ការសិក្សា: តំបន់អាស៊ាននឹងនាំមុខគេក្នុងការជំរុញកំណើននៃការអភិវឌ្ឍន៍លំនៅដ្ឋានម៉ាកល្បីទូទាំងតំបន់អាសុីប៉ាសុីហ្វិក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ន Savills បង្ហាញថា តំបន់អាស៊ីប៉ាស៊ីហ្វិក (Apac) នឹងសម្រេចបានអត្រាកំណើននៃការអភិវឌ្ឍន៍លំនៅដ្ឋានម៉ាកល្បី(Branded residence)ក្នុងអត្រា១៨០ភាគរយនៅឆ្នាំ២០៣១ខាងមុខ។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills បានកត់​សម្គាល់​ថា តំបន់អាស៊ាននឹង​ក្លាយ​ជា​ក្បាលម៉ាស៊ីន​កំណើន​ដ៏​សំខាន់​មួយ​ ដោយ​មាន​ប្រទេសវៀតណាម និង​ប្រទេសឥណ្ឌូនេស៊ី​ ជា​ប្រទេសនាំ​មុខ​គេ​នៅក្នុង​ការ​អភិវឌ្ឍ​ន៍។

លោក Otto Twist នាយកទទួលបន្ទុកផ្នែកលក់លំនៅដ្ឋានអន្តរជាតិប្រចាំតំបន់អាស៊ាននៅក្រុមហ៊ុន Savills Singapore បានអះអាងថា “តំបន់អាស៊ាននៅតែបន្តជាគោលដៅសំខាន់សម្រាប់ការវិនិយោគលើលំនៅដ្ឋានម៉ាកល្បី និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីអតិថិជនមកពីចិនដីគោក និងកោះហុងកុង”។

ទីក្រុងហុងកុងនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចាក់បញ្ចូលដើមទុនវិនិយោគពីក្រៅប្រទេសទៅកាន់តំបន់អាស៊ាន ដោយសារការកើនឡើងនៃតម្រូវការពីបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងការិយាល័យគ្រួសារ(Family office)។

លោកស្រី Louis Keighley ប្រធានផ្នែកប្រឹក្សាយោបល់លើការអភិវឌ្ឍន៍លំនៅដ្ឋានសកលនៅក្រុមហ៊ុន Savills បានលើកឡើងថា “កំណើននៃការអភិវឌ្ឍន៍លំនៅដ្ឋានម៉ាកល្បីៗនៅក្នុងតំបន់អាសុីប៉ាសុីហ្វិក អាចនឹងវ៉ាដាច់តំបន់អាមេរិកខាងជើង”។

លំនៅដ្ឋានម៉ាកល្បី(Branded Residence) ជាប្រភេទអចលនទ្រព្យលំនៅដ្ឋាន ដូចជា អាផាតមុិន ខុនដូ ឬវីឡា ដែលត្រូវបានអភិវឌ្ឍន៍ ធ្វើទីផ្សារ ឬត្រូវបានគ្រប់គ្រងរួមគ្នារវាងបណ្តាអ្នកអភិវឌ្ឍន៍ជាមួយនឹងបណ្តាក្រុមហ៊ុនសណ្ឋាគារល្បីៗ។

ក្នុងន័យនេះ ក្រុមហ៊ុនសណ្ឋាគារផ្តល់អាជ្ញាបណ្ណដល់អ្នកអភិវឌ្ឍន៍លំនៅដ្ឋានដើម្បីអាចប្រើប្រាស់ឈ្មោះម៉ាកយីហោសណ្ឋាគាររបស់ខ្លួន ដោយកំណត់ស្តង់ដារនៃការរចនា និងសេវាកម្ម ព្រមទាំងមើលការខុសត្រូវលើសន្តិសុខ និងគ្រឿងបរិក្ខារនានា៕ប្រភព: Edgeprop៕

LEAVE A REPLY

Please enter your comment!
Please enter your name here