ដោយដែន ចែងចាំង
ភ្នំពេញ៖ តម្រូវការអាគារការិយាល័យសម្រេចបានកំនើនខ្ពស់នៅឆ្នាំនេះ ដោយសារលំហូរវិនិយោគផ្ទាល់ពីបរទេស និងការកើនឡើងនូវក្រុមហ៊ុនក្នុងស្រុក និងការពង្រីកសាខារបស់ក្រុមហ៊ុនថ្មី។
យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា ជាមួយកំនើននៃតម្រូវការប្រើប្រាស់ បានធ្វើឲ្យតម្លៃនៃការជួលអាគារការិយាល័យ បានកើនឡើងនៅឆ្នាំនេះ ក្នុងនោះតម្លៃជួលអាគារការិយាល័យកម្រិតBបានកើន៦ភាគរយ និងការិយាល័យកម្រិតC បានកើនតម្លៃ៣,៤ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយនឹងកំនើននៃតម្រូវការ បានធ្វើឲ្យមានការផ្គត់ផ្គង់អាគារការិយាល័យថ្មីៗ កើនឡើងផងដែរ ដូចជាអាគារ Key Stone, East commercial ជាដើមបានដាក់ចូលទីផ្សារឆ្នាំនេះ។
-->
ជាមួយនេះអាគារការិយាល័យប្រើប្រាស់រួម បានកើនឡើងខ្ពស់នៅឆ្នាំនេះ ដោយទំហំការិយាល័យដាក់ចូលទីផ្សារកើនដល់ ៦០,០០០ម៉ែត្រការ៉េ សម្រាប់អាគារការិយាល័យប្រើប្រាស់រួម ដែលជាការធ្វើតេស្តទីផ្សារថ្មីមួយ។ នេះបើតាមការឲ្យដឹងពីអ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia។
អ្នកនាងបន្តថា “ទីផ្សារការិយាល័យនៅតែមានសុទិដ្ឋិនិយម ដោយសារកំនើននៃការវិនិយោគផ្ទាល់ពីបរទេស និងការពង្រីកសាខាក្រុមហ៊ុនថ្មីៗរបស់អ្នកវិនិយោគក្នុងស្រុក។អ្នកនាងបន្ថែមថា “ទោះជាមានតម្រូវការកើនឡើង ប៉ុន្តែការផ្គត់ផ្គង់ក៏បានកើនឡើងផងដែរ ធៀបនឹងឆ្នាំមុន។

នៅកម្ពុជាមានអាគារការិយាល័យកម្រិតAតែបីប៉ុណ្ណោះ ដូចជា អាគារវឌ្ឍនៈ អាគារការិយាល័យ Exchange Square, និងអាគារការិយាល័យកាណាឌីយ៉ា។ ក្រៅពីនេះភាគច្រើនជាអាគារការិយាល័យលំដាប់ B ដែលជាប្រភេទការិយាល័យមានតម្លៃសមរម្យ និងមានការពេញនិយមពីក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិនានា៕