គម្រោងអភិវឌ្ឍន៍ផ្ទះលំហែកាយ Forest Harmony ជំរុញ សក្ដានុពលវិនិយោគ ខេត្តកំពតកាន់តែខ្លាំង

0

        ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍លំនៅឋានលំហែកាយ Forest Harmony ក្នុងទឹកដីខេត្តកំពត បាននិងកំពុងធ្វើឱ្យខេត្តជាប់មាត់សមុទ្រមួយនេះ កាន់តែមានភាពទាក់ទាញដល់វិនិយោគលើវិស័យអចលនទ្រព្យ និងបង្កើនសកម្មភាពនៃការទិញលក់ដីធ្លីក្នុងទឹកដីខេត្តកំពតមួយកម្រិតទៀតផងដែរ។

 

គម្រោងវិនិយោគលំនៅឋានលំហែកាយ Forest Harmony បាននិងកំពុងធ្វើសកម្មភាពមមាញឹក ក្នុងការអភិវឌ្ឍនៅលើផ្ទៃដី៩៧ហិចតា ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ និងចំងាយប្រមាណ១៦គីឡូម៉ែត្រពីទីរួមខេត្តកំពត ។ គម្រោងនេះបាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ អ្នកដែលមានជីវភាព ធូរធាក្នុងបណ្ដាក់ទុនវិនិយោគ និងជំរុញឱ្យសក្ដានុពល នៅក្នុងខេត្តកំពតកាន់តែមានសន្ទុះ ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី ។

លោកអ៊ិន ស៊ីថា អគ្គនាយកក្រុមហ៊ុនForest Harmony បានឱ្យដឹងកាលពីពេល​ថ្មី​ៗនេះថា គម្រោងForest Harmony ស្ថិតនៅលើផ្ទៃដីអភិវឌ្ឍន៍៩៧ហិចតា ហើយនៅក្នុងនោះដែរ ក៏មានគម្រោងតូចៗប្រមាណ៥ទៅ៦គម្រោងទៀត។ បច្ចុប្បន្ននេះ គម្រោងអភិវ​ឌ្ឍន៍មួយនេះ កំពុងបង្កើតនូវសហគមន៍មួយដែលមានផ្ទះវីឡាផ្សេងៗ ឱ្យស្របនឹងការរស់នៅរបស់អ្នកដែលបានទិញគម្រោងរបស់ពួកយើង ។

លោកបន្តថា “គម្រោងមួយនេះបានរចនាតាមបែបអឺរ៉ុប ផ្សាភ្ជាប់ជាមួយនឹងរចនាបថតាមបែបខ្មែរយើងផងដែរ។ គម្រោងនេះ កំពុងតែបង្ហាញពីសក្ដានុពលខ្លាំង សម្រាប់ខេត្តកំពត ជាពិសេសតំបន់នៅជុំវិញទីរួមខេត្តកំពត ដោយសារតែភូមិសាស្ត្រ លាតសន្ធឹងនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ដែលមានចំងាយប្រមាណ១២៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ”។ លោកបន្តថា “ការធ្វើដំណើរពីភ្នំពេញទៅកាន់ទឹកដីខេត្តកំពត ក៏កាន់ងាយស្រួល ដោយរដ្ឋាភិបាលបានសាងសង់ផ្លូវស្អាត ស្រួលធ្វើដំណើរជាងមុន ដែលអាចចំណាយពេលប្រមាណ២ម៉ោងឬ២ម៉ោងកន្លះ នឹងទៅដល់ខេត្តកំពត”។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានលើកឡើងផងដែរថា ផ្ទះលំហែកាយនឹងក្លាយជាផ្ទះទី២ ដែលពេញនិយមនៅពេលអនាគតឆាប់ៗខាងមុខនេះ ហើយនៅពេលពលរដ្ឋ កាន់តែមានជីវភាពធូរធាតម្រូវការផ្ទះទី២នេះនឹងកាន់តែកើនឡើងខ្ពស់។

លោកបន្តថា “ការអភិវឌ្ឍផ្ទះលំហែកាយនេះដែរ ក៏មើលទៅលើទីតាំងសក្ដានុពលផងដែរ ក្នុងនោះតំបន់ដែលមានតំបន់ទេសចរណ៍ រមណីយដ្ឋានច្រើននឹងទាក់ទាញដល់ការវិនិយោគលើលំនៅឋានលំហែកាយ”។លោកបន្តថា “សម្រាប់ខេត្តកំពតជាខេត្តមួយមានអំណោយផល ខាងការអភិវឌ្ឍលំនៅឋានលំហែកាយនេះដែរ ព្រោះវាមិនឆ្ងាយពីភ្នំពេញ និងមានទេសភាពស្អាត និងរមណីយដ្ឋានសំបូរបែប”។

លោកសុខនីមបន្តថា ការអភិវឌ្ឍលំនៅឋានលំហែកាយរបស់Forest Harmony នឹងជំរុញឱ្យសក្ដានុពលវិនិយោគ លើអចលនទ្រព្យនៅក្នុងទឹកដីខេត្តកំពត កាន់តែមានសន្ទុះមួយកម្រិតទៀត ជាមួយនឹងការទាក់ទាញវិនិយោគជាតិ និងអន្តរជាតិឆ្ពោះទៅរការវិនិយោគជាបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here