ដោយៈគង់ សូរិយា
ភ្នំពេញៈ តើភស្តុភារកម្មបៃតងគឺជាអ្វី? ខណៈដែលអ្នកជំនាញ នៃទីភ្នាក់ងារសហប្រតិបត្តិការប្រទេសជប៉ុន បាននិងកំពុងជម្រុញការលើកកំពស់វិស័យនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ភស្តុភារកម្មបៃតង គឺផ្តោតសំខាន់ទៅលើស្ថេរភាពរបស់ភស្តុភារកម្ម ដែលជាស្នូលនៃប្រតិបត្តិការប្រព័ន្ធដឹកជញ្ជូនទំនើប និងការគ្រប់គ្រងលើបំលាស់ទីនៃការដឹកជញ្ជូន ជាមួយនឹងការធានាបាននូវធាតុផ្សំទាំងបីគឺ សេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន។
ជាមួយនឹងការយកចិត្តទុកដាក់លើបញ្ហានេះ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកជំទាវកុយ សុដានី ដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យមើលឡើងវិញ នូវវឌ្ឍនភាពនៃការអនុវត្តគម្រោងធ្វើ ឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា របស់ក្រុមប្រតិបត្តិការងារ នៃគណៈកម្មការគ្រប់គ្រងគម្រោង (PMU)។
ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្មកម្ពុជា របស់ក្រុមប្រតិបត្តិការងារ នៃគណៈកម្មការគ្រប់គ្រងគម្រោង (PMU) ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ក្រុមជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) និងក្រុមទីប្រឹក្សាជាតិនៃគម្រោងផងដែរ។
អង្គប្រជុំបានពិភាក្សាលើវឌ្ឍនភាពសកម្មភាពការងារ ក្នុងរយៈពេលមួយខែកន្លងមករបស់ក្រុមការងារភស្តុភារកម្មបៃតង (Green Logistics) ក្រុមការងារទទួលបន្ទុកមណ្ឌលភស្ដុភារកម្មប្រចាំតំបន់ (Regional Logistics Hub) ក្រុមការងារដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ (Cold Chain) ក្រុមការងារទំនើបកម្មរថយន្ដដឹកទំនិញ (Truck Modernization) ក្រុមការងារពិនិត្យតាមដាន និងវាយតម្លៃលើការអនុវត្តគម្រោង ក្រុមការងារសិក្សាចំពោះបណ្ដាញដឹកជញ្ជូនតាមព្រំដែន (Border Improvement) និងលទ្ធផលនៃការចុះអង្កេតនៅតំបន់ប៉ោយប៉ែត។
ថ្លែងទៅអង្គប្រជុំនាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីវ ឌ្ឃនភាពការងារសំខាន់ៗ នៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្មកម្ពុជារបស់ក្រុមប្រតិបត្តិការងារ នៃគណៈកម្មការគ្រប់គ្រងគម្រោង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមជំនាញការជប៉ុន និងក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានសហការគ្នាល្អ ក៏ដូចជាដែលបានខិតខំប្រឹងប្រែង បំពេញការងារប្រកដោយការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្ដុភារកម្មនៅកម្ពុជាឱ្យមានភាពប្រទាក់ក្រឡាគ្នា ប្រកបដោយភាពប្រកួតប្រជែង និងចីរភាព។
ជាមួយគ្នានេះ លោកជំទាវ បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធពិនិត្យកែសម្រួល និងពន្លឿនការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រនានាដែលត្រូវបង្កើតនៅក្នុងគម្រោងនេះ ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យសម្រេច សំដៅធ្វើយ៉ាងណាឱ្យគោលនយោបាយ ផែនការយុទ្ធសាស្ត្រទាំងនោះ មានលក្ខណៈសមស្រប និងអាចអនុវត្តបានទៅតាមស្ថានភាពជាក់ស្តែង នាពេលអនាគតរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ និងធានាបាននូវផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ៕