ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលពិភពលោកទាំងមូល បាននិងកំពុងយកចិត្តទុកដាក់លើដំណោះស្រាយបច្ចេកវិទ្យា និងឌីជីថលលើគ្រប់ទិដ្ឋភាព ទាំងសេដ្ឋកិច្ចឌីជីថល (Digital Economy) ពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) ការអភិឌ្ឍវិស័យទេសចរណ៍ឆ្លាតវៃ (Smart Tourism) តើកម្ពុជានឹងទាញយកផលប្រយោជន៍ពីវិស័យនេះយ៉ាងដូចម្តេច។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានលើកឡើង ក្នុងពិធីទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ “វិស័យទេសចរណ៍ និងនិន្នាការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល ដែលបានធ្វើឡើងក្រុងព្រះសីហនុ នៅថ្ងៃទី១ ខែតុលាកន្លងមកថា បដិវត្តន៍ឧស្សាហកម្មទី៤ គឺជាអនាគតនៃការកសាងទេសចរណ៍ទីក្រុងវ័យឆ្លាត ដែលជាផ្នែកមួយដ៏សំខាន់មានការទំនាក់ទំនងគ្នាជាសាកលលើគ្រប់ផ្នែក មិនត្រឹមតែសម្រាប់សកម្មភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាលិករវិសាមញ្ញមួយ សម្រាប់យុគ្គសម័យឌីជីថល និងប្រព័ន្ធវ័យឆ្លាត ដោយផ្តោតសំខាន់ទៅលើឱកាស និងភាពប្រកួតប្រជែង ពោលគឺអ្វីៗគ្រប់យ៉ាងផ្អែកទៅលើបច្ចេកវិទ្យា ដែលជាវេទិកាថ្មីមួយនៃសេវាកម្មទេសចរណ៍ ក្នុងការផ្លាស់ប្តូរគំរូនៃការទំនាក់ទំនងពាណិជ្ជកម្ម ឆ្ពោះទៅការកាត់បន្ថយនូវភាពអវិជ្ជមានសម្រាប់ទេសចរ និងសហគមន៍ទេសចរណ៍។
លោកបន្តថា “និន្នាការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល ផ្តល់អត្ថប្រយោជន៍ និងមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំង ក្នុងឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច។
លោកបន្តថា “វាជាវិធីដ៏ល្អបំផុតដើម្បីលើកកម្ពស់បទពិសោធន៍សម្រាប់ទេសចរ។ ការប្រើប្រាស់ប្រព័ន្ធរួមបញ្ចូលគ្នាវ័យឆ្លាត នៅលើទូរសព្ទដៃកាន់តែពេញនិយមសម្រាប់ទេសចរ ដោយផ្តល់នូវសេវាដ៏មានប្រសិទ្ធភាពខ្ពស់ សម្រាប់ការកក់សំបុត្រមធ្យោបាយធ្វើដំណើរតាមយន្តហោះ រថយន្តក្រុង និងរថភ្លើង កក់បន្ទប់សណ្ឋាគារ ភោជនីយ ដ្ឋាន ការទូរទាត់ប្រាក់តាមប្រព័ន្ធអេឡិកត្រូនិក ទិញទំនិញតាមអនឡាញ កាន់តែងាយស្រួលសម្រាប់ទេសចរ ដោយប្រើតែទូរ ស័ព្ទដៃ និងអ៊ីនធឺណិត គឺអាចធ្វើអ្វីៗបានគ្រប់យ៉ាង។
លោករដ្ឋមន្ត្រីបានបន្ថែមថា ស្របទៅនឹងក្របខ័ណ្ឌតំបន់ និងពិភពលោក នៃនិន្នាការទេសចរណ៍ឆ្ពោះទៅ ប្រព័ន្ធឌីជីថល និងប្រព័ន្ធវ័យឆ្លាត រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ លើផ្នែកបច្ចេកវិទ្យា “ការប្រើប្រាស់នវានុវត្តន៍ និងភាពជឿនលឿនបច្ចេកវិទ្យា សំដៅពង្រឹងសមត្ថភាពកម្ពុជា សម្រាប់សមាហរណកម្មនៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។
ក្នុងបរិការណ៍នេះក្រសួងទេស ចរណ៍កម្ពុជា បាននឹងកំពុងផ្សារភ្ជាប់ចក្ខុវិស័យទេសចរណ៍ឆ្នាំ២០៣០ រួមជាមួយឧស្សាហកម្ម៤.០ ដែលមានលក្ខណៈគ្រប់ ជ្រុងជ្រោយ និងបរិយាប័ន្ន និងការអនុវត្តនូវយុទ្ធសាស្ត្រស្តីពី “ការអភិវឌ្ឍវិស័យទេសចរណ៍វ័យឆ្លាត ដោយបាននឹងកំពុងអនុវត្ត ការចុះបញ្ជីប្រព័ន្ធអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអនឡាញ ប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារ និងភោជនីយដ្ឋានតាមអនឡាញ ប្រព័ន្ធគ្រប់គ្រងមគ្គទ្ទេសក៍ទេសចរណ៍តាមអនឡាញ ប្រព័ន្ធវាយតម្លៃចលនាប្រលងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” តាមប្រព័ន្ធ QR Code និងប្រព័ន្ធទូរស័ព្ទវ័យឆ្លាត (Mobile App) ព្រមជាមួយការរីកចម្រើននៃមធ្យោបាយទូទាត់សម្រាប់ទេសចរ តាមប្រព័ន្ធ QR Code មធ្យោបាយដឹកជញ្ជូនវ័យឆ្លាត (Pass App, Uber, Grab..) នៅក្នុងវិស័យទេសចរណ៍៕