ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបាននិយាយថា នៅក្នុងឆ្នាំ២០១៨នេះ ទ្រព្យសកម្មក្នុងវិស័យធនាគារមានកំនើនដល់១៦០ភាគរយ នៃផលទុនជាតិសរុប(ផសស)។
អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាលោកជា ចាន់តូបានមានប្រសាសន៍ឲ្យដឹងក្នុងវេទិកាស្តីពីអាជីពការងារក្នុងវិស័យធនាគារ និងធានារ៉ាប់រងដែលរៀបចំធ្វើឡើងដោយវិទ្យាស្ថានខេមអេដកាលពីចុងសប្តាហ៍មុនថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០១៨នេះ ទ្រព្យសកម្មវិស័យធនាគារ មានទំហំប្រមាណ១៦០ភាគរយនៃផ.ស.ស ក្នុងនោះឥណទានក្នុងវិស័យឯកជនមានកម្រិត១០០ភាគរយនៃផ.ស.ស និងមានប្រាក់បញ្ញើកម្រិត៩៣ភាគរយ នៃផ.ស.ស ផងដែរ ។ បើប្រៀបធៀបក្នុងរយៈពេល១៥ឆ្នាំមុន ទ្រព្យសកម្មវិស័យធនាគារបានកើនឡើង៤៤ដង។ ចំណែកឥណទានកើនឡើង៨៧ដង និងប្រាក់បញ្ញើរកើនឡើង៤២ដង។ ដោយឡែកទុនបម្រុងអន្តរជាតិវិញបានបន្តពូនជ្រំជាលំដាប់ ដែលបច្ចុប្បន្នអាចធានាការនាំចូលទំនិញ និងសេវាបានប្រមាណរយៈពេល៦ខែ ស្មើនឹង២ដងនៃកម្រិតប្រទេស ដែលកំពុងអភិវឌ្ឍន៍គួរមានដល់៣ខែ។
លោកបន្តថា “សមិទ្ឋិផលទាំងអស់នេះ បានកើតឡើងពីការស្តារ កសាងអភិវឌ្ឍន៍ និងការកែទម្រង់សេដ្ឋកិច្ចជាបន្តបន្ទាប់ ដោយរក្សាបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ និងការអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយប្រសិទ្ធភាព ដែលបានធ្វើឲ្យវិស័យហិរញ្ញវត្ថុរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ”។ លោកបន្តថា “បច្ចុប្បន្នវិស័យធនាគារ ក៏ដូចជាហិរញ្ញវត្ថុមិនមែនធនាគាររួមមាន វិស័យមូលប័ត្រ វិស័យធានារ៉ាប់រង និងសោធន បានចូលរួមចំណែកផ្តល់សេវាហិរញ្ញវត្ថុ បានពង្រីកភាពជឿជាក់ និងភាពច្បាស់លាស់ចំពោះអនាគតប្រជាជន ដែលជាមូលដ្ឋានគ្រឹះ ក្នុងការពង្រីកសិទ្ធិសេរីភាព និងលទ្ធប្រជាធិបតេយ្យនៅកម្ពុជាពិតប្រាកដ”។
នៅក្នុងពីរទសវត្សរ៍ចុងក្រោយនេះ វិស័យធនាគារទទួលបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ បន្ទាប់ពីមានការកែទម្រង់វិស័យធនាគារអំឡុងឆ្នាំ១៩៩៩-២០០០ ព្រមទាំងបានអនុវត្តន៍តាមផែនការអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាល ក្នុងនោះចាប់ពីឆ្នាំ២០០១មក ការអភិវឌ្ឍន៍វិស័យធនាគារមានការរីកចម្រើនមកដល់បច្ចុប្បន្ន។
លោកឆារស៍ វ៉ាន់ប្រធានស្តីទីសមាគមធនាគារកម្ពុជាបានថ្លែងថា ប្រព័ន្ឋធនាគារនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សំគាល់ ទាំងកំនើននៃការដាក់ប្រាក់បញ្ញើរ កំនើននៃការផ្តល់ឥណទាន ដែលស្ថិតក្នុងលក្ខខ័ណ្ឌល្អប្រសើរ និងអាចគ្រប់គ្រងបាន។លោកបន្តថា សុខភាពក្នុងប្រព័ន្ឋធនាគារមានភាពល្អប្រសើរ ទោះជាការប្រកួតប្រជែងកើនឡើង ប៉ុន្តែធនាគារនានាបានបំពេញការងារ ក្នុងលក្ខខ័ណ្ឌប្រកបដោយក្រមសីលធ៌ម។ លោកបន្តថា “ធនាគារបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ព្រោះសេដ្ឋកិច្ចត្រូវការសាច់ប្រាក់ ដើម្បីបង្កើនសកម្មភាពផលិតភាព ហើយធនាគារជាអ្នកបំពេញនូវមូលធនទាំងនោះ”៕