ដោយស៊ីវ ម៉េង
ភ្នំពេញ: តំណាងក្រុមហ៊ុនធំៗរបស់អាមេរិកចំនួន១៦ នឹងមកទស្សនកិច្ចកម្ពុជាដើម្បីស្វែងរកដៃគូវិនិយោគ និងធ្វើពាណិជ្ជកម្មជាមួយអ្នកវិនិយោគក្នុងស្រុក ដែលការជួបជុំនេះនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ។
យោងតាមសេចក្តីប្រកាសព៌តមាន របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក-កម្ពុជា ដោយមានការសម្របសម្រួលពីស្ថានទូតអាមេរិកនៅភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មមួយ ដោយផ្តោតលើវិស័យកសិកម្ម ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ក្រោមប្រធានបទ“ឱកាសធុរកិច្ចនៅក្នុងវិស័យកសិកម្មនៅកម្ពុជា “ធ្វើឡើងនៅសណ្ឋាគារ Rosewood ភ្នំពេញ ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៨ខាងមុខនេះ។
សេចក្តីប្រកាសព៌តមានដដែលបានបន្តថា« គោលបំណងនៃការរៀបចំព្រឹត្តិការណ៍
នេះគឺដើម្បីជួយឲ្យក្រុមហ៊ុនអាមេរិក មានការយល់ដឹងស៊ីជម្រៅទៅលើវិស័យនេះ ភ្ជាប់ទំនាក់ទំនងជាមួយភាគីកម្ពុជា ហើយស្វែងរកមើលអនាគតដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏មានសក្តានុពលមួយនេះ»។
ប្រតិភូទាំង១៦ តំណាងអោយក្រុមហ៊ុនឈានមុខគេមួយចំនួន របស់សហរដ្ឋអាមេរិក មានដូចជាក្រុមហ៊ុន 3M, Absolute Packaging and Automation, Cargill, Humate USA, Hydro-Thermal Corporation, Intervet, John Deere, និងក្រុមហ៊ុន Syngenta ។ វានឹងមានផងដែរនូវក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍ ដែលចែកចាយមុខទំនិញសំខាន់ៗរបស់អាមេរិកចូលរួមក្នុងព្រឹត្តិការណ៍នេះ។
នៅក្នុងរយៈពេល២ថ្ងៃនេះ សមាជិកប្រតិភូនឹងសិក្សាស្វែងយល់អំពីវិស័យផ្សេងៗទាក់ទងនឹងកសិកម្មកម្ពុជា ដូចជាស្រូវអង្ករ ចំណីសត្វ និងបសុសត្វ និងវារីវប្បកម្ម ភ្ជាប់ជាបណ្តាញ ក្រុមអ្នកជំនួញក្នុងស្រុក និងទស្សនាទីតាំងផលិតកម្មក្នុងមូលដ្ឋាន។លើសពីនេះទៀត ពួកគេនឹងជួបជាមួយមន្រ្តីជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនអាមេរិកទាំងនេះភាគច្រើនជាក្រុមហ៊ុនវិនិយោគផ្នែកវិស័យកសិកម្ម និងមានមូលដ្ឋានវិនិយោគនៅក្នុងតំបន់រួចហើយដូចជា នៅប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសសឹង្ហបុរី។លោកបន្តថា ក្រុមហ៊ុនទាំងនេះអាចនឹងមកវិនិយោគនៅកម្ពុជា ដោយសារបរិយាកាលវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ ខណៈក្រុមហ៊ុនអាមេរិកធំៗជាច្រើនបានវិនិយោគនៅកម្ពុជារួចហើយ។
លោកបន្តថា “ខ្ញុំមានសង្ឃឹមច្រើនថាក្រុមហ៊ុនទាំងនេះ នឹងមកវិនិយោគនៅកម្ពុជា ព្រោះពួកគេបានវិនិយោគនៅតាមបណ្តាប្រទេសក្នុងតំបន់រួចហើយ”៕