ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Vnexpress បានរាយការណ៍ថា អត្រាផលចំណេញពីការជួលអាផាតមុិនជាមធ្យម(Rental Yield) នៅទីក្រុងហាណូយនៃប្រទេសវៀតណាមស្ថិតក្នុងរង្វង់ប្រហែល៣,៤ភាគរយនាពេលបច្ចុប្បន្ន។
តួលេខនេះមានកម្រិតទាបជាងអត្រាការប្រាក់លើការដាក់ប្រាក់បញ្ញើនៅធនាគារ និងទាបជាងផលចំណេញពីការជួលអាផាតមុិនក្នុងទីក្រុងរបស់បណ្តាប្រទេសអាស៊ីផ្សេងទៀត។
យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE បានឱ្យដឹងថា អត្រាផលចំណេញពីការជួលអាផាតមុិនជាមធ្យមនៅទីក្រុងហាណូយកាលពីឆ្នាំ២០២៣ ស្ថិតក្នុងរង្វង់៥,១ភាគរយ។ នេះមានន័យថា ផលចំណេញបានថយចុះ។
ក្រុមហ៊ុម CBRE បានគូសបញ្ជាក់ថា បច្ចុប្បន្ន អត្រាផលចំណេញពីការជួលអាផាតមុិនជាមធ្យមនៅទីក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេសុីស្ថិតក្នុងរង្វង់៥,១ភាគរយ ខណៈអត្រាផលចំណេញពីការជួលអាផាតមុិនជាមធ្យមនៅទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូងស្ថិតក្នុងរង្វង់៤,៣ភាគរយ។
នៅទីក្រុងហាណូយ តម្លៃអាផាតមុិនជាមធ្យមមានទំហំទឹកប្រាក់ចំនួន៧០លានដុង (ប្រមាណ២៦៤៨,២៥ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ បន្ទាប់ពីបានហក់ឡើងចន្លោះពី៣០ភាគរយទៅ៤០ភាគរយជារៀងរាល់ឆ្នាំ ខណៈតម្លៃជួលបានកើនឡើងត្រឹមតែ៨ភាគរយទៅ១០ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ។
លោក Vo Huynh Tan Kiet ប្រធានផ្នែកទីផ្សារលំនៅដ្ឋាននៅក្រុមហ៊ុន CBRE Vietnam បានលើកឡើងថា ប្រាក់ចំណូលពីការជួលមិនមែនជាអាទិភាពចម្បងសម្រាប់អ្នកទិញអាផាតមិននោះទេ ហើយពួកគេផ្តោតលើការហក់ឡើងថ្លៃនៃតម្លៃអាផាតមុិន៕ប្រភព: Vnexpress ៕