តើប្រជាពលរដ្ឋក្រុងភ្នំពេញត្រៀមខ្លួនដូចម្តេច នៅសម្រាប់ទីក្រុងនេះមានមនុស្សរស់នៅជាង៦លាននាក់នៅឆ្នាំ២០៣០

0

ដោយៈជេស៊ីកា

ភ្នំពេញៈ កំនើនប្រជាពលរដ្ឋ និងលំហូរចូលរបស់ប្រជាពលរដ្ឋពីជន​បទមកកាន់រាជធានីភ្នំពេញ ចន្លោះពី ២៥ទៅ៣០ម៉ឺននាក់ក្នុងមួយឆ្នាំ នឹងធ្វើឲ្យទីក្រុងនេះជន់ជោរដោយមនុស្ស ជាមួយកំណើនការកកស្ទះចរាចរណ៍ដ៏អាក្រក់បំផុត។

សេនារីយោនេះ ហាក់មិនត្រូវបានផ្តោតការយកចិត្តទុកដាក់ខ្លាំង ពីថ្នាក់ដឹកនាំទីក្រុងនេះនៅឡើយទេ ព្រោះបញ្ហាអប់រំច្បាប់ចរាចរណ៍នៅមានកំរិត ដោយសារការដាក់បន្ទុកគ្នាទៅវិញទៅមក ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ពិសេសស្ពានអាកាសមួយចំនួន ដែលមិនអាចជួយសម្រួលចរាចរណ៍បាន ការកសាងផែនការមេ និងប្លង់គោលប្រើប្រាស់ដីលំអិត និងផែនការហេដ្ឋារចនាសម្ព័ន្ឋលំអិត ការបែងចែកហ្សូនសំរាប់ការសាងសង់ នៅតែគ្មានភាពច្បាស់លាស់ នឹងជាបញ្ហាប្រឈមធំមួយនាពេលអនាគត។

ការបើកបរប្រជែងគ្នា ដោយមិនគោរពខ្សែផ្លូវឬគំនូសផ្លូវរបស់ខ្លួន បានធ្វើឲ្យការធ្វើដំណើរ និងស្ថានភាពចរាចរណ៍ឥតសណ្តាប់ធ្នាប់ មានសភាពអាក្រក់បំផុត បើធៀបនឹងទីក្រុងនានាក្នុងតំបន់អាស៊ាន។

យោងតាមការសិក្សារបស់វិទ្យាស្ថានស្ថិតិបានបង្ហាញថា ចំនួនប្រជាពលរដ្ឋកម្ពុជា នឹងអាចកើ់នដល់ប្រមាណ១៨លាននាក់ នៅឆ្នាំ២០៣០ ហើយក្នុងចំណោមប្រជាជនទាំងនេះ មានចំនួន៣៦,៣ភាគរយ នឹងរស់នៅទីក្រុងភ្នំពេញ។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia ដែលបានសិក្សាស្រាវជ្រាវពីទីផ្សារ និងបទពិសោធន៍មួយចំនួននៅតាមទីក្រុងក្នុងតំបន់បានមានប្រសាសន៍ថា រដ្ឋាភិបាលគួររៀបចំហ្សូនីង ឲ្យបានឆាប់រហ័ស ដើម្បីជម្រុញឲ្យការរៀបចំសាងសង់ និងផែនការដាក់ចេញនូវតំបន់ណាគួរសាងសង់អ្វី តំបន់ណាមិនគួរសាងសង់អគារខ្ពស់ៗជាដើម ដើម្បីធានាថាទីក្រុងនេះ រីកចម្រើនប្រកបដោយនិរន្តរភាព និងធ្វើឲ្យមានសុខមាលភាពសំរាប់ប្រជាពលរដ្ឋ។

អ្្នកស្រីបានបន្តថា “”បើធៀបនឹងទីក្រុងនានាក្នុងតំបន់ ចំនួនប្រជាពល​រដ្ឋកម្ពុជាគិតជាគីឡូម៉ែត្រ គឺមានចំនួនតិចនៅឡើយ ប៉ុន្តែរបៀបរបប​នៃការធ្វើដំណើរមានសភាពរញ៉េរញ៉ៃ និងកកស្ទះខ្លាំង”។

ជាមួយនឹងការមិនអើពើពីបណ្តាញផ្សព្វផ្សាយនានា ក្នុងការចូលរួមលើកកំពស់គុណភាពជីវិត ចូលរួមអប់រំសាធារណៈជន លើរបៀបរបបនៃកាេរប្រើប្រាស់ផ្លូវ បានធ្វើឲ្យការធ្វើដំណើរលើដងផ្លូវនានា នៅទីក្រុងភ្នំពេញ មានសភាពអាណាធិបតេយ្យគួរឲ្យខ្មាស់អៀន។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia ដែលបានសិក្សាតាមដានពីនិន្នាការអភិវឌ្ឍន៍ទីក្រុង និងការរីកចម្រើននៃវិស័យអ​ចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ក្រសួងសាធារណ​ៈការ និងផ្នែកជំនាញនិមួយៗ ដែលពាក់ព័ន្ឋមានសារៈសំខាន់ណាស់ ដើម្បីអប់់រំប្រជាពលរដ្ឋពីរបៀបនៃការធ្វើដំណើរ និងការប្រើប្រាស់ផ្លូវឲ្យបានត្រឹមត្រូវ។

លោកបន្តថា “ប្រសិនជាស្ថានភាពនីបន្តអាក្រក់បែបនេះ កំណើននៃ​ការកកស្ទះចរាចរណ៍ នឹងកាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនាំឲ្យប្រជាពលរដ្ឋខាតបង់ពេលវេលា ប្រាក់កាសកាន់តែច្រើននៅលើដងផ្លូវ”។​លោកបន្តថា “រដ្ឋបាលរាជធានីភ្នំពេញ គួរសិក្សាពីផែនការមេរបស់ខ្លួនឡើងវិញ និងមានចក្ខុវិស័យច្បាស់លាស់ ដើម្បីកសាងទីក្រុងនេះមានភាពស៊ីវិល័យ និងគួរមានផែនការសាងសង់ ហេដ្ឋារចនាសម្ព័ន្ឋជាក់លាក់ និងរយៈពេលវែង ជាជាងរង់ចាំអង្គុយដោះស្រាយបញ្ហាមិនចេះចប់ មិនចេះហើយ”។

លោកយិន លាងគង់ បានបន្តថា ដោយសារការរីកចម្រើនសេដ្ឋកិច្ចយ៉ាងលឿន ក្នុងរយៈពេលលពីរទសវត្សរ៍ចុងក្រោយនេះ បានធ្វើឲ្យវិស័យឯកជនដើរនាំមុខវិស័យសាធារណៈ ដែលនេះជាបញ្ហាមួយដែលបាននិងកំពុងកើតមានសព្វថ្ងៃនេះ ជាក់ស្តែងបុរីរីកកាន់តែទៅកាន់ជាយក្រុង ប៉ុន្តែកង្វះហេដ្ឋារចនាសម្ព័ន្ឋក្រោមដី កង្វះទឹកស្អាត និងកង្វះការរៀបចំបណ្តាញ និងថាមពលអគ្គិសនីឲ្យមានគុណភាព បានក្លាយជាបញ្ហាដដែលៗមួយ ដែលមិនអាចដោះស្រាយបានទាន់ពេលវេលា។

លោកបន្តថា “ការមានថ្នាក់ដឹកនាំរាជធានី ដោយមានជំនាញផ្នែកនគរូបនីយកម្មត្រឹមត្រូវ ជាមនុស្សដែលមានចក្ខុវិស័យច្បាស់លាស់ គួរត្រួវបានយកចិត្តទុកដាក់”។ លោកបន្តថា “ការពិតថ្នាក់ដឹកនាំរាជធានីភ្នំពេញ ពីមួយជំនាន់ទៅមួយជំនាន់បានធ្វើល្អច្រើនហើយ ប៉ុន្តែការមានផែនការ មានការគិតពីសុខមាលភាពសង្គម មានគំនិតអភិវឌ្ឍន៍ប្រកបដោយការទទួលខុសត្រូវ គួរតែត្រូវជ្រើសរើសជាអាទិភាព សម្រាប់ឋានៈនិងតួនាទីក្នុងការដឹកនាំ ទីក្រុងដែលជាបេះដូងរបស់ប្រទេសជាតិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here