ស្រីលង្ការផ្អាកគម្រោងទិញចូលសញ្ញាប័ណ្ណរដ្ឋអធិបតេយ្យលើទីផ្សារអន្តរជាតិ ចំនួន១,៥ពាន់លានដុល្លារអាមេរិក

0

ដោយៈសុខុម

កូឡុំបូ: ធនាគារកណ្តាលនៃប្រទេសស្រីលង្កា បានប្រកាសកាលពីថ្ងៃច័ន្ទ ទី១១ តុលាថា ខ្លួននឹងផ្អាកគម្រោងទិញចូលសញ្ញាប័ណ្ណ រដ្ឋអធិបតេយ្យលើទីផ្សារអន្តរជាតិ (International Sovereign Bonds) ហៅកាត់ISB ចំនួន១,៥ពាន់លានដុល្លារអាមេរិក របស់ខ្លួន ដែលដល់ពេលកំណត់ត្រូវសងនៅឆ្នាំក្រោយ ដោយសារគ្មានអ្នកកាន់កាប់សញ្ញាប័ណ្ណ (ម្ចាស់បំណុល) ចាប់អារម្មណ៍ចង់លក់ចេញក្នុងអត្រាបញ្ចុះតម្លៃ។

សញ្ញាប័ណ្ណរដ្ឋអធិបតេយ្យ សំដៅដល់ឧបករណ៍ហិរញ្ញវត្ថុ បញ្ជាក់ពីការទទួលស្គាល់បំណុល ដែលត្រូវបានបោះផ្សាយក្នុងនាមរាជរដ្ឋាភិបាលលើទីផ្សារអន្តរជាតិ។

នៅខែនេះ ធនាគារកណ្តាលស្រីលង្កា បានប្រកាសថា ខ្លួននឹងទិញចូលវិញនូវ ISB ក្នុងអត្រាបញ្ចុះតម្លៃ ដែលជាផ្នែកមួយនៃផែនទីបង្ហាញផ្លូវរយៈពេល៦ខែ ដើម្បីកាត់បន្ថយបំណុលរយៈពេលខ្លី ក្នុងគោលបំណងធ្វើឱ្យវិនិយោគិនកាន់តែមានទំនុកចិត្ត។

ទោះជាយ៉ាងណា ធនាគារនេះនិយាយថា ក្នុងចំណោមISBចំនួន៥០០លានដុល្លារអាមេរិក ដែលដល់ពេលកំណត់ត្រូវសងនៅខែមករា ដើមឆ្នាំ២០២២ មានមិនដល់៥%នោះទេដែលគេដាក់លក់ក្នុងអត្រាបញ្ចុះតម្លៃ។

ទន្ទឹមនេះប្រទេសដែនកោះមួយនេះ ក៏មានសញ្ញាប័ណ្ណចំនួន១ពាន់លានដុល្លារអាមេរិក ដែលដល់ពេលកំណត់ត្រូវសង់ក្នុងខែកក្កដាផងដែរ ជាមួយនឹងការសងបំណុលសរុ​បប្រមាណ៤,២ពាន់លានដុល្លារអាមេរិក ដល់ពេលកំណត់ត្រូវសងនៅឆ្នាំ២០២២​។

ទុនបម្រុងអន្តរជាតិ (Foreign Exchange Reserves) របស់ប្រទេសស្រីលង្ការ មានត្រឹមតែ២,៥៨ពាន់លានដុល្លារអាមេរិក ប៉ុណ្ណោះគិតត្រឹមចុងខែកញ្ញា ខណៈតម្លៃរូបិយប័ណ្ណរូពី (Rupee) របស់ប្រទេសនេះបានធ្លាក់ចុះ៨,៧% ទល់នឹងរូបិយប័ណ្ណដុល្លារនៅឆ្នាំនេះ។

ទុនបម្រុងអន្តរជាតិ គឺជាទ្រព្យសម្បត្តិរបស់ប្រទេសមួយ ដែលទទួលស្គាល់ជាអន្តរជាតិ និងគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុ ទុកប្រើប្រាស់ក្នុងករណីចាំបាច់ដូចជា ការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ ប្រសិនបើមានតម្រូវការ ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីគ្រប់គ្រងការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាជំនឿទុកចិត្តលើរូបិយវត្ថុ និងសេដ្ឋកិច្ចជាតិជាដើម៕  Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here