ដោយ: សុផារី
ភ្នំពេញ: ស្របពេលការរីកដុះដាលយ៉ាងខ្លាំង នៃវិស័យអចលនទ្រព្យ សំណង់លំនៅឋាន បុរី ខុនដូ និងទីផ្សារពាណិជ្ជកម្ម ជាពិសេសការសាងសង់អគារនៃក្រសួងសំខាន់ៗ ភាគខាងជើងក្រុងភ្នំពេញ ក្លាយជាតំបន់នៃចំណាប់អារម្មណ៍របស់វិនិយោគិន។

តម្រូវការដីធ្លីនៅក្នុងតំបន់នេះ មានកំណើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លី បានជម្រុញតម្លៃដីធ្លីឱ្យកើនឡើងខ្ពស់។
-->
លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia ថា តម្លៃដីធ្លីនៅតំបន់ភាគខាងជើងនៃក្រុងភ្នំពេញ ជាពិសេសតំបន់ជុំវិញពហុកីឡាដ្ឋានជាតិមរតកតេជោ ស្ថិតនៅចន្លោះពី១៥០ ទៅ៤០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ អាស្រ័យតាមសក្តានុពលទីតាំង។

អ្នកស្រីបន្តថា “ការសម្ភោធដាក់ឱ្យប្រើប្រាស់ ពហុកីឡាដ្ឋានជាតិមរតកតេជោ ស្របពេលការត្រៀមខ្លួន សម្រាប់ភាពជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមក្នុងឆ្នាំ២០២៣ខាងមុខនេះ បានធ្វើឱ្យតំបន់ភាគខាងជើងក្រុងភ្នំពេញ មានភាពអ៊ូអរលើវិស័យអចលនទ្រព្យ បន្ថែមមួយកម្រិតទៀត”។លោកស្រីបន្តថា “ដោយសារមិនសូវមានតម្រូវការ នៃវិនិយោគិនបរទេស តម្លៃដីធ្លី នៅតាមតំបន់ជាយក្រុងភ្នំពេញមានការកើនឡើង តែកើនឡើងតិចតួចប្រមាណ៥ភាគរយ”។

អ្នកស្រីអាន សុធីតាបានបន្តថា ភាគច្រើននៃការវិនិយោគអចលនទ្រព្យគឺពឹងផ្អែកលើវិនិយោគក្នុងស្រុក កម្រិតនៃការវិនិយោគក៏នៅមានកំណត់។ ដូច្នេះ ស្របពេលដីកណ្តាលក្រុងមានលំនឹង មិនឡើងមិនចុះ តម្លៃដីនៅជាយក្រុងមានកំណើនតិចតួច ដោយសារវិបត្តិកូវីដ១៩។

ទាក់ទិននឹងអត្រាតម្លៃដីធ្លីនៅក្នុងតំបន់នេះ លោកស្រី សុធីតា រំពឹងថា ក្នុងឆ្នាំ២០២៣ ដែលជាឆ្នាំដែលកម្ពុជាជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេម តម្លៃដីធ្លីនឹងមានការកើនឡើងខ្ពស់ អាចរហូតដល់១០ភាគរយ។
យ៉ាងណាក្តី លោកស្រីថា ការព្យាករណ៍គ្រប់យ៉ាង នៅមិនទាន់មានភាពជាក់លាក់នៅឡើយទេ ដោយសារភាពមិនប្រាកដប្រជា នៃវិបត្តិកូវីដ១៩៕