ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូរស័ក្តិបានស្នើគណៈប្រតិភូធុរជនអាមេរិក ធ្វើការវិនិយោគលើការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ឱ្យដល់កម្រិតស្តង់ដារអន្តរជាតិ ដើម្បីជំរុញការនាំចេញកសិផលខ្មែរ ឱ្យបានអតិបរមាទៅកាន់ទីផ្សារអន្តរជាតិ។
លោក ប៉ាន សូរស័ក្តិ ក្នុងជំនួបជាមួយប្រតិភូធុរកិច្ចអាមេរិក មកពីក្រុមហ៊ុនធំៗចំនួន១៦ ដើម្បីស្វែងរកឳកាសធ្វើពាណិជ្ជកម្មនៅកម្ពុជានាព្រឹកថ្ងៃទី២៦ កញ្ញានេះ បានជម្រាបជូនគណៈប្រតិភូធុរជនអាមេរិក អំពីស្ថិរភាពកំណើនសេដ្ឋកិច្ច និងសក្តានុពលនៃវិស័យកសិកម្មកម្ពុជា ព្រមទាំងបញ្ហាប្រឈមមួយចំនួន ដែលកម្ពុជាបានកំពុងជួបប្រទះ ដែលទាមទារឱ្យមានការចូលរួមវិនិយោគពីផ្នែកឯកជន ដើម្បីធ្វើទំនើបកម្ម និងប្រែក្លាយវិស័យមួយនេះ ឱ្យទៅជាមូលដ្ឋានផលិតកម្មជាតិ សំដៅធ្វើពិពិធកម្ម (ពង្រីក) ការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
លោករដ្ឋមន្ត្រី បានលើកឡើងអំពីអត្ថប្រយោជន៍នៃការធ្វើធុរកិច្ចនៅកម្ពុជា និងបានជម្រាបជូនភាគីអាមេរិក អំពីគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ចំពោះវិនិយោគិនបរទេស ដូចជាការលើកលែងពន្ធនាំចូលសម្រាប់សម្ភារៈ និងគ្រឿងបរិក្ខាកសិកម្ម, ការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងការសម្រួលការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្រោមប្រព័ន្ធអនុគ្រោះពន្ធផ្តល់ដោយប្រទេសជាដៃគូ។
លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តប្រតិភូធុរជនអាមេរិក ចាប់ដៃគូជាមួយធុរជនកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា តាមរយៈការនាំយកបច្ចេកវិទ្យាថ្មីៗ ដើម្បីអភិវឌ្ឍន៍ខ្សែចង្វាក់តម្លៃកសិផលរបស់កម្ពុជា និងការបង្កើតកម្មវិធីបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពវិស័យឯជន និងលើកស្ទួយការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
ការមកស្វែងរកឳកាសវិនិយោគរបស់អាមេរិក ត្រូវរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាមេរិក សហការជាមួយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញដែលរៀបចំដឹកនាំដោយលោក វីល្លាម ហ៊ីដ (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងលោក អេឡែន ឌី តាន់ (Allen D. Tan) ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក វីល្លាម ហ៊ីដ និងលោក អេឡែន ឌី តាន់ ព្រមទាំងគណៈប្រតិភូធុរជនអាមេរិក បានសន្យាជួយសម្របសម្រួលការចាប់ដៃគូធរុកិច្ចរបស់វិស័យឯកជននៃប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពជួយគាំទ្រការអភិវឌ្ឍសមត្ថភាពភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម ជុំវិញការអភិវឌ្ឍខ្សែចង្វាក់តម្លៃកសិផលកម្ពុជា និងការធ្វើពិពិធកម្មវិស័យនាំចេញ។
វិស័យកសិកម្មកម្ពុជាកាលពីឆ្នាំ២០១៧វិស័យកសិកម្ម បានរួមចំណែកនៅក្នុងផលិតផលក្នុងស្រុកសរុប (GDP) ២៤,៩ភាគរយ។ ទន្ទឹមនឹងនេះនៅក្នុងអំឡុងពេលដូចគ្នា ឧស្សាហកម្មមាន ៣២,៩ភាគរយ និងសេវាកម្មមាន៤២,២ភាគរយ។ ការចូលរួមពីវិស័យកសិកម្មក្នុងសេដ្ឋកិច្ចជាតិបានថយចុះ ដោយសារតែកំណើនលឿននៃវិស័យពីរផ្សេងទៀត។ ប៉ុន្តែទោះបីជាមានឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃទីក្រុង ក៏វិស័យប្រពៃណីមួយនេះ នៅតែដើរតួនាទីសំខាន់សម្រាប់ប្រជាជនកម្ពុជាភាគច្រើន៕