ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ រដ្ឋាភិបាលគ្រោង នឹងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនកម្ពុជាវៀតណាម ដោយគ្រោងនឹងចំណាយ ទឹកប្រមាណរាប់រយលានដុល្លារអាមេរិក។
គម្រោងផ្លូវល្បឿននេះ គឺជាក្ដីសង្ឃឹមសម្រាប់អភិវឌ្ឍន៍វិស័យអចលនទ្រព្យក្នុងខេត្តព្រៃវែង ខណៈខេត្តមួយនេះ មិនទាន់មានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញអ្នកវិនិយោគច្រើននៅឡើយ។
លោកឧកញ៉ានួន រឹទ្ធីអគ្គនាយកក្រុមហ៊ុន Khmer Founder Appraisal បានមានប្រសាសន៍តាមទូរសព្ទនៅថ្ងៃទី៨ ធ្នូ ២០២១នេះឱ្យដឹងថា បើសិនជាផ្លូវល្បឿនលឿនភ្នំពេញ បាវិតចេញជារូបរាងនៅពេលណានោះ វានឹងផ្ដល់ក្ដីសង្ឃឹមដល់ការអភិវឌ្ឍខេត្តព្រៃវែង ពីព្រោះថាផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងត្រូវកាត់តាមខេត្តមួយនេះ ការធ្វើដំណើរទៅកាន់ព្រៃវែងរបស់វិនិយោគិន នឹងកាន់តែមានភាពងាយស្រួល ជាមួយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតផងដែរ ។
លោកឧកញ៉ាបន្តថា “ថ្ងៃមុននេះ ប្រមុខរដ្ឋាភិបាលក៏បានសម្ពោធផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែងហើយ វានឹងក្លាយជាចលករដ៏សំខាន់មួយក្នុងការហុចសក្ដានុពល វិនិយោគលើអចលនទ្រព្យក្នុងខេត្តព្រៃវែង ពីព្រោះថាពេលណាមានផ្លូវស្រួល វាក៏នឹងជួយតភ្ជាប់តំបន់ទីប្រជុំជនមួយ ទៅតំបន់ទីប្រជុំជនមួយទៀតដោយងាយស្រួល”។
លោកឧកញ៉ានួន រិទ្ឋីបានបន្តថា បើសិនជាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតបានជោគជ័យ ការធ្វើដំណើររបស់ពលរដ្ឋ វិនិយោគិន ទេសចរ កាន់តែប្រើពេលខ្លី ចំណេញពេលវេលានិងថវិកា ពីព្រោះថាផ្លូវល្បឿនលឿននឹងកាត់បន្ថយចំងាយផ្លូវ ការបើកបរក៏បានលឿនជាងការបើកបរតាមផ្លូវធម្មតា។
លោកបន្ថែមថា បច្ចុប្បន្ននេះការអភិវឌ្ឍចេញពីរាជធានី ទៅកាន់តំបន់ប៉ែកខាងកើតភ្នំពេញ កាន់តែមានការរីកលូតលាស់ ជាបន្តបន្ទាប់ហើយដែរ ។ជាក់ស្ដែងយើងឃើញគម្រោងវិនិយោគ របស់វិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុក នៅតំបន់តាមផ្លូវជាតិលេខជាតិលេខ១ ក៏កាន់តែរីកដុះដាលបន្តបន្ទាប់និងកាន់តែចេញពីភ្នំពេញ ។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក៏មានការជាប់ទាក់ទងនឹងការអភិវឌ្ឍអចលនទ្រព្យផងដែរ ហើយបើតាមបទពិសោធន៍កន្លងមកឃើញថា នៅពេលដែលរដ្ឋាភិបាល ចេញគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅទីណា ទីនោះតែងតែទទួលបាន ការអភិវឌ្ឍអចលនទ្រព្យថ្មីៗជាបន្តបន្ទាប់។ ដូច្នេះរដ្ឋាភិបាល ក៏បានខិតខំសន្សំថវិការបស់ខ្លួន ដើម្បីប្រើប្រាស់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ។ មិនតែប៉ុណ្ណោះ កម្ចីភាគច្រើនដែលរដ្ឋាភិបាលទទួលបានពីដៃគូអភិវឌ្ឍន៍ ក៏យកទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះដែរ។
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងសិក្សាពីផ្លូវល្បឿនលឿនភ្នំពេញ បាវិត ដែលធ្វើឡើងដោយក្រុមហ៊ុនចិន នឹងបង្ហាញលទ្ឋផលនៅចុងឆ្នាំ២០២១នេះ ប៉ុន្តែលទ្ឋផលបែបណា ការសិក្សាចំណាយអស់ប៉ុណ្ណា រដ្ឋាភិបាលនឹងពិចារណា ដើម្បីរកប្រភពថវិកាមកសាងសង់នាពេលខាងមុខឬយ៉ាងណា អាស្រ័យលើទំហំចំណាយជាក់ស្តែង។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋាភិបាលជប៉ុន(JICA)ធ្លាប់បានសិក្សាពីការសាងសង់ផ្លូវនេះរួចហើយ ដោយត្រូវចំណាយថវិការហូតដល់៣៨០០លានដុល្លារអាមរិក ខណៈផ្លូវនេះមានចម្ងាយខ្លីជាងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាដែលបានអញ្ជើញជាអធិបតីបើកសម្ភោធឲ្យ ប្រើប្រាស់ផ្លូវជាតិលេខ១១កាលពីសប្តាហ៍មុនបានបង្ហាញពីបំណងសាងសង់ផ្លូវមួយខ្សែ តភ្ជាប់ពីតំបន់ល្វាឯម ក្នុងស្រុកខ្សាច់កណ្តាលឆ្ពោះទៅកាន់ខេត្តព្រៃវែង ដែលផ្លូវមួយខ្សែនេះគ្រោងចំណាយប្រាក់ប្រមាណ៧០លានដុល្លារអាមេរិក៕