ដោយៈសុខុម
ភ្នំពេញ: វាជាលើកដំបូងហើយ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលលោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានរៀបចំជំនួបពិភាក្សាត្រីភាគីកាលពីថ្ងៃទី២៦ កញ្ញា ជាមួយលោក Thongloun Sisoulith អគ្គលេខាធិការបក្សបដិវត្តន៍ប្រជាមានិតឡាវ និងសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសារព័ត៌មាន Asia Times ដែលបានចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៧ កញ្ញា។
ក្រុមអ្នកវិភាគ និងអ្នកសង្កេតការណ៍មើលឃើញថា ជំនួបពិភាក្សាត្រីភាគីដ៏កម្រដែលរៀបចំឡើង ដោយរដ្ឋាភិបាលក្រុងហាណូយ នេះគឺជាចំណាត់ការដ៏សំខាន់មួយ ខណៈដែលវៀតណាម ព្យាយាមបញ្ជាក់ជាថ្មីអំពីឥទ្ធិពលរបស់ខ្លួន មកលើសម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្រទាំង២ ដែលបានងាកទៅស្រវាឱបមហាយក្សចិន កាន់តែស្អិតរមួតនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អស់រយៈពេលជាយូរមកហើយ ដែលបក្សកុម្មុយនីស្តវៀតណាម បានចាត់ទុកថាខ្លួនជាអ្នកមានគុណ និងជា “បងធំ” របស់បក្សកាន់អំណាចសព្វថ្ងៃក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ដែលខ្លួនធ្លាប់ជួយជ្រោមជ្រែង ឱ្យបានឡើងកាន់អំណាចអំឡុងទសវត្សរ៍ឆ្នាំ១៩៧០។
ប្រទេសវៀតណាម បានជួយគាំទ្រដល់រដ្ឋាភិបាលសង្គមនិយម នៃប្រទេសទាំង២ ស្ទើរតែទាំងស្រុង មុននឹងប្រទេសទាំង២ បើកចំហស្វាគមន៍ពិភពលោក ក្នុងទសវត្សរ៍ឆ្នាំ១៩៩០។
លោក Carl Thayer សាស្រ្តាចារ្យមកពីសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលី បានប្រាប់សារព័ត៌មាន Asia Times ថា ជំនួបពិភាក្សាត្រីភាគីនេះ “គឺជាសញ្ញាដ៏សំខាន់មួយ ដែលបង្ហាញថា វៀតណាមកំពុងព្យាយាមធ្វើឱ្យប្រាកដថា ខ្លួនមិនត្រូវបានមហាយក្សចិន បន្សាបឥទ្ធិពល”។
សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអ ញ្ជើញទៅដល់ទីក្រុងហាណូយ តំណាងឱ្យគណបក្សប្រជាជនកម្ពុជា និងលោក Thongloun Sisoulith អគ្គលេខាធិការបក្សបដិវត្តន៍ប្រជាមានិតឡាវ ក៏បានចូលជួបសវនាការ សម្ដែងការគួរសមជាមួយលោក Nguyen Xuan Phuc ប្រមុខរដ្ឋរបស់វៀតណាម ផងដែរ។
ទន្ទឹមនេះគេជឿថា សម្ដេចតេជោហ៊ុន សែន ក៏បានចូលជួបសវនាការសម្ដែងការគួរសមជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រវៀតណាមផងដែរ។
ប្រទេសវៀតណាម តែងតែអះអាងមិនដាច់ពីមាត់ថា ខ្លួនជាអ្នកមានគុណលើគណបក្សប្រជាជនកម្ពុជា ដែលបានឡើងកាន់អំណាចនៅក្នុងឆ្នាំ១៩៧៩ ក្រោយពីវៀតណាម បានជួយធ្វើសង្គ្រាម ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយជោគជ័យ។
បក្សកុម្មុយនីស្តវៀតណាម ក៏បានអះអាងដែរថា ខ្លួនជាអ្នកមានគុណរបស់បក្សបដិវត្តន៍ប្រជាមានិតឡាវ កាន់អំណាចសព្វថ្ងៃ ដែលខ្លួនបានជួយឱ្យឡើងកាន់អំណាច ក្នុងឆ្នាំ១៩៧៥ ក្រោយពីមានសង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាច្រើនទសវត្សរ៍នៅក្នុងប្រទេសនេះ។
ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសឡាវ និងកម្ពុជា ដែលជាសម្ព័ន្ធមិត្ត ក្នុងសម័យសង្គ្រាមត្រជាក់របស់ខ្លួន គឺជាគោលដៅដ៏សំខាន់មួយសម្រាប់បក្សកុម្មុយនីស្តវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នៅឯសមាជជាតិរបស់ខ្លួនក្នុងខែមករា ដើមឆ្នាំ២០២១ បក្សកុម្មុយនីស្តវៀតណាម បានប្រកាសថា ប្រទេសវៀតណាម គួរតែយកចិត្តទុកដាក់ជាសំខាន់ ចំពោះការរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជិតខាង។
អតីតនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដែលជាប្រមុខរដ្ឋទើបជាប់ឆ្នោតរបស់វៀតណាម បានធ្វើទស្សនកិច្ចនៅក្រៅប្រទេស ជាលើកដំបូងរបស់លោកទៅកាន់ប្រទេសឡាវ កាលពីខែសីហា ឆ្នាំនេះ។
លោក Thongloun Sisoulith ដែលបានជាប់ឆ្នោតជាអគ្គលេខាធិការបក្សបដិវត្តន៍ប្រជាមានិតឡាវ និងជាប្រមុខរដ្ឋនៃប្រទេសឡាវ កាលពីខែមករា ក៏បានធ្វើស្សនកិច្ចទៅកាន់ប្រទេសវៀតណាម កាលពីខែមិថុនាផងដែរ។
លោកសាស្រ្តាចារ្យ Carl Thayer បានលើកឡើងថា គំនិតផ្តួចផ្តើមរបស់វៀតណាម ក្នុងការរៀបចំជំនួបពិភាក្សាត្រីភាគីនេះឡើង គឺដើម្បីលើកកម្ពស់សារៈសំខាន់នៃរបបសេរីពហុបក្ស។
លោកបានបន្ថែមថា “ប្រទេសវៀតណាម ហាក់កំពុងព្យាយាមពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីឡើងវិញ នៅក្រោយពេលវិបត្តិកូវីដបញ្ចប់”។
យោងតាមទិន្នន័យផ្លូវការបង្ហាញថា នៅចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ វៀតណាម បានក្លាយជាវិនិយោគិនធំបំផុតទី៣ នៅប្រទេសឡាវ ហើយទុនវិនិយោគរបស់ខ្លួនបានកើនឡើង១៣០ភាគរយ នៅក្នុងឆ្នាំ២០២០។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសជិតខាងទាំង២ មានទំហំ៥៧០លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២១ ដោយកើនឡើង៣៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
ទន្ទឹមនេះវៀតណាម ក៏នៅតែជាវិនិយោគិនដ៏សំខាន់មួយ នៅក្នុងប្រទេសកម្ពុជា ផងដែរ ដោយពាណិជ្ជកម្មទ្វេភាគី បានកើនលើស៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២១ ដោយកើនឡើងស្ទើរតែទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
លោក Le Hong Hiep អ្នកជំនាញមកពីវិទ្យាស្ថានសិក្សាស្រាវជ្រាវឈានមុខគេ ISEAS-Yusof Ishak Institute នៅប្រទេសសិង្ហបុរីបានលើកឡើងថា “ដោយសារប្រទេសទាំង៣ មានសារៈសំខាន់ចំពោះគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការជិតស្និទ្ធលើបញ្ហានានា ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពិតជាមានសារៈសំខាន់ណាស់ចំពោះសុខុមាលភាពសេដ្ឋកិច្ច និងសន្តិសុខជាតិនៃប្រទេសនីមួយៗ”។
ទោះជាយ៉ាងណា ទំនាក់ទំនងស្អិតរមួតរវាងប្រទេសទាំង៣ ហាក់ប្រែខុសពីមុន ក្រោយពីមហាយក្សចិន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានងាកមកពង្រឹងទំនាក់ទំនងជាមួយប្រទេសឡាវ និងកម្ពុជា កាន់តែស្អិតរមួត មិនថាផ្នែកការទូត ការផ្ដល់ជំនួយ និងការវិនិយោគ ដែលធ្វើឱ្យរដ្ឋាភិបាលក្រុងហាណូយ មិនសប្បាយចិត្តយ៉ាងខ្លាំង។
ប្រទេសចិន បានបោះទុនវិនិយោគសរុបរហូតដល់ ប្រមាណ១៦ពាន់លានដុល្លារអាមេរិក នៅក្នុងប្រទេសឡាវ ចាប់តាំងពីឆ្នាំ១៩៨៩មក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ថ្មីៗនេះដោយក្រសួងវិនិយោគ និងផែនការរបស់ប្រទេសឡាវ។
គម្រោងទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាស ជាច្រើនរបស់ប្រទេសឡាវ ត្រូវបានសាងសង់ និងចំណាយដោយរដ្ឋាភិបាលក្រុងប៉េកាំង ហើយបណ្ដាខេត្តភាគខាងជើងនៃប្រទេសនេះសព្វថ្ងៃ ពឹងផ្អែកយ៉ាងខ្លាំងលើមូលធនរបស់ប្រទេសចិន។
ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលក្រុងប៉េកាំង បានក្លាយជាវិនិយោគិនធំចម្បងនៅប្រទេសកម្ពុជាផងដែរ ដោយនៅអំឡុងឆ្នាំ២០១៤ ប្រទេសចិនបានជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលចាស់ទ្រុឌទ្រោមក្នុងប្រទេសនេះ និងផ្ដល់ការគាំទ្រដល់កម្ពុជា នៅលើឆាកអន្តរជាតិ ដើម្បីបង្ហាញពីសាមគ្គីភាពដ៏រឹងមាំ ឬមិត្តភាពដែកថែប។
អ្វីដែលជាការគួរឱ្យកត់សម្គាល់ នៅដើមឆ្នាំ២០១៧ កម្ពុជា បានផ្អាកជាឯកតោភាគីនូវសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក ដែលធ្វើឱ្យមហាអំណាចទី១របស់ពិភពលោកមួយនេះ មិនសប្បាយចិត្តយ៉ាងខ្លាំង។ ក្រោយមកសហរដ្ឋអាមេរិក ក៏បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានថា កម្ពុជា មានផែនការអនុញ្ញាតឱ្យមហាយក្សចិន បោះមូលដ្ឋានយោធានៅក្នុងទឹកដីរបស់ខ្លួន។
ងាកមកវៀតណាមវិញ ប្រទេសនេះមានជម្លោះតានតឹងជាមួយប្រទេសចិន ជាច្រើនឆ្នាំមកហើយ ជុំវិញដែនដីនៅសមុទ្រចិនខាងត្បូង ដែលអ្នកវិភាគមួយចំនួនយល់ថា អាចនឹងឈានដល់ជម្លោះប្រដាប់អាវុធនៅថ្ងៃណាមួយទៀតផង៕ Asia Times៕