ដោយដែន ចែងចាំង
ភ្នំពេញ៖ ក្រុមហ៊ុនកម្ពុជា ចិន បានសម្រេចចិត្តបោះទុនវិនិយោគរួមគ្នាក្នុងទឹកប្រាក់ជាង៣២លានដុល្លារអាមេរិក សម្រាប់ការវិនិយោគទៅលើដំណាំចេកអំបូងលឿងពិសេស លើផ្ទៃដីសរុបជាង១ពាន់ហិចតា ដើម្បីធ្វើការនាំចេញទៅកាន់ប្រទេសចិន។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Longmate Agriculture ឧកញ៉ា ផែ ហុកឈួនបានមានប្រសាសន៍ ក្នុងពិធីចុះហត្ថខាលើគំរោងវិនិយោគកាលពីដើមសប្តាហ៍នេះថា នេះជាការវិនិយោគដ៏ធំជាងគេមួយ ពុំធ្លាប់មានពីមុនមកនៅកម្ពុជា ក្នុងការវិនិយោគទៅលើការដាំចេកអំបូងលឿងពិសេស ជាពូជចុងក្រោយដែលទើបតែសម្រេចបានមកពីការស្រាវជ្រាវ និងមានការពិសោធន៍រកឃើញថា ជាចេកមានគុណភាពខ្ពស់។ លោកបន្តថា ការវិនិយោគនេះធ្វើឡើង រវាងម្ចាស់ភាគហ៊ុនខ្មែរដែលមានឧកញ៉ា ជាអ្នកជំនួញល្បី៥រួបនៅពីក្រោយ និងភាគីចិនដែលមានអ្នកជំនួញល្បីៗ និងអ្នកជំនាញស្រាវជ្រាវនិងដំណាំចេកមកពីប្រទេសចិន។






