ដោយៈសហសេវិក
ភ្នំពេញៈ ថ្នាក់ដឹកនាំ និងសិស្សនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា នឹងបន្តអភិវឌ្ឍលើគម្រោងដ្រូន(Drone) ដែលកំពុងសិក្សាស្រាវជ្រាវសព្វថ្ងៃ ឲ្យក្លាយជាដ្រូនពិសេស ដើម្បីបម្រើការដល់វិស័យកសិកម្ម ដ្រូនតាក់ស៊ី និងប្រើប្រាស់សម្រាប់ពន្លត់អគ្គិសភ័យជាដើម។
លោកសាស្រា្តចារ្យ សារិន សិរីវុត្ថា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍប ច្ចេកវិទ្យានៃវិទ្យាស្ថានNPIC បានឲ្យដឹងនាព្រឹកថ្ងៃទី៣០ កញ្ញាកន្លងមកថា ដ្រូនដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ អាចដំណើរការដោយប្រើប្រាស់អាគុយ និងអាចដឹកបានទម្ងន់៦០គីឡូក្រាម ដោយហោះបានកម្ពស់៤ម៉ែត្ររយៈពេលដប់នាទី។
លោកឲ្យដឹងទៀតថា “ក្នុងដំណាក់កាលស្រាវជ្រាវ និងពិសោធសមត្ថភាពរបស់ដ្រូនពិសេសនេះ ក្រុមការងារបានប្រើប្រាស់ថវិកាប្រមាណ២ម៉ឺនដុល្លារ”។
ទាក់ទិននិងគម្រោងដ្រូននេះ យុវជន ជ្រោយ សុធារ៉ា និស្សិតឆ្នាំទី៣ ជំនាញវិស្វកម្មមេកានិច និងយុវជន ឡុញ វ៉ាន់ សិទ្ធិ និស្សិតឆ្នាំទី៤ ជំនាញវិស្វកម្មអេឡិចត្រូនិច បាននិយាយថា តាមគម្រោងផលិតដ្រូននេះ នឹងត្រូវចំណាយពេលរ៥ឆ្នាំ។ គិតមកទល់បច្ចុប្បន្ន ដ្រូនមួយនេះអាចជួយសម្រាល បន្ទុកការងារមនុស្សបានមួយចំណែកផងដែរ ខណៈដែលពួកគេរំពឹងថា ដ្រូននេះ នឹងអាចជួយសម្រាលការងារមនុស្ស កាន់តែច្រើនថែមទៀតលើវិស័យនានា ជាពិសេសវិស័យកសិកម្ម និងពន្លត់អគ្គិសភ័យ។
លោក ប៊ុន ភារិន នាយកវិទ្យាស្ថាន NPIC បានមានប្រសាសន៍ថា រយៈកាល១៦ឆ្នាំដែលលោកដឹកនាំមកនេះ សាលាពិតជាមានមោទនភាពជាមួយនិស្សិតខ្មែរ ដែលមានគំនិតច្នៃប្រឌិតច្រើន នៅពេលដែលរឿងខ្លះដែលនឹកមិនស្មានដល់ ក៏អាចធ្វើបានរាប់ទាំងឧបករណ៍សម្ភារៈ គ្រប់វិស័យទាំងផ្នែកមេកានិច អគ្គិសនីអេឡិចត្រូនិក និងឌីជីថលផ្សេងៗជាច្រើនទៀត ព្រោះរាល់ពេលនិស្សិតបញ្ចប់ការសិក្សា គាត់តែងតែធ្វើអ្វីមួយដើម្បីជាគម្រោងសម្រាប់បញ្ចប់ អញ្ចឹងស្នាដៃរបស់គាត់ប្លែកៗច្រើននិងគ្រប់វិស័យទាំងអស់។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ លោក ឡេង ណាវ៉ាត្រា និងលោក ឧកញ៉ាឡេង ប្រុស បាននាំយកថវិកាចំនួន១៥,០០០ដុល្លារអាមេរិក ជូនដល់វិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា(NPIC) សម្រាប់ការសិក្សាស្រាវជ្រាវ និងលើកទឹកចិត្តដល់សិស្សនិស្សិ ត ដែលខិតខំក្នុងការបង្កើតដ្រូននេះឡើង ដើម្បីជាប្រយោជន៍សង្គមជាតិទាំងមូល។
ដ្រូនពិសេសនេះ មានសមត្ថភាពដឹកមនុស្សបានម្នាក់ ដែលក្រុមនិស្សិតនៅវិទ្យាស្ថាន NPIC ផលិតឡើងនេះមានទម្ងន់សរុប ១២៥គីឡូក្រាម មានកៅអី១ ដៃបែកខ្នែងជា៤ បំពាក់ស្លាបចំនួន៨ វាមានសមត្ថភាពផ្ទុកទម្ងន់មនុស្ស ៦០គីឡូក្រាមចុះក្រោម និងអាចហោះត្រឹមកម្ពស់ពី ៥-៦ម៉ែត្រ និងចម្ងាយប្រមាណ១០០ម៉ែត្រ ខណៈវាស្ថិតក្នុងដំណាក់កាលសាកល្បង និងបន្ដអភិវឌ្ឍបន្ថែមទៀត។ ស្នាដៃរបស់និស្សិតកម្ពុជាខាងលើនេះ ក៏ទទួលបានការចាប់អារម្មណ៍ ពីបណ្ដាញសារព័ត៌មានអន្តរជាតិល្បីៗជាច្រើនផងដែរ៕