ដោយៈសុខុម
សេអ៊ូល: មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង មួយរូបបានទម្លាយឱ្យដឹងកាលពីថ្ងៃច័ន្ទទី២៧ កញ្ញាថា ប្រទេសនេះនឹងដាក់ចេញវិធានការបន្ថែមនៅខែក្រោយ ដើម្បីទប់បំណុលគ្រួសារដែលកើនឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Korea Times។
លោក Koh Seung-beom ប្រធានគណៈកម្មាធិការសេវាកម្មហិរញ្ញវត្ថុ (Financial Services Commission (FSC)) បានថ្លែងថា វិធានការបែបនេះនឹងផ្តោតលើការកែលម្អវិធីវាយតម្លៃ និងគណនាសមត្ថភាពសងបំណុលរបស់គ្រួសារពលរដ្ឋ។
មន្ត្រីដដែលបានបន្ថែមទៀតថា រដ្ឋាភិបាលនឹងបន្តចាត់វិធានការតឹងរ៉ឹងជាងមុនដើម្បីគ្រប់គ្រងបំណុលគ្រួសារ ដោយចាត់ទុកបំណុលទាំងនោះជា “ហានិភ័យធំបំផុត” ដែលអាចបង្កផលប៉ះពាល់មកលើសេដ្ឋកិច្ចរបស់ប្រទេស។
ចាប់តាំងពីខែកក្កដា ប្រធានគណៈកម្មាធិការសេវាកម្មហិរញ្ញវត្ថុបានអនុវត្តការវាយតម្លៃ និងការគណនាប្រាក់កម្ចីតឹងរ៉ឹងជាងមុនសម្រាប់ប្រាក់កម្ចីទិញផ្ទះ។ វិធីសាស្ត្រនោះថ្លឹងថ្លែងវាស់វែងថា តើអ្នកខ្ចីត្រូវសងរម្លស់ប្រាក់ដើមប៉ុន្មាន និងការប្រាក់ប៉ុន្មានដើម្បីឱ្យសមាមាត្រទៅនឹងចំណូលប្រចាំឆ្នាំរបស់ពួកគេ។
យោងតាមទិន្នន័យរបស់ធនាគារកណ្តាលកូរ៉េ (BOK) បង្ហាញថា កម្ចីគ្រួសារបានឈានដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានចំនួន១.៨០៥ទ្រីលានវ៉ុន (១.៥៤ទ្រីលានដុល្លារ) នៅក្នុងខែមិថុនា ដោយកើនឡើង៤១.២ទ្រីលានវ៉ុន (៣៥ពាន់លានដុល្លារ) កាលពី៣ខែមុន។
កំណើននេះកើតមានឡើង នៅពេលប្រជាជនខ្ចីលុយដើម្បីទិញផ្ទះ ស្របពេលតម្លៃផ្ទះហក់ឡើងខ្ពស់។ តម្រូវការប្រាក់កម្ចី ដែលមិនទាមទារទ្រព្យដាក់បញ្ចាំនៅតែមានខ្ពស់ ស្របពេលមានការកើនឡើងនូវការវិនិយោគលើភាគហ៊ុន។
នៅខែសីហា ធនាគារកណ្ដាលកូរ៉េ បានដំឡើងការប្រាក់ជាលើកដំបូងរបស់ខ្លួនក្នុងសម័យកូវីដ-១៩ នៅពេលឃើញស្ថានភាពសេដ្ឋកិច្ចប្រសើរឡើង ដើម្បីដោះស្រាយអតិផរណាកើនឡើង និងគ្រប់គ្រងបំណុលគ្រួសារដែលកំពុងកើនឡើង ដោយបញ្ចប់រយៈពេល១៥នៃការយកការប្រាក់ទាបមិនធ្លាប់មាន។
វាជាការដំឡើងអត្រាការប្រាក់ ជាលើកដំបូងចាប់តាំងពីខែឧសភា ឆ្នាំ២០២០ ជាពេលដែលធនាគារកណ្ដាលកូរ៉េ បានបញ្ចុះអត្រាការប្រាក់មកនៅកម្រិតទាបបំផុតមិនធ្លាប់មានត្រឹមតែ០.៥%។
កាលពីដើមខែនេះ ធនាគារកណ្ដាលកូរ៉េបាននិយាយថា ខ្លួននឹងកែសម្រួលការបន្ធូរបន្ថយរបស់ខ្លួនផ្នែករូបិយវត្ថុជាបណ្តើរៗ ខណៈខ្លួនព្យាយាមបំពេញឱ្យបានតាមគោលដៅអតិផរណា២%សម្រាប់ឆ្នាំនេះ ស្របពេលមានសញ្ញាបង្ហាញថា សេដ្ឋកិច្ចងើបឡើងវិញយ៉ាងរឹងមាំពីវិបត្តិរីករាលវីរុសកូវីដ-១៩៕ Yonhap៕