ដោយ៖ សុផារី
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាស្តីពីការប្រកាសបដិសេធ និងដកហូតដីព្រៃឈើខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ លើទីតាំងដីចំនួនពីរកន្លែង ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានផ្ទៃដីសរុប ២៦ហិកតា។
បើតាមដីកាចេញដោយអភិបាលនៃគណៈអភិបាល ខេត្តកំពង់ស្ពឺ ក្នុងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព របស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងដីចំនួនពីរកន្លែង ដែលមានផ្ទៃដីសរុប ២៦ហិកតា (ម្ភៃប្រាំមួយហិកតា) ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រង់ចំណុចភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានចំណុចនិយាមកា និងផែនទីបង្ហាញទីតាំងដីភ្ជាប់មកជាមួយស្រាប់។
រដ្ឋបាលកំណត់រយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ទុកសិទ្ធិដើម្បីធ្វើការតវ៉ា ហើយបទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងដីកានេះ ត្រូវទុកជានិរាករណ៍។
ក្នុងដីកាដដែល បានឱ្យផ្តល់អំណាចដល់រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកឱរ៉ាល់ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ការិយាល័យដែនជម្រកសត្វ អនុគណៈកម្មាធិការខេត្ត ក្រុមការងារ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ទន្ទ្រាន យកដីព្រៃរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់លើតំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធនានា ត្រូវអនុវត្តន៍ ដីកានេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃទី០២ ខែកុម្ភៈនេះតទៅ៕