ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញជើងចាស់ ក្នុងវិស័យអចលនទ្រព្យបានលើកនូវបញ្ហាប្រឈម និងចំណុចគួរបំពេញបន្ថែមជាច្រើន ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia អ្នកស្រីអាន សុធីតា បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ការផ្គត់ផ្គង់នៅក្នុងទីផ្សារនេះ មិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែអ្វីដែលត្រូវបំពេញបន្ថែម គឺត្រូវមាន Master Plan ទីក្រុង និង Master Plan គំរោងនិមួយៗ ហើយអ្នកអភិវឌ្ឍន៍៍បានសាងសង់គំរោង ដោយមិនបានគិតគូពី Green Space និងគំរោងអភិវឌ្ឍន៍មួយចំនួនមានទំហំធំៗ ពិសេសការឌីសាញមានភាពស្រដៀងៗគ្នា។
អ្នកស្រីបន្តថា “អ្នកអភិវឌ្ឍន៍បានផ្តោតលើអ្វី ដែលពួកគាត់ចង់ធ្វើ ជាជាងធ្វើការសិក្សា ពីអ្វីដែលអតិថិជនត្រូវការ ដែលនេះជាចំណុចចន្លោះប្រហោងនៅក្នុងវិស័យនេះ”។ អ្នកស្រីបន្តថា “អ្វីដែលគួរបំពេញបន្ថែម គឺគុណភាពនៃការអប់រំ ដែលគួរបំពេញបន្ថែម ដើម្បីបណ្តុះធនធានមនុស្សមានគុណភាព”។
អ្នកស្រីបានបន្តថា អ្នកវិនិយោគគួរផ្តោត លើការវិនិយោគលើការអប់រំ ប៉ុន្តែរក្សាបាននូវតម្លៃសមរម្យ មានមន្ទីរពេទ្យ ដែលមានសេវាកម្មស្្តង់ដាអន្តរជាតិ គួរមានការវិនិយោគលើលំនៅដ្ឋាន សំរាប់ការចូលនិវត្តន៍ស្តង់ដាអន្តរជាតិជាដើម។
ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា បើយើងក្រឡេកមើលប៉ូលទាំង៤ មានភាពរីកចម្រើន និងមានការរៀបចំបានល្អប្រសើរបណ្តើរៗហើយ ប៉ុន្តែចំណុចគួរបំពេញបន្ថែម ដូចជា នៅរាជធានីភ្នំពេញ មិនទាន់មានការបញ្ចូលបញ្ជីរឈ្មោះក្បាលដី ដែលអាចយកមកប្រើប្រាស់បាននៅឡើយ។
លោកបន្តថា “ការមានប្រព័ន្ឋចុះបញ្ជីរក្បាលដីទូទាំងប្រទេស ដែលភ្នាក់ងារនានាអាចរកបាន និងផ្តល់ផលចំណេញដល់រដ្ឋាភិបាល និងភ្នាក់ងារ ព្រោះធ្វើឲ្យការទិញ លក់ចំណាយពេលតិចជាងមុន និងធ្វើឲ្យរាជរដ្ឋាភិបាលងាយគ្រប់គ្រង និងប្រមូលពន្ឋបានកាន់តែច្រើន”។
លោកបន្តថា “ផលប៉ះពាល់នៅក្នុងទីផ្សារទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត គឺអត្រាការប្រាក់របស់ស្ថាប័នហិរញ្ញវត្ថុនានាខ្ពស់នៅឡើយ ប៉ុន្តែបើយើងមានអត្រាកាេប្រាក់ទាបជាងនេះ នឹងជួយពង្រិកសក្តានុពលវិស័យនេះ ក៏ដូចជាជួយជម្រុញកំនើនសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរឡើង”៕