ដោយៈសុជាតា
សឹង្ហបុរីៈ ក្រុមហ៊ុន Pan Pacific Hotels Group ដែលមានមូលដ្ឋាននៅសិង្ហបុរី នឹងបើកដំណើរការសណ្ឋាគារថ្មីចំនួន១៣ កន្លែងនៅទីក្រុងសំខាន់ៗចំនួន១០ នៅតំបន់អាស៊ាន គិតត្រឹមឆ្នាំ២០២៤ ក្នុងនោះក្រុមហ៊ុនគ្រោងវិនិយោគសណ្ឋាគារ ចំនួន២ទីតាំងនៅកម្ពុជា។
គម្រោងវិនិយោគនេះ នឹងបន្ថែមបន្ទប់ជាង 3 300 ពីលើបន្ទប់សណ្ឋាគារ ដែលមានស្រាប់របស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យចំនួនសណ្ឋាគារ និងរមណីយដ្ឋានសរុបចំនួនចំនួន៤៨កន្លែងនៅទូទាំងទីក្រុងចំនួន២៩។
គម្រោងវិនិយោគនេះ ក៏នឹងអនុញ្ញាតឱ្យក្រុមហ៊ុន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ UOL Group បង្កើតវត្តមានរបស់ខ្លួន នៅក្នុងទីក្រុងរួមមានទីក្រុងឡុងដ៍ គូឡាឡាំពួ ហ្សាកាតា ដាលីអាន (Dalian) ហាណូយ ភ្នំពេញ និងសៀមរាប។
គម្រោងបើកដំណើរសណ្ឋាគារទាំងនេះ ក៏រួមបញ្ចូលទាំងការបើកដំណើរការដំបូងនៃប្រ៊ែនសណ្ឋាគាររបស់ខ្លួន Parkroyal Collection នៅក្រៅប្រទេសសិង្ហបុរីផងដែរ។
ការពង្រីកវិនិយោគជាសកលនេះ បានចាប់ផ្តើមពីការបើកដំណើរការ សណ្ឋាគារថ្មី Parkroyal Monash Melbourne នៅអូស្ត្រាលី និងសណ្ឋាគារ Pan Pacific London នៅចក្រភពអង់គ្លេស ហើយនឹងបន្តការដំណើរការសណ្ឋាគារថ្មីចំនួន១៣ កន្លែងផ្សេងទៀតក្នុងរយៈពេលបីឆ្នាំខាងមុខនេះ។
លោក Choe Peng Sum អគ្គនាយកប្រត្តិបត្តិក្រុមហ៊ុន Pan pacific បានមានប្រសាសន៍ថា យើងទទួលស្គាល់ពិភពលោក កំពុងជួបប្រទះវិបត្តិ Covid 19 នាពេលបច្ចុប្ប ន្ន ប៉ុន្តែនៅរយៈពេលយូរ អាជីវកម្ម និង សេដ្ឋកិច្ច នឹងត្រូវដោះស្រាយឆ្លងតាមវិធានការផ្សេងៗទៀត។
លោកបន្តថា “ការធ្វើដំណើរសម្រាប់សំរាកកាយ និងអាជីវកម្មនឹងត្រូវចាប់ផ្តើម។ ហើយឧស្សាហកម្មបដិសណ្ឋាកិច្ច នឹងប្រសើរឡើងវិញនោះ យើងមានឱកាសពង្រីកយុទ្ធសាស្រ្តអាជីវកម្ម សម្រាប់ទីក្រុងសំខាន់នៅថ្ងៃអនាគត”៕