលណាមានតំបន់ឧស្សាហកកម្ម គឺមានបងប្អូនយើងស្នាក់នៅ ដើម្បីបំពេញការងារអោយឧស្សាហកម្ម ប៉ុន្តែលំនៅដ្ឋាននេះ គឺផ្តោតទៅលើអតិថិជនលំដាប់មធ្យម និងក្រោមមធ្យមផងដែរ។
លោកសន សៀប ជាស្ថាបនិក និងនាយកក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានមាន ប្រសាសន៍ថា ដីធ្លីតាមបណ្តោយផ្លូវជាតិលេខ៥១ ជាតំបន់ខ្ពង់រាប មិនលិចទឹកតភ្ជាប់គ្នារវាងផ្លូវជាតិសំខាន់ៗ មានផ្លូវវរថភ្លើងឆ្លងកាត់ត្រង់ចំណុចផ្សារបាត់ដឹង និងស្ថិតនៅជាប់នឹងតំបន់វិនិយោគថ្មី នៃខណ្ឌព្រែកព្នៅ ដែលចំណុចទាំងនេះ បានផ្តល់ភាពអំណោយផលសម្រាប់តំបន់ទាំងមូល៕