ដោយដែន ចែងចាំង
ភ្នំពេញ៖ ក្រុមហ៊ុនកម្ពុជា ចិន បានសម្រេចចិត្តបោះទុនវិនិយោគរួមគ្នាក្នុងទឹកប្រាក់ជាង៣២លានដុល្លារអាមេរិក សម្រាប់ការវិនិយោគទៅលើដំណាំចេកអំបូងលឿងពិសេស លើផ្ទៃដីសរុបជាង១ពាន់ហិចតា ដើម្បីធ្វើការនាំចេញទៅកាន់ប្រទេសចិន។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Longmate Agriculture ឧកញ៉ា ផែ ហុកឈួនបានមានប្រសាសន៍ ក្នុងពិធីចុះហត្ថខាលើគំរោងវិនិយោគកាលពីដើមសប្តាហ៍នេះថា នេះជាការវិនិយោគដ៏ធំជាងគេមួយ ពុំធ្លាប់មានពីមុនមកនៅកម្ពុជា ក្នុងការវិនិយោគទៅលើការដាំចេកអំបូងលឿងពិសេស ជាពូជចុងក្រោយដែលទើបតែសម្រេចបានមកពីការស្រាវជ្រាវ និងមានការពិសោធន៍រកឃើញថា ជាចេកមានគុណភាពខ្ពស់។ លោកបន្តថា ការវិនិយោគនេះធ្វើឡើង រវាងម្ចាស់ភាគហ៊ុនខ្មែរដែលមានឧកញ៉ា ជាអ្នកជំនួញល្បី៥រួបនៅពីក្រោយ និងភាគីចិនដែលមានអ្នកជំនួញល្បីៗ និងអ្នកជំនាញស្រាវជ្រាវនិងដំណាំចេកមកពីប្រទេសចិន។
គំរោងដាំចេកអំបូងលឿងនេះ ស្ថិតក្នុងស្រុកឈូក ខេត្តកំពតលើផ្ទៃដីជាង១០០០ហិកតា។
លោកឧកញ៉ាផែ ហុកឈួនបានមានប្រសាសន៍ថា ការសម្រេចចិត្តបោះទុនវិនិយោគរួមគ្នាជាមួយចិននាពេលនេះ ដោយសារលោកមានភាពជឿជាក់ខ្លាំង ទៅលើដៃគូរដែលមានបទពិសោធន៍ខ្ពស់ទៅលើការស្រាវជ្រាវ និងការដាំចេកនេះ។ លោកឧកញ៉ាជឿថា ការងារនេះក៏ជាការចូលរួមចំណែកដ៏សំខាន់មួយ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការផ្តល់ការងារ កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋក្នុងប្រទេស ក៏ដូចជាជួយកាត់បន្ថយការចំណាកស្រុកផងដែរ។
លោកសាស្ត្រាចារ្យលី ស៊ាវឈាន ម្ចាស់ភាគហ៊ុនភាគីចិន និងជានាយកគ្រប់គ្រងកសិដ្ឋានចេក នៃក្រុមហ៊ុនឡុងមេតបានមានប្រសាសន៍ថា ដោយសារប្រទេសចិនមានការកាត់បន្ថយការដាំចេក ពីព្រោះតែចេកមានរោគស្លឹកលឿងច្រើន ខណៈដែលចេកនៅប្រទេសចិនមានការកើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ៕