ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យយក្សមកពីប្រទេសចិន R&F Properties បានអភិវឌ្ឍន៍គំរោងថ្មីខុនដូកប់ពពកថ្មីមួយទៀត គឺគម្រោងអ& អេហ្វ ហ័រហ្វ៊ូ ជាគម្រោងអគារខ្ពស់និងទាន់សម័យជាងគេ នៅកណ្តាលរាជធានីភ្នំពេញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី២៧ កញ្ញា ២០១៨ អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន R&F Properties ប្រចាំប្រទេសកម្ពុជា លោក XU WENSHUI បានមានប្រសាសន៍ថា បន្ទាប់ពីធ្វើការអភិវឌ្ឍន៍គម្រោងបុរី R&F Phnom Penh ក្រុមហ៊ុន បានបន្តអភិវឌ្ឍគម្រោងអគារស្នាក់នៅលំដាប់កំពូលមួយទៀត គឺគម្រោងអ & អេហ្វ ហ័រហ្វ៊ូ ដែលជាគម្រោងអភិវឌ្ឍទីក្រុងបែបថ្មីមួយ ដែលមានកម្ពស់ខ្ពស់ជាងគេនៅចំកណ្តាលទីក្រុងភ្នំពេញ ជាមួយនឹងរបៀបរស់នៅថ្មីស្រឡាង និងបទពិសោធន៍នៃការស្នាក់នៅក្នុងអគារ ដ៏ទំនើប និងប្រណីតលំដាប់ថ្នាក់កំពូល។
គំរោងនេះស្ថិតនៅទីតាំងអតីតរោងចក្រផលិតស័ង្កសី ស្ថិតនៅតាមបណ្តោយមហាវិថីមុនីវង្ស សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមក ក្រុងភ្នំពេញ។
ចាប់តាំងពីឆ្នាំ1994 ក្រុមហ៊ុន R&F Properties បានបង្កើតឡើងនៅក្នុងទីក្រុងក្វាងចូវ ប្រទេសចិនមក ក្រុមហ៊ុនបានពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងទីក្រុង និងតំបន់ចំនួន69ទូទាំងក្នុងប្រទេសចិន និងនៅក្រៅប្រទេស តាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍបីធំៗគឺ ចាក់ឫសនៅក្នុងទីក្រុងស្នូលរបស់ប្រទេសចិន ចូលទៅក្នុងទីផ្សារដែលមានសក្តានុពលអភិវឌ្ឍរបស់ប្រទេសចិន និងជ្រើសរើសគម្រោងល្អៗនៅក្រៅប្រទេស។ ចាប់តាំងពីឆ្នាំ 2013 មក អ & អេហ្វ ប្រផឹធី បានចូលទៅក្នុងទីផ្សារក្រៅប្រទេសជាច្រើន ដូចជា ប្រទេសម៉ាឡេស៊ី អូស្ត្រាលី អង់គ្លេស និងប្រទេសកម្ពុជា។
លោក XU WENSHUI បានបន្តឲ្យដឹងថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានអភិវឌ្ឍគម្រោងជាង២២០គម្រោង ទ្រព្យសរុបរបស់ក្រុមហ៊ុនមានប្រហែល២៩០ពាន់លានយ័ន និងទទួលបានចំណូលលក់ប្រចាំឆ្នាំលើសពី៨០ពាន់លានយ័ន បានផ្តល់នូវអគារស្នាក់នៅ និងសេវាកម្មដ៏ប្រណីតទៅឱ្យប្រជាជនជាង១លាននាក់ ព្រមទាំងទទួលបានកិត្តិនាមជា “ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំជាងគេទាំង10របស់ប្រទេសចិន” ក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា។
នៅឆ្នាំ2017 R&F ឆ្លើយតបទៅនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចអន្តរជាតិតាមគោលនយោបាយ “ផ្លូវមួយ ខ្សែក្រវាត់មួយ” និងតាមរយៈសក្តានុពលភាពអភិវឌ្ឍទីក្រុងភ្នំពេញ បានជ្រើសរើសយកព្រះរាជាណាចក្រកម្ពុជា ធ្វើជាចំណុចស្នូលក្នុងការអភិវឌ្ឍន៍តំបន់អាស៊ីអាគ្នេយ៍ និងជាខ្លាថ្មីប្រចាំទ្វីបអាស៊ី។ គម្រោង អ& អេហ្វ ហ័រហ្វ៊ូ គឺជាអគារស្នាក់នៅខ្ពស់ជាងគេបំផុតនៅទីក្រុងភ្នំពេញ ដែលមានកម្ពស់174ម៉ែត្រ សរុប57ជាន់ ដែលជាអគារស្នាក់នៅរបស់អភិជនជាន់ខ្ពស់នៅទីក្រុងភ្នំពេញ និងវាពិតជាមានភាពស៊ីគ្នា និងជាការសហការដ៏សក្ដិសមបំផុត។
អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានថ្លែងថា អ្នកវិនិយោគចិនមើលឃើញឳកាសរកប្រាក់ចំណេញបាននៅទីនេះ ដោយសារតម្លៃដីធ្លីនៅទីក្រុងភ្នំពេញ មានភាពសមរម្យនៅឡើយ។ ហេតុនេះវាជាភាពត្រឹមត្រូវដែលពួកគេសម្រេចចិត្តមកវិនិយោគនាពេលនេះ ព្រោះបើពួកគេយឺតពេល គំរោងរបស់ពួកគេមិនអាចរកតម្លៃអចលនទ្រព្យបានល្អនោះទេ។
អ្នកនាងបន្តថា “ពួកគេសម្លឹងទៅអនាគត ដែលបច្ចុប្បន្នជនបរទេសវិនិយោគនិងស្នាក់នៅខុនដូភាគច្រើន តែពេលអនាគតប្រជាជននឹងជំនួសជនបរទេសទាំងនោះ ពួកគេនឹងស្នាក់នៅខុនដូ។ អ្នកនាងបន្តថា “គំរោងរបសចិន ជាគំរោងធំៗ ប៉ុន្តែពួកគេធ្វើឡើងតាមដំណាក់កាល”៕