ដោយៈគង់ សូរិយា
កំពង់ស្ពឺៈ អ្នកជំនាញកំពុងសម្លឹងឃើញសក្តានុពលខេត្តកំពង់ស្ពឺ ដែលមានសក្តានុពលលើការអភិវឌ្ឍន៍រោងចក្រ សហគ្រាសនានា ពិសេសលំនៅដ្ឋានដែលកំពុងមានតម្រូវការ ដោយសារហេតុផលមួយចំនួន។
លោកឧកញ៉ាសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញសង្គមតេឡេក្រាម នាព្រឹកថ្ងៃទី២៧ កញ្ញានេះថា ភាពអំណោយផលនិងសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ដោយសារខេត្តនេះ ស្ថិតនៅជាប់រាជធានីភ្នំពេញ មានទីតាំងអំណោយុផលដល់រោងចក្រ ឧស្សាហកម្មនានា ដែលបណ្តុំដោយមនុស្សរស់នៅច្រើន ទើបធ្វើឲ្យខេត្តនេះមានតម្រូវការសំណង់បុរី លំនៅដ្ឋានច្រើនជាបន្តបន្ទាប់។
លោកបន្តថា “កំពង់ស្ពឺជាខេត្តចន្លោះរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុដែលធ្វើឲ្យខេត្តនេះ មានភាពអំណោយផលដល់ការវិនិយោគរោងចក្រ សហគ្រាស ដែលងាយស្រួលក្នុងការដឹកជញ្ជូន ងាយស្រួលក្នុងការចែកចាយទំនិញ”។ លោកបន្តថា “អ្វីកាន់ពិសេសគឺខេត្តនេះបាន និងកំពុងកសាងស្តាតថ្មីមួយ ដែលជួយលើកកំពស់មុខមាត់របស់ខេត្ត ជាមួយនឹងជីវភាពប្រជាពលរដ្ឋក្នុងខេត្តនេះកាន់តែធូរធារ ដែលទទួលបានផលចំណេញ និងចំណូលខ្ពស់ពីការទិញលក់ដីធ្លី”។
លោកសំ សុខនឿនបានបន្តថា កត្តាសំខាន់ៗនេះហើយ បានធ្វើឲ្យតម្រូវការលំនៅដ្ឋានក្នុងខេត្តនេះមានភាពកើនឡើង ព្រោះពេលប្រជាពលរដ្ឋទទួលបានចំណូលពីការលក់ដីធ្លី សម្រាប់រោងចក្រ ឧស្សាហកម្មនានា បានធ្វើឲ្យពួកគាត់ចង់បានលំនៅដ្ឋានស្អាត ស៊ីវិល័យ និងមានហេដ្ឋារចនាសម្ព័ន្ឋត្រឹមត្រូវ មានរបៀបរស់នៅត្រឹមត្រូវ។
លោកឧកញ៉ាបន្តថា ការពិតកំពង់ស្ពឺបាន និងកំពុងក្លាយជាចំណុចកណ្តាលមួយ ដែលបាននិងកំពុងរីកចម្រើន ទាក់ទាញការវិនិយោគ ដោយសារហេដ្ឋារចនាសម្ព័ន្ឋធំៗដូចជាផ្លូចជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤៤ជាដើម បាននិងកំពុងក្លាយជាមូលដ្ឋានដឹកជញ្ជូន និងជំរុញការរីកចម្រើនសេដ្ឋកិច្ចកាន់តែរ៉ឹងមាំ និងល្អប្រសើរសម្រាប់បច្ចុប្បន្ននិងទៅអនាគត។
រដ្ឋបាលរាជធានីភ្នំពេញ កាលពីឆ្នាំមុនបានជម្រុញឲ្យរោងចក្រ សហគ្រាសនានាចាកចេញពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តនានា ពិសេសតំបន់ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៥១៕