ក្រុមហ៊ុន​ចិន គ្រោង​នឹង​វិនិយោគ​សាលារៀន​អន​ឡាញ នៅ​កម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន​ឯកជន​របស់​ចិន បានបង្ហាញ​គោលជំហរ​ក្នុងការ​វិនិយោគ​បង្កើត​សាលារៀន​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​កម្ពុជា ដើម្បីឱ្យ​សិស្ស-និស្សិត​នៅ​កម្ពុជា​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​សិក្សា ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ទំនើប​នេះ ខណៈ​ក្រុមហ៊ុន​ចិន​ក្រុមហ៊ុន​ចិន​មួយ​នេះ​ទទួលបាន​ជោគជ័យ​ខ្ពស់ ក្នុងការ​បង្កើត​សាលា​អន​ឡាញ​នេះ​នៅ​ប្រទេស​ចិន។

លោក ឡៅ ហ៊ឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ​បាន​ថ្លែង​ឲ្យ​ដឹង​ក្រោយ​ជំនួប​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​លោក ជាំ​ង ហាវ​អគ្គនាយក និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Join Capital Investment & Management Co.,LTD លោក វិ​ន ធាន​អ៊ូ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Beijing Hangu Education Technology Co.,LTD និង​លោក ហ៊​ង ហ៊ អគ្គនាយក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ស៊ី​ង​ម៉ឹង ធេ​លី​មី​ឌា ខូ​អ៉ិ​ល​ធី​ឌី​នា​ព្រឹក​ថ្ងៃទី២៦ កញ្ញា​នេះ​ថា ក្រុមហ៊ុន​ចិន​នេះ​នឹង​បង្កើត​សាលា​ឯកជន​នៅ​កម្ពុជា​តាមរយៈ​ការរៀន​តាម​អន​ឡាញ ហើយ​ក្រុមហ៊ុន​នេះ​ក៏​ធ្លាប់​វិនិយោគ​ច្រើន​នៅ​ប្រទេស​ចិន ដែលមាន​ថវិកា​វិនិយោគ​រហូតដល់​រាប់ពាន់​លាន​ដុល្លារ។

លោក​បាន​បន្តថា បើតាម​ការគ្រោងទុករ​បស់​ក្រុមហ៊ុន​ចិន ដែលមាន​ជំនាញ​លើ​ការបង្កើត​សាលា​អន​ឡាញ​នេះ គ្រោង​នឹង​បង្កើត​សាលា​នេះ​នៅ​កម្ពុជា​ក្នុងអំឡុង​ឆ្នាំ២០១៨នេះ ប៉ុន្តែ​ទោះយ៉ាងណា​ភាគី​ពាក់ព័ន្ធ​ក៏ត្រូវ​ជជែក​ពិភាក្សាគ្នា និង​សុំ​អនុញ្ញាត​ច្បាប់ បំពេញបែបបទ​នានា​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ជំរុញ​ឱ្យ​សាលា​អន​ឡាញ​នេះ​ចេញ​ជា​រូបរាង​ឱ្យបាន​ឆាប់ ខណៈ​ក្រុមការងារ​មួយចំនួន​ដែលជា​ដៃគូ​របស់​ក្រុមហ៊ុន​ខាងលើ ក៏​កំពុងបើក​ការបង្រៀន​សិស្ស​តាម​អន​ឡាញ​ជាបណ្ដើរៗហើយ​ដែរ។

លោក ឡៅ ហ៊ឹម បាន​បញ្ជាក់ថា ការបង្កើត​សាលា​អន​ឡាញ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ធំ ដោយ​ផ្តោតលើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​នៅ​កម្ពុជា ឱ្យ​ត្រូវ​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា និយាយ​ដោយឡែក និង​និយាយ​ជារួម នៅក្នុង​បណ្ដា​ប្រទេស​អាស៊ាន​ទាំងមូល។

លោក​បន្ថែមទៀតថា ពេល​ចាប់ផ្តើម​សាលា​នេះ នឹង​បណ្ដុះបណ្ដាល​មាន​ជំនាញ​បច្ចេកវិទ្យា IT ទេសចរណ៍ ពាណិជ្ជកម្ម គណនេយ្យ និង​ជំនាញផ្សេងៗទៀត ដែល​សាលា​នឹង​ពង្រីក​ជា​បន្តបន្ទាប់​បន្ថែ​ម​ទៀត ដើម្បី​ឱ្យស្រប​នឹង​ស្ថានភាព​អប់រំ ធ្វើយ៉ាងណា​ត្រូវ​នឹង​នីតិវិធី និង​គោលការណ៍​នៃ​វិស័យ​អប់រំ​របស់​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here