លោកស្រី ហ្រ្គែស រចនី ចែករំលែកក្បួន​ក្នុងការវិនិយោគដើម្បីផលចំណេញខ្ពស់

0

ដោយ៖ សុផារី

ភ្នំពេញ៖ ការវិនិយោគអចលនទ្រព្យ មិនថាការទិញដី ឬទិញលំនៅដ្ឋានសម្រាប់ស្នាក់នៅ ឬទុកលក់យកផលចំណេញវិញនោះទេ គឺទាមទារឲ្យអ្នកទិញ​យកចិត្តទុកដាក់ខ្ពស់លើកត្តាសំខាន់ៗមួយចំនួន។

លោកស្រី ហ្រ្គែស រចនី អគ្កនាយិកានៃក្រុមហ៊ុន Century 21 Cambodia បានលើកឡើងថា ក្នុងការវិនិយោគលើប្រភេទអចលនទ្រព្យដីធ្លីដើម្បីទទួលបាននូវផលចំណេញ អ្នកវិនិយោគមិនគួរអោបក្រសោបទ្រព្យទាំងនោះពេកនោះទេ។

ដើម្បីដោះស្រាយបញ្ហាការបង្វែរសាច់ប្រាក់សម្រាប់ការធ្វើអាជីវកម្ម លោកស្រីបានចែករំលែកប្រភេទនៃការវិនិយោគ អាស្រ័យតាមលទ្ធភាពជាក់ស្តែងរបស់អ្នកវិនិយោគ។

ការវិនិយោគអចលនទ្រព្យបែងចែកជាបីប្រភេទសំខាន់ៗ។ ប្រភេទទី១ គឺ ការវិនិយោគរយៈពេលវែង (Long Term Investment) អាចទទួលបានផលចំណេញចាប់ពីរយៈពេល៥ឆ្នាំឡើងទៅ តាមរយៈការអភិវឌ្ឍនៅក្នុងផែនការមេធំៗ (Master Plan) របស់រាជរដ្ឋាភិបាលកម្ពុជា។

ការវិនិយោគរយៈពេលមធ្យម (Medium Term Investment) ដែលនឹងអាចទទួលបានផលចំណេញត្រលប់មកវិញក្នុងរយៈពេលចាប់ពី៦ទៅមួយឆ្នាំ។ ការវិនិយោគរយៈពេលខ្លី ការវិនិយោគលឿន (Short Term Investment) អាចលក់ចេញក្នុងរយៈពេលចាប់ពី៣ខែទៅ៤ខែ។

លោកស្រីបានមានប្រសាសន៍ថា “ទិញអចលនទ្រព្យហើយ កុំស្រលាញ់អចលនទ្រព្យ”។ ក្នុងន័យនេះលោកស្រីបានន័យថា សម្រាប់ការវិនិយោគ មិនគួរទុកអចលនទ្រព្យយូរពេលនោះទេ ដោយគួរស្វែងរកនូវឱកាសក្នុងការលក់ចេញដើម្បីទទួលបាននូវផលចំណេញ។

លោកស្រីថា “ភាគច្រើនអ្នកទិញខ្លះ ទិញហើយស្រលាញ់ខ្លាំង ទិញហើយអោបអចលនទ្រព្យ ដែលធ្វើឱ្យលំហូរសាច់ប្រាក់ (Cash Flow)មានភាពតឹងតែង”។

លោកស្រីថា “សូមធ្វើការវិនិយោគ ប៉ុន្តែកុំធ្វើឱ្យខ្លួនឯងពិបាក ដោយសារស្រលាញ់ដីពេក ស្រលាញ់ប្រភេទអចលនទ្រព្យពេក រហូតដល់បាត់បង់នូវ Liquidity នៃការដកចេញនូវសាច់ប្រាក់ក្នុងការបង្វិលសាច់ប្រាក់នៃការធ្វើអាជីវកម្មរបស់បងប្អូន”។

លោកស្រីបន្តថា “ទិញស្រលាញ់ពិតមែន តែកុំទិញអោបដី ទិញដើម្បីធ្វើការវិនិយោគដើម្បីរកចំណូល ដើម្បីងាយស្រួលក្នុងការបង្វិលលំហូរសាច់ប្រាក់”។

លោកស្រីបន្ថែមថា “យើងអាចទិញលក់មួយកន្លែង ដែលចំណេញល្មម ហើយយកសាច់ប្រាក់ទៅទិញនៅមួយកន្លែងទៀតបានដើម្បីធ្វើការវិនិយោគបន្តបានដែរ”។

ក្នុងកំឡុងវិបត្តិកូវីដ១៩ ដែលប្រជាជនយើងប្រឈមនឹងការលំបាកក្នុងការលក់ចេញដើម្បីទទួលបាននូវសាច់ប្រាក់ត្រលប់មកវិញ។ លោកស្រីណែនាំការវិនិយោគប្រភេទទី២និងទី៣ ព្រោះទីផ្សារល្អតែងតែទទួលបានផលចំណេញ តែក្នុងកាលៈទេសៈលំបាកជាពិសេសប្រភេទអចលនទ្រព្យដែលមានទំហំធំៗតម្លៃចាប់ពី៥លានដុល្លាអាមេរិកឡើងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here