តម្លៃដីនៅភាគខាងជើងក្រុងភ្នំពេញនឹងកើនឡើងខ្ពស់កម្រិតណា ក្នុងឆ្នាំស៊ីហ្គេម២០២៣?

0

ដោយ: សុផារី

ភ្នំពេញ: ស្របពេលការរីកដុះដាលយ៉ាងខ្លាំង នៃវិស័យអចលនទ្រព្យ សំណង់លំនៅឋាន បុរី ខុនដូ និងទីផ្សារពាណិជ្ជកម្ម ជាពិសេសការសាងសង់អគារនៃក្រសួងសំខាន់ៗ ភាគខាងជើងក្រុងភ្នំពេញ ក្លាយជាតំបន់នៃចំណាប់អារម្មណ៍របស់វិនិយោគិន។

តម្រូវការដីធ្លីនៅក្នុងតំបន់នេះ មានកំណើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លី បានជម្រុញតម្លៃដីធ្លីឱ្យកើនឡើងខ្ពស់។

លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia ថា តម្លៃដីធ្លីនៅតំបន់ភាគខាងជើងនៃក្រុងភ្នំពេញ ជាពិសេសតំបន់ជុំវិញពហុកីឡាដ្ឋានជាតិមរតកតេជោ ស្ថិតនៅចន្លោះពី១៥០ ទៅ៤០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ អាស្រ័យតាមសក្តានុពលទីតាំង។

អ្នកស្រីបន្តថា “ការសម្ភោធដាក់ឱ្យប្រើប្រាស់ ពហុកីឡាដ្ឋានជាតិមរត​ក​តេជោ ស្របពេលការត្រៀមខ្លួន សម្រាប់ភាពជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមក្នុងឆ្នាំ២០២៣ខាងមុខនេះ បានធ្វើឱ្យតំបន់ភាគខាងជើងក្រុ​ងភ្នំពេញ មានភាពអ៊ូអរលើវិស័យអចលនទ្រព្យ បន្ថែមមួយកម្រិតទៀត”។លោកស្រីបន្តថា “ដោយសារមិនសូវមានតម្រូវការ នៃវិនិយោគិនបរទេស តម្លៃដីធ្លី នៅតាមតំបន់ជាយក្រុងភ្នំពេញមានការកើនឡើង តែកើនឡើងតិចតួចប្រមាណ៥ភាគរយ”។

អ្នកស្រីអាន សុធីតាបានបន្តថា ភាគច្រើននៃការវិនិយោគអចលនទ្រព្យគឺពឹងផ្អែកលើវិនិយោគក្នុងស្រុក កម្រិតនៃការវិនិយោគក៏នៅមានកំណត់។ ដូច្នេះ ស្របពេលដីកណ្តាលក្រុងមានលំនឹង មិនឡើងមិនចុះ តម្លៃដីនៅជាយក្រុងមានកំណើនតិចតួច ដោយសារវិបត្តិកូវីដ១៩។

ទាក់ទិននឹងអត្រាតម្លៃដីធ្លីនៅក្នុងតំបន់នេះ លោកស្រី សុធីតា រំពឹងថា ក្នុងឆ្នាំ២០២៣ ដែលជាឆ្នាំដែលកម្ពុជាជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេម តម្លៃដីធ្លីនឹងមានការកើនឡើងខ្ពស់ អាចរហូតដល់១០ភាគរយ។

យ៉ាងណាក្តី លោកស្រីថា ការព្យាករណ៍គ្រប់យ៉ាង នៅមិនទាន់មានភាពជាក់លាក់នៅឡើយទេ ដោយសារភាពមិនប្រាកដប្រជា នៃវិបត្តិកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here