ក្រសួងរៀបចំដែនដីប្រកាសជាធ្វើមោឃៈបណ្ណកម្មសិទ្ធិចំនួន៣៩៩សន្លឹក នៅខេត្តស្វាយរៀង

0

ដោយៈ សុធារី

ស្វាយរៀងៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រកាសជាធ្វើមោឃៈវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ​) ចំនួន៣៩៩សន្លឹក នៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ នេះបើតាមសេចក្តីជូនដំណឹងលេខ០០២ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។

ការប្រកាសនេះ ធ្វើឡើងក្រោយពេលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង បានបាត់បណ្ណកម្មសិទ្ធិទាំងនោះកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

បណ្ណកម្មសិទ្ធិដីទាំងនោះ ត្រូវបានបោះពុម្ពឈ្មោះកម្មសិទ្ធិករ (ផ្នែកខាងក្រោយ) រួចហើយ ប៉ុន្តែមិនបានបោះពុម្ពពត៌មានក្បាលដី និងផែនទីក្បាលដី (ផ្នែកខាងមុខ) នៅឡើយ។

បណ្ណកម្មសិទ្ធិដែលបាត់មានលេខរៀង ពីលេខ No. ០៦៥៩៨៧៤៣ ដល់លេខ No.០៦៥៩៨៧៤៩ លេខ No.០៦៥៩៨៨០៨ ដល់លេខ No.០៦៥៩៨៨៩៩ លេខ No.០៦៥៩៨៩០០ លេខ No.០៦៦១១១១០ ដល់លេខ No. ០៦៦១១១២៣ លេខ No.០៦៦១១២០១ ដល់លេខ No.០៦៦១១៣៨៨ លេខ No. ០៦៦១១៣៩៧ ដលលេខ No.០៦៦១១៤៣៩ លេខ No.០៦៦១១៤៤០ ដល់លេខ No. ០៦៦១១៤៥៣ លេខ No. ០៦៦១១៤៥៩ ដល់លេខ No.០៦៦១១៥០០។

លើសពីនេះ ក្រសួងបានក្រើនឱ្យសាធារណៈជនទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើកិច្ចសន្យាផ្សេងៗពាក់ព័ន្ធនឹងអចលនវត្ថុ ដើម្បីជៀសវាងការចាញ់បោកជនទុច្ចរិត ដែលប្រើប្រាស់បណ្ណកម្មសិទ្ធិក្លែងបន្លំ ដើម្បីទទួលបានប្រាក់កក់ ឬប្រាក់កម្ចីជាដើម។

ក្រសួងក៏តម្រូវឱ្យមានការបញ្ជាក់ភាពត្រឹមត្រូវ នៃវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅរដ្ឋបាលសុរិយោដីជាមុនសិន មុននឹងធ្វើកិច្ចសន្យាផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here