ដោយៈ ម៉ាណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម និងផ្នែកឯកជនបានបើកកិច្ចប្រជុំពិភាក្សា លើការបង្កើតសហព័ន្ឋស្វាយចន្ទីកម្ពុជា ដើម្បីសម្របសម្រួល និងជម្រុញការនាំចេញ។
កិច្ចប្រជុំនេះ ដឹកនាំដោយលោកវ៉ា រុតសានរដ្ឋលេខាធិការក្រសួង ក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការចំពោះកិច្ច ដើម្បីសិក្សា និងរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជា និងមន្រ្តីពាក់ព័ន្ឋ។
កិច្ចប្រជុំនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម លោកប្រធាន និងមន្រ្តីជំនាញមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងខេត្តឧត្តរមានជ័យ តំណាងមន្ទីរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តបាត់ដំបង តំណាងអង្គការ/គម្រោងដៃគូ និងតួអង្គខ្សែច្រវាក់តម្លៃស្វាយ មកពីខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបង្ហាញអំពីលក្ខណៈសម្បត្តិរបស់សហព័ន្ធ និងបង្ហាញអំពីវឌ្ឍនភាពនៃដំណើរការក្នុងការបង្កើតសហព័ន្ធស្វាយកម្ពុជា ព្រមទាំងកៀរគរតួអង្គខ្សែច្រវាក់តម្លៃស្វាយ ចូលរួមក្នុងការបង្កើតសហព័ន្ធស្វាយកម្ពុជា រួមទាំងពិភាក្សា និងប្រមូលធាតុចូល លើសេចក្តីព្រាងលក្ខន្តិកៈ របស់សហព័ន្ធស្វាយកម្ពុជា ពីអ្នកចូលរួមក្នុងសិក្ខាសាលាផងដែរ៕