ដោយៈគង់ សូរិយា
ភ្នំពេញៈ អចលនទ្រព្យដែលមានបញ្ហា ហើយត្រូវតុលាការលក់ឡៃឡុងគួរវិនិយោគឬទិញឬទេ? និងមានផលចំណេញដូចម្តេច និងហានិភ័យបែបណា?។
ភាគច្រើននៃអ្នកវិនិយោគ តែងស្ទាក់ស្ទើរមិនហ៊ានទិញដី ឬផ្ទះ ដែលដាក់លក់ឡៃឡុងដោយតុលាការ ដោយគិតថាពួកគេនឹងជួបហានិភ័យពាក់ព័ន្ធនឹងផ្លូវច្បាប់ជាក់ជាមិនខាន ទោះបីអចលនទ្រព្យទាំងនោះមានតម្លៃទាបទីផ្សារក៏ដោយ។
ដើម្បីសិក្សាពីទិដ្ឋភាពនេះ យើងគួរសិក្សា និងសួរសំណួរបែបនេះ គឺតើអចលទ្រព្យលក់ឡៃឡុងពីតុលាការគឺជាអ្វី? បើចង់ទិញអាចជួបហានិភ័យឬទេ?។
អចលនទ្រព្យលក់ឡៃឡុងពីតុលាការ ឬហៅម៉្យាងទៀតថាអចលនទ្រព្យជាប់បំណុល គឺជាអចលនទ្រព្យដែលម្ចាស់ដើម យកមកប្រើប្រាស់ ដើម្បីធានាបំណុល ប៉ុន្តែម្ចាស់ដើមមិនអាចសងបំណុលបាន ទើបត្រូវមានរឿងរ៉ាវប្ដឹងឡើងតុលាការ។
ការលក់ឡៃឡុងនេះ ជាការដាក់លក់ដោយបង្ខំ ក្រោមសេចក្តីសម្រេចរបស់តុលាការ ដោយភាគច្រើនគឺលក់ក្រោមតម្លៃទីផ្សារ និងបើកឱកាសឱ្យសាធារណជនជាទូទៅអាចដេញថ្លៃទិញបាន។
ដូច្នេះ ក្នុងនាមជាអ្នកវិនិយោគលើអចលនទ្រព្យទូទៅ តើយើងគួរចូលរួមទិញអចលនទ្រព្យលក់ឡៃឡុងនោះទេ។ តើវាមានគុណសម្បត្តិ និងគុណវិបត្តិយ៉ាងណាខ្លះ?។
ចំណុចល្អដំបូងបង្អស់ គឺតម្លៃ ដែលភាគច្រើនគឺលក់ក្នុងតម្លៃទាប ដូច្នេះបើអ្នកហ៊ានទិញ យកមកលក់បន្តគឺអាចមានផលចំណេញខ្ពស់។
ប៉ុន្តែ ចំណុចសំខាន់ដែលអ្នកទិញត្រូវគិតគឺប្រភេទ និងសក្ដានុពលរបស់អចនទ្រព្យនោះ។
ឧទាហរណ៍ បើជាដី ត្រូវមើលថាទីតាំងល្អ ឬទេ? អាចលក់បានថ្លៃឬទេនៅពេលអនាគត? ហើយបើជាផ្ទះ ត្រូវមើលថាសភាពទ្រុឌទ្រោមកម្រិតណា អាចមានឱកាសកែច្នៃហើយលក់ចំណេញឬទេ។
ការទិញអចលនទ្រព្យលក់ឡៃឡុងពីតុលាការ គឺឱកាស តែអ្នកវិនិយោគគួរតែគិតពីកត្តាផ្សេងៗដែរ ដូចជា កត្តាទីតាំងភូមិសាស្រ្ត បញ្ហាប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង ឬប្លង់ទន់) កត្ដាដង់ស៊ីតេប្រជាជន កត្តាហេដ្ឋារចនាសម្ព័ន្ធ ហើយនឹងផែនការអាជីវកម្ម ចំពោះអចលនទ្រព្យ ដែលអ្នកចង់វិនិយោគ។
លើសពីនេះ បើតាមផ្លូវច្បាប់ ការទិញអចលនទ្រព្យប្រភេទនេះ គឺគ្មានហានិភ័យអ្វីទេ ព្រោះអ្នកទិញផ្ទាល់ពីតុលាការ ដូច្នេះអ្នកទិញនឹងមានសិទ្ធស្របច្បាប់លើអចលនទ្រព្យនោះយ៉ាងត្រឹមត្រូវ។
ទោះជាយ៉ាងណាក្ដី បើវិភាគឱ្យជ្រៅ ក៏នៅមានហានិភ័យដែលមើលមិនឃើញមួយចំនួន ដែលអ្នកទិញត្រូវពិចារណា។
យោងតាមមេធាវីជំនាញផ្នែកអចលនទ្រព្យ ដែលបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បញ្ហាចោទដែលតែងតែជួបប្រទះ ជាញឹកញាប់គឺ ម្ចាស់ដើមមិនព្រមចេញពីអចលនទ្រព្យនោះ ទោះមានការផ្ទេរកម្មសិទ្ធិរួចហើយក្ដី។
ពេលខ្លះម្ចាស់ដើមអាចបង្កចលាចល មិនយល់ស្របនឹងសេចក្ដីសម្រេចតុលាការ។ បញ្ហានេះធ្វើឱ្យអ្នកវិនិយោគខាតពេលដោះស្រាយ។
លើសពីនេះ បញ្ហាមួយទៀត ប៉ុន្ដែគឺមិនជួបប្រទះញឹកញ៉ាប់នោះទេ គឺកូនបំណុល ដែលត្រូវបានតុលាការរឹបអូសផ្ទះ មិនយល់ស្របនឹងសេចក្ដីសម្រេច ហើយចង់សើរើប្ដឹងបន្ត ដែលនេះក៏អាចបង្កជាបញ្ហាស្មុគស្មាញដល់អ្នកទិញបានផងដែរ។
បើថ្លឹងថ្លែងមើលពីគុណសម្បត្តិ និងគុញវិបត្តិ ការទិញទ្រព្យប្រភេទនេះ អ្នកត្រូវតែមានការប្រុងប្រយ័ត្នឱ្យខ្ពស់ ប៉ុន្តែបើទិញហើយ លក់ចេញវិញបានលឿន គឺនឹងចំណេញបានច្រើន។ និយាយឱ្យខ្លី អ្នកទិញត្រូវមានចំណេះជំនាញក្នុងប្រព័ន្ធតុលាការ និងជាពិសេសត្រូវមានសាច់ប្រាក់បង្វិលខ្ពស់ ដើម្បីចាប់យកឱកាសនេះបាន។
សម្រាប់អ្នកវិនិយោគទូទៅ ក៏អាចទិញបានដូចគ្នា តែគួរតែពិភាក្សាជាមួយភ្នាក់ងារជំនាញ ដើម្បីកាត់បន្ថយហានិភ័យពីការវិនិយោគអចលនទ្រព្យបែបនេះ៕