ដោយៈសុខុម
វៀច័ន្ទន៍: ក្រុមហ៊ុនចិន China Southern Power Grid (CSG) បានចុះកិច្ចព្រមព្រៀងអគ្គិសនី ជាមួយក្រុមហ៊ុនអគ្គិសនីឡាវ (Electricite du Laos- EDL) កាលពីថ្ងៃពុធ ទី៩ មីនា ដើម្បីបង្កើតទីផ្សារអគ្គិសនីរួមគ្នាមួយនៅក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មានឡាវ Laotian Times ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១១ មីនា។
កាសែតចិន Global Times ចុះផ្សាយថា ស្ថានទូតចិន ប្រចាំប្រទេសឡាវ បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១០ មីនា ថា កិច្ចព្រមព្រៀងនេះនឹងជួយប្រទេសឡាវ ធ្វើឱ្យប្រសើរឡើងនូវការផ្គត់ផ្គង់ អគ្គិសនីរបស់ខ្លួន និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនមូលដ្ឋាន តាមរយៈការដោះស្រាយបញ្ហាកង្វះខាតអគ្គិសនី។
ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសឡាវ លោក Jiang Zaidong ថ្លែងថា ទាំងក្រុមហ៊ុន CSG និងក្រុមហ៊ុន EDL សុទ្ធតែជាក្រុមហ៊ុនធំនៅក្នុងឧស្សាហកម្មថាមពលនៃប្រទេសទាំង២ ហើយកិច្ចសហប្រតិបត្តិការថ្មីនេះ នឹងជួយធានាសន្តិសុខថាមពល និងពង្រឹងទំនាក់ទំនងទ្វេភាគី។
លោកបន្តថា “ឡាវ ជាប្រទេសដែលសម្បូរទៅដោយធនធានអគ្គិសនីជាមួយនឹងសមត្ថភាពវារីអគ្គិសនី ដែលដំឡើងបានសរុបជិត១០.០០០មេហ្គាវ៉ាត់ និងការផលិតថាមពលប្រចាំឆ្នាំ ជាមធ្យមជាង៥០ពាន់លានគីឡូវ៉ាត់ម៉ោង (kWh)”។
លោកបានបន្ថែមទៀតថា មានឱកាសច្រើនសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកថាមពលរវាងប្រទេសចិន និងប្រទេសឡាវ។
ទោះជាយ៉ាងណា កាសែតចិន Global Times បានដកស្រង់សម្តីរបស់លោក Lin Boquiang នាយកមជ្ឈមណ្ឌលចិន សម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ចថាមពល (China Center for Energy Economics Research) នៅសកលវិទ្យាល័យចិន Xiamen University ដែលបានលើកឡើងថា “ទោះបីជាប្រទេសឡាវ មានធនធានអគ្គិសនីដ៏សម្បូរបែបយ៉ាងណាក្ដី ក៏ការសាងសង់បណ្តាញបញ្ជូនអគ្គិសនីរបស់ប្រទេសនេះ នៅមានការយឺតយ៉ាវនៅឡើយ”៕ Laotian Times៕