ដោយៈជេស៊ីកា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា កម្ពុជានឹងបង្ហាញជូនបណ្តាអ្នកចូលរួមឲ្យបានយល់ និងស្គាល់កម្ពុជាកាន់តែច្បាស់ ជាពិសេសបានស្វែងយល់ពីសក្តានុពលវិស័យពាណិជ្ជកម្ម និងកាលានុវត្តភាពវិនិយោគ ដើម្បីទាក់ទាញបន្ថែមក្រុមវិនិយោគិន និងធុរជនមកពីអាស៊ី និងអឺរ៉ុបមកកាន់កម្ពុជា។
ការអះអាងយ៉ាងដូច្នេះរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី ការត្រៀមរៀបចំវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរុបលើកទី១ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួង ដែលមានការចូលរួមពីមន្រ្តីក្រសួង និងអ្នកសារព័ត៌មានជាតិសរុបចំនួនប្រមាណ៣០នាក់។
លោករដ្ឋមន្រ្តីបានបន្តថា សេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរុបលើកទី១ ជាវេទិកាលំដាប់អន្តរជាតិ ដែលនឹងអញ្ជើញចូលរួមដោយប្រមុខរដ្ឋាភិបាល នៃប្រទេសជាសមាជិក ASEM អ្នកជំនាញការ បញ្ញាវ័ន្ត និងជាពិសេសថ្នាក់ដឹកនាំក្រុមធុរជនមកពីអាស៊ី និងអឺរ៉ុប។ លោកបានបន្តថា ជាការពិតណាស់តាមរយៈការរៀបចំវេទិកាលំដាប់អន្តរជាតិនេះ នឹងផ្តល់នូវការលើកកម្ពស់កិត្យានុភាព និងលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ បង្ហាញជូនបណ្តាអ្នកចូលរួមមកពីអាស៊ី និងអឺរ៉ុបបានយល់ និងស្គាល់កម្ពុជាកាន់តែច្បាស់ ជាពិសេសបានស្វែងយល់ ពីសក្តានុពលវិស័យពាណិជ្ជកម្ម និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងអាចទាក់ទាញក្រុមវិនិយោគិន និងធុរជនមកពីអាស៊ី និងអឺរ៉ុប ពិនិត្យលទ្ធភាពមកបណ្តាក់ទុកវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាមានច្បាប់វិនិយោគថ្មី មានលក្ខណៈទាក់ទាញខ្លាំង តម្លៃពលកម្មទាប ប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធរូបវ័ន្តសមស្រប មានទីផ្សារសម្រាប់នាំចេញច្រើន (ទាំងក្រោមលក្ខខណ្ឌប្រព័ន្ធអនុគ្រោះពន្ធ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានចុះរួចរាល់ជាមួយប្រទេសចិន និងគ្រោងចុះជាមួយកូរ៉េ នាពេលខាងមុខ) និងដទៃទៀត។
លោកប៉ាន សូរស័ក្តបានបន្តថា វាជាព្រឹត្តិការណ៍អមក្នុងចំណោមព្រឹត្តិការណ៍អម (Side Events)ចំនួន៧ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ក្នុងនោះការរៀបចំកន្លងទៅ គឺមានវេទិកាចំនួន២ ដូចជា ទី១ វេទិកាធុរកិច្ចអាស៊ី-អឺរ៉ុប (Asia-Europe Business Forum-AEBF) ដែលតែងតែជាព្រឹត្តិការណ៍អមមួយជាមួយការរៀបចំអមនឹងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ដែលបានរៀបចំធ្វើចុងក្រោយលើកទី១៦ នៅក្នុងឆ្នាំ២០១៨ នៅទីក្រុងព្រុចស៊ែល ប្រទេសបែលហ្សិក និងទី២ វេទិកាសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (Asia-Europe Economic Forum-AEEF) ដែលជាធម្មតាមិនរៀបចំភ្ជាប់ជាមួយកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបទេ ហើយការរៀបចំវេទិកាសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបលើកទី១៦ ត្រូវបានធ្វើឡើងនៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ២០១៩។
លោកបន្តទៀតថា ឆ្នាំ២០២១នេះ ដោយសារកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣(ASEM13) មូលនិធិអាស៊ី-អឺរ៉ុប (Asia-Europe Foundation-ASEF) និងក្រសួងការបរទេសនៃកម្ពុជាបានជូនយោបល់ថា វេទិកាទាំងពីរខាងលើគួរត្រូវបានរួមបញ្ចូលគ្នា ជាព្រឹត្តិការណ៍តែមួយអមជាមួយ នឹងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបទី១៣នេះ ហើយដាក់ឈ្មោះថា “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” (1st Asia-Europe Economic and Business Forum-AEEBF1)តែម្តង ក្រោមមូលបទការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.0។ នេះគឺជាមូលហេតុដែលបង្កើតឱ្យមានវេទិកានេះឡើងនៅកម្ពុជា។
វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ គឺជាព្រឹត្តិការណ៍អមក្នុងចំណោម ព្រឹត្តិការណ៍អម (Side Events) ចំនួន៧ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ តាមការគ្រោងទុក វេទិកានេះនឹងអញ្ជើញចូលរួមដោយបណ្តាប្រទេសជាសមាជិក ASEM មួយចំនួន មកពីអាស៊ី និងអឺរ៉ុប រួមមាន៖ ប្រទេសអាស៊ានទាំង១០ ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្រា្តលី ហុងគ្រី បារាំង ចក្រភពអង់គ្លេស រុស្ស៊ី បែលហ្ស៊ិក អេស្តូនី ព្រមទាំងមានការចូលរួមដោយអ្នករៀបចំគោលនយោបាយ បញ្ញាវ័ន្ត អ្នកជំនាញការ ប្រធានក្រុមហ៊ុនធំៗ ក្រុមធុរជន និងវិស័យឯកជនមកពីអាស៊ី និងអឺរ៉ុបផងដែរ៕