ប្រធានGRAអះអាងថា ខេត្តកែបមានសក្តានុពលលើការអភិវឌ្ឍលើវិស័យអចលនទ្រព្យ

0

ដោយៈគង់ សូរិយា

 ភ្នំពេញៈ ប្រធានសមាគមអចលនទ្រព្យសកល(GRA)លោកឧកញ៉ាសំ សុខនឿនបានថ្លែងថា ខេត្តកែប ជាខេត្តមានឱកាសរីកចម្រើនលើវិនិយោគវិស័យអចលនទ្រព្យ ដោ​យសារខេត្តមួយនេះ មានសក្តានុពលលើវិស័យទេសចរណ៍ និងតម្លៃដីធ្លីនៅមានភាពសមរម្យ​។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីព្រឹកថ្ងៃទី៣ ធ្នូនេះថា ខេត្តកែបប្រៀបបីដូចជាដុំពេជ្រមួយ មិនទាន់បានកែច្នៃ ហេតុនេះបើសិនជា​រដ្ឋាភិបាលរៀបចំគោលនយោបាយ ដើម្បីទាក់ទាញការវិនិយោគរបស់ចិន ខេត្តនេះនឹងមានការរីកចម្រើនលឿននាពេលអនាគត។

លោកបន្តថា “តម្លៃដីធ្លីក្នុងខេត្តនេះនៅមានភាពសមរម្យនៅឡើយ ពិសេសភាពស្រស់ស្អាត នៃតំបន់ឆ្នេរ​និងឧទ្យានជាតិកណ្តាលក្រុង បានធ្វើឲ្យខេត្តនេះមានអាកាសធាតុល្អប្រសើរ”។

លោកបន្តថា “ដីនៅតំបន់ពាណិជ្ជកម្មកណ្តាលក្រុង មានតម្លៃចន្លោះពី៥០០ទៅ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងដីនៅតាមផ្លូវធំៗមានតម្លៃចន្លោះពី២៥០ទៅ៤០០ដុល្លារ និងតំបន់ជាយក្រុងមានតម្លៃចន្លោះពី៨០ទៅ១០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

លោកឧកញ៉ាសំ សុខនឿនបានបន្តថា អ្នកវិនិយោគមួយចំនួនបានមើលរំលងខេត្តនេះ ដោយសារជាខេត្តមានប្រជាជនរស់នៅតិច ប៉ុន្តែចំនួនប្រជាជនតិចមិនសំខាន់នោះទេ អ្វីសំខាន់គឺខេត្តនេះ ជាខេត្តដែលមានទីតាំងជាប់ព្រំដែនកម្ពុជា វៀតណាម ដែលមានលំហូរពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ។

រដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍បានរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍៍ខេត្តកែប ជាតំបន់លំហែរកាយកម្រិតខ្ពស់ ដោយមិនអនុញ្ញាត្តឲ្យមានរោងចក្រ សហគ្រាសនានាកើតមាន ដែលនាំឲ្យមានការបំពុលបរិស្ថាននៅក្នុងខេត្តនេះនោះទេ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here